ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្
ស ១១នាក់ រួមទាំងទារកក្នុងផ្ទៃ កក្រើកនៅខេត្តបាត់ដំបង និងខេត្តកំពង់ធំ មហាជនថា ការវាយខ្នោះ ហាក់មានល្បឿនខុសគ្នា
កំពង់ធំ -បាត់ដំបង៖ ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ ចុងខែមីនា ឆ្នាំ២០២៦នេះ គ្រោះថ្នា-ក់ចរាចរណ៍ដ៏រន្ធត់ ចំនួន ២ករណីធំៗ បានកើតឡើងក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលបានឆក់យកជី-វិ-ត មនុស្សសរុប ១១នាក់ (រួមទាំងទារកក្នុងផ្ទៃ)។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន គឺចំណាត់ការច្បាប់ទៅលើជនបង្ក ដែលហាក់មានសន្ទុះខុសគ្នា។
ករណីនៅខេត្តកំពង់ធំ យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៣០ ខែមីនានេះ ការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តដឹកស្វាយម្នាក់ ទៅកាន់សាលាដំបូងខេត្ត បន្ទាប់ពីបានបង្កគ្រោះថ្នាក់បុកអ្នកថ្មើរជើងស្លាប់ ៥នាក់ កាលពីព្រឹកថ្ងៃទី២៩ មីនា ក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក។
ជនបង្កឈ្មោះ វេង គ្រីស្នា អាយុ ៣០ឆ្នាំ ត្រូវបានសមត្ថកិច្ចឃា-ត់ខ្លួនភ្លាមៗក្រោយកើតហេតុ។ ក្នុងករណីនេះ សាធារណជន សង្កេតឃើញថា សមត្ថកិច្ចអនុវត្តច្បាប់បានរហ័ស ដោយប្រើរយៈពេលមិនដល់ ២៤ម៉ោងផង ជនបង្កត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីតុលាការ។
ចំណែកករណីនៅខេត្តបាត់ដំបង ជនបង្កបើករថយន្តស៊េរីទំនើបម៉ាក Mercedes Benz AMG GT53 ពាក់ផ្លាកលេខ កម្ពុជា C.S.6168 បានបុកម៉ូតូ ២គ្រឿងពេញទំហឹង ដែលបណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ (រួមទាំងស្ត្រីមានផ្ទៃពោះ) កើតឡើងកាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ផ្ទុយពីករណីនៅកំពង់ធំ ជនបង្កក្នុងហេតុការណ៍នេះ បានរត់គេចខ្លួនបាត់ស្រមោល។ ទោះបីជាសមត្ថកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ មានទីលំនៅនៅខណ្ឌមានជ័យ រាជធានីភ្នំពេញក៏ដោយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការឃាត់ខ្លួន ឬវាយខ្នោះជនបង្ករូបនេះនៅឡើយទេ។ សមត្ថកិច្ចបញ្ជាក់ថា កំពុងស្ថិតក្នុងដំណាក់កាលកោះហៅ ដើម្បីបញ្ជាក់ថា តើបុគ្គលនេះជាអ្នកបើកបរផ្ទាល់ ឬយ៉ាងណា។
មហាជនកំពុងដាក់ជាមន្ទិល និងរង់ចាំមើលយ៉ាងអន្ទះសារថា តើចំណាត់ការច្បាប់របស់អាជ្ញាធរខេត្តបាត់ដំបង នឹងមានប្រសិទ្ធភាពដូចអាជ្ញាធរខេត្តកំពង់ធំដែរឬទេ? ខណៈដែលករណីនៅកំពង់ធំ អ្នកបើកបររថយន្តដឹកទំនិញត្រូវបានបញ្ជូនទៅតុលាការយ៉ាងលឿន ប៉ុន្តែករណីរថយន្តស៊េរីទំនើបនៅបាត់ដំបង ដែលបណ្តាលឱ្យស្លាប់មនុស្សច្រើនជាង បែរជាជនបង្កមានឱកាសគេចខ្លួន និងមិនទាន់ត្រូវបានវាយខ្នោះ។
តើយុត្តិធម៌នឹងត្រូវបានផ្តល់ជូនក្រុមគ្រួសារសពទាំង ៦នាក់ នៅខេត្តបាត់ដំបង បានឆាប់រហ័សកម្រិតណា? នេះគឺជាសំណួរដែលមហាជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចង់ឃើញការអនុវត្តច្បាប់ដ៏ស្មើភាពមួយ ចំពោះមុខគ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតមនុស្សជាច្រើននាក់បែបនេះ៕



Comments