Serey is utilizing Blockchain technology

ស្ត្រីញៀនថ្នាំម្នាក់លួចម៉ូតូ

😂 ស្ត្រីញៀនថ្នាំម្នាក់លួចម៉ូតូ


សណ្តោងរ៉ឺម៉កអ្នកភូមិយកទៅបញ្ចាំបាន ៣០០ដុល្លារ តែមិនរួចខ្លួនព្រោះជាប់កាមេរ៉ាសុវត្ថិភាព


ស្ត្រីម្នាក់ដោយសារតែគ្មានលុយទិញថ្នាំញៀនប្រើប្រាស់ បានប្រព្រឹត្តអំពើចោរកម្មយ៉ាងគឃ្លើនដោយលួចយកម៉ូតូសណ្តោងរ៉ឺម៉ករបស់អ្នកភូមិទាំងកណ្តាលថ្ងៃយកទៅបញ្ចាំបានប្រាក់ចំនួន ៣០០ដុល្លារ តែត្រូវសមត្ថកិច្ចក្របួចជាប់វិញក្រោយឆែកកាមេរ៉ាសុវត្ថិភាព។


ហេតុការណ៍លួចនេះបានកើតឡើងកាលពីវេលាម៉ោង ១៣ និង ៣០នាទីរសៀល ថ្ងៃទី ៣០ មីនា ឆ្នាំ ២០២៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាពៅ(១) សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។


ដំណើររឿងនៃអំពើចោរកម្មនេះ គឺផ្តើមឡើងបន្ទាប់ពីជនរងគ្រោះឈ្មោះ លី ហ្វាអ៉ីសាស (ស្រី, ៣៨ឆ្នាំ) ជាជនជាតិខ្មែរឥស្លាម និងមានមុខរបរលក់ដូរ បានត្រឡប់មកពីលក់សាច់គោវិញ ហើយបានទុករ៉ឺម៉កម៉ូតូ ១គ្រឿងនៅមុខផ្ទះ រួចដើរចូលទៅខាងក្នុងបាត់។ ឆ្លៀតឱកាសនោះ ជនសង្ស័យឈ្មោះ សៃនី សាទី (ស្រី, ២៩ឆ្នាំ) ជាជនជាតិខ្មែរឥស្លាម និងមានទីលំនៅក្នុងភូមិជាមួយគ្នា បានចូលមកធ្វើសកម្មភាពលួចជិះម៉ូតូរ៉ឺម៉កនោះចេញទៅបាត់ដោយសុវត្ថិភាព។


ក្រោយពេលកើតហេតុ ពេលចេញមកវិញបាត់ម៉ូតូរ៉ឺម៉ក ជនរងគ្រោះបានឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏ចំណាំភិនភាគជនសង្ស័យបានយ៉ាងច្បាស់ រួចក៏ប្រញាប់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យបានតែម្តង។ ក្រោយការឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានសារភាពទម្លាយរឿងក្តីថា ខ្លួនពិតជាបានលួចម៉ូតូរ៉ឺម៉ករបស់ជនរងគ្រោះប្រាកដមែន ដោយបានយកទៅដាក់បញ្ចាំឲ្យគេនៅឯសង្កាត់ចោមចៅបានប្រាក់ចំនួន ៣០០ដុល្លារ ដើម្បីយកលុយទៅទិញថ្នាំញៀនប្រើប្រាស់ ខណៈលទ្ធផលនៃការធ្វើតេស្តទឹកនោមរបស់ស្ត្រីរូបនេះក៏មានផ្ទុកសារធាតុញៀន(+)ផងដែរ។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈវត្ថុតាងម៉ូតូសណ្តោងរ៉ឺម៉កចំនួន ១គ្រឿង ត្រូវបានកម្លាំងនគរបាលដកហូតយកមកប្រគល់ជូនជនរងគ្រោះវិញ។


#news

#communitysupport

#socialconnections

258.475 SRY$0.00
Laughing Doll

Comments