អរោគសាលាឬមន្ទីរពេទ្យក្រពុំឈូក
ផ្អែកតាមសិលាចារឹក ព្រះបាទជ័យវរ្ម័នទី៧ មានព្រះរាជបន្ទូលថា «ទុក្ខរបស់ប្រជានុរាស្ដ្រគឺជាទុក្ខរបស់ព្រះមហាក្សត្រ» ហើយដើម្បីជំរុញលទ្ធិព្រះពុទ្ធសាសនាមហាយានដែលជាសាសនារបស់រដ្ឋព្រះមហាក្សត្រអង្គនេះបានកសាងបូជនីយដ្ឋានជាច្រើនដូចជា អរោគសាលា ឬមន្ទីរពេទ្យធម្មសាលា ឬផ្ទះសំណាក់ ព្រមទាំងចម្លាក់តំណាងឲ្យព្រះពោធិសត្វអវលោកេស្វរៈជាច្រើនដើម្បីអភិវឌ្ឍន៍សង្គមជាតិ ។
លោកមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្ដិសាស្ដ្រ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ កាលដែលសាងសង់អរោគសាលា ឬ ធម្មសាលា (សាលាធម៌) នេះឡើង គឺមាននូវការចែកចាយអុសសម្រាប់អាំងភ្លើងជូនដល់អ្នកដំណើរដែលមកស្នាក់នៅម្ដងម្កាលមុននឹងបន្តដំណើរទៅមុខទៀតតាមស្រុក ខណ្ឌនានាដោយព្រះបាទជ័យវរ្ម័នត្រាស់បញ្ជាឲ្យយកប្លង់មេពីព្រះរាជធានីអង្គរធំទាំងអស់ ។
លោកមីសែល ត្រាណេ បានបន្តថា ការឯកភាពខាងផ្នែកស្ថាបត្យកម្មប្រាង្គប្រាសាទ ជាពិសេសសំណង់មន្ទីរពេទ្យ និងធម្មសាលាទូទាំងចក្រភពមហានគរ ជាទូទៅមានការគិតគូរបានច្បាស់លាស់ ប្រសិនបើគ្មានគោលការច្បាស់លាស់ឬគិតគូរតាមក្រឹត្យក្រមនោះទេ មូលនិធិសាសនាតាមអាណាខេត្ដនានានឹងពុំមានលក្ខណៈដូចគ្នាឡើយ ។
ក្នុងករណីនេះហើយដែលប្រាសាទក្រពុំឈូកស្ថិតក្នុងខេត្ដព្រះវិហារ ដែលមានចម្ងាយប្រមាណជា ៣៥គីឡូម៉ែត្រពីទីរួមខេត្ដ វាមានទម្រង់មិនខុសប្លែកពីសំណង់ផ្សេងៗទៀតក្នុងទឹកដីចក្រភពអង្គរឡើយ ដូចដែលបានពិពណ៌នាក្នុងអត្ថបទសិលាចារឹកនៅប្រាសាទព្រះខ័ននៅខេត្ដសៀមរាបអង្គរ ។
អ្នកឯកទេសរូបនោះបានបញ្ជាក់ថា ដូចជាប្រាសាទដទៃទៀតដែរ ប្រាសាទក្រពុំឈូកដែលជាអរោគសាលាឬមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលសាងសង់ឡើងអំពីថ្មបាយក្រៀមនៅចុងសតវត្សរ៍ទី១២ នៃគ្រិស្ដសករាជ មានរាងជាបួនជ្រុងទ្រវែង ហើយហ៊ុមព័ទ្ធទៅដោយកំពែងមួយពីក្រៅ ។ នៅចំកណ្ដាលកំពែងថ្មបាយក្រៀមនោះ គេឃើញមានប្រាង្គមួយធ្វើអំពីថ្មបាយក្រៀមដែរ ដែលជាកន្លែងស័ក្ដិសិទ្ធិតម្កល់នូវចម្លាក់ព្រះពោធិសត្វអវលោកេស្វរៈ ព្រះភៃសជ្យសុគត ឬ ភៃសជ្យគុរុ ដែលជាគ្រូពេទ្យទិព្វសម្រាប់ថែរក្សារោគ ។
នៅពីមុខប្រាង្គនេះនៅផ្នែកខាងស្ដាំដៃ គេឃើញមាននូវវត្ដមានអគារមួយដែលជាបណ្ណាល័យ ។ រីឯខ្លោងទ្វារចេញចូលតែមួយរបស់ប្រាសាទវិញឬគោបុរៈ ទ្វារនេះបែរទៅទិសខាងកើតដូចប្រាង្គឯកោរបស់ប្រាសាទនេះដែរ ។
លោកមីសែល ត្រាណេ បានបន្តឲ្យដឹងថា សារសំខាន់របស់ប្រាសាទក្រពុំឈូកដែលជាមន្ទីរពេទ្យនាសតវត្សរ៍ទី១២ របស់ព្រះបាទជ័យវរ្ម័ន គឺជាការបង្ហាញបញ្ជាក់ឲ្យដឹងថា ដូចជាប្រាសាទស៊ីចាន់នៅសុខោទ័យ ឬក៏ប្រាសាទមួយចំនួនទៀតស្ថិតនៅប្រទេសថៃសព្វថ្ងៃៈ ប្រាសាទនៅខេត្ដសម្បុកកបតនៈ (កោសិនរាយ) ប្រាសាទនៅខេត្ដជ័យរាជបុរី (រ៉ាតបុរី) និងប្រាសាទសិង្ហ នៅខេត្ដស្រីជ័យសិង្ហបុរីជាដើម ដែលមានឈ្មោះចារក្នុងសិលាចារឹកនៃប្រាសាទព្រះខ័ននៅខេត្ដសៀមរាបអង្គរ ។
លោកមីសែល ត្រាណេ បានបន្តថា និយាយជារួម បើយើងពិនិត្យលើខ្លឹមសារនៃបង្គោលសិលាចារឹកដែលគេបានរកឃើញក្នុងបរិវេណនៃប្រាសាទទាំងនោះ ហើយឃើញថាមិនត្រឹមតែអត្ថន័យដូចគ្នាប៉ុណ្ណោះទេ សូម្បីតែរូបរាងជ្រុងនៃតួអក្សរក៏ដូចគ្នាដែរ ។
លោកមីសែល ត្រាណេ បានបញ្ជាក់ថា ការចេះដឹងមិនជ្រៅជ្រះអំពីប្លង់ឬអត្ថន័យនៃមូលនិធិសាសនាសង្គមទាំងនោះបានធ្វើឲ្យមនុស្សមួយចំនួនធំយល់ច្រឡំថាមួយភាគធំនៃស្ថាបត្យកម្មបុរាណទាំងអស់នោះមិនមែនជាស្នាព្រះហស្ដរបស់ព្រះបាទជ័យវរ្ម័នទី៧ ទាំងស្រុងនោះទេ វាជាសមិទ្ធផលរបស់ព្រះរាជាជំនាន់មុនៗដោយព្រះបាទជ័យវរ្ម័នទី៧ គ្រាន់តែបានជួសជុលដើម្បីមូលហេតុសីលធម៌តែប៉ុណ្ណោះ ។ បើផ្អែកទៅលើរូបរាងទម្រង់នៃប្រាសាទក្រពុំឈូក និងប្រាសាទមួយចំនួនទៀតនៅខេត្ដឧត្ដរមានជ័យ បន្ទាយមានជ័យ ឬប្រាសាទមួយចំនួនទៀតនៅក្នុងទឹកដីថៃបច្ចុប្បន្ន បង្ហាញនូវភាពខុសឆ្គងនៃទស្សនៈខាងលើដែលខុសស្រឡះតែម្ដង ។ ដូច្នេះរាល់ការវាយតម្លៃដោយមិនយោងលើការពិនិត្យជាក់ស្ដែង គឺវាមិនសមស្របតាមលក្ខណៈវិទ្យាសាស្ដ្រ មិនអាចយកជាការបាននោះទេ ៕



Comments