ប្រាសាទតាកែវ
ប្រាសាទតាកែវបូជនីយដ្ឋានពិសិដ្ឋ
ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរ និងត្រូវបានអ្នកទេសចរខ្លះលាន់មាត់ថា ប្រាសាទនេះដូនតាធើ្វមិនទាន់ហើយក្ដី ក៏រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទបានទាក់ទាញអារម្មណ៍អ្នកទេសចរខ្លាំងណាស់ ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថាជា «ហេមគិរី» បូជនីយដ្ឋានកណ្ដាលនៃទីក្រុង ជយេន្ទ្រនគរគរី របស់ព្រះបាទជ័យវរ្ម័នទី៥ ។
ចេញដំណើរតាមផ្លូវវង់តូចនៃតំបន់អង្គររហូតទៅដល់គីឡូម៉ែត្រលេខ៣ គេនឹងឃើញប្រាសាទតាកែវបង្ហាញរាងយ៉ាងសង្ហា លេចត្រដែតកណ្ដាលទ្រូងព្រៃ ឮសំឡេងរៃយំរ៉ែៗគួរឲ្យស្រណោះ ។ ក្នុងចំណោមប្រាសាទទាំងឡាយនៅក្រុងអង្គរ ប្រាសាទនេះចម្លែកជាងគេ ដោយសារតែគ្មានក្បូរក្បាច់រចនាអ្វីសោះ ។ ប្រាសាទតាកែវមានទីតាំងដ៏ប្រសើរ ប្រតិស្ឋាននៅលើខឿន៣ជាន់ មានកំពូលប្រាង្គចំនួន៥ ឯកំពូលដែលខ្ពស់ជាងគេនៅចំកណ្ដាល ងើបត្រដែត ឬបង្ហាញឫទ្ធានុភាពដ៏អស្ចារ្យ ដោយមានបណ្ដោយ១២០ម៉ែត្រ ទទឹង១០០ម៉ែត្រ នៅថ្នាក់ក្រោម និងមានរោងទងព័ទ្ធជុំវិញផងនោះ ។ ទោះបីប្រាសាទត្រូវគេនិយាយស្មានៗថា «ធ្វើមិនទាន់ហើយ» យ៉ាងណាក្ដី ក៏បុរាណវិទូបង្ហាញថា គឺគេកសាងអ៊ីចឹងតែម្ដង ពុំមានអ្វីខ្ជីខ្ជារត់ចោលការងារទេ ។
អ្នកស្រី កូរ៉ាល រ៉េមូសាត (Coral Remusat) នៅក្នុងសៀវភៅ Part Khmer ក្នុងនាមជាអ្នកស្រាវជ្រាវជាតិបារាំងម្នាក់ គាត់បានសរសេរថា ប្រាសាទតាកែវនេះកសាងដោយព្រះបាទជ័យវរ្ម័នទី៥ នៅក្នុងគ្រិស្ដសករាជ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ។ ព្រះមហាក្សត្រអង្គនេះបានឡើងសោយរាជ្យសម្បត្ដិក្នុងវ័យកុមារភាព ដោយមានព្រះរាជគ្រូជាឧត្ដមទីប្រឹក្សាផងនោះ ព្រះអង្គបានកសាងទីក្រុងថ្មីមួយឈ្មោះថា ជយេន្ទ្រនគរី ដែលមានប្រាសាទភ្នំហេមគិរី នៅចំកណ្ដាល ហើយតាមការប៉ាន់ស្មាន ប្រាសាទហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះឯង ។
យោងតាមពាក្យសំដីចាស់ៗនិយាយតៗមកថា ប្រាសាទតាកែវកាលពីសម័យកសាងនោះ គេស្រោបទង់ដែងប្រកបដោយក្បាច់រចនាផ្សេងៗមិនខុសពីប្រាសាទបាយ័ន ដែលស្��ោបមាស ប្រាសាទបាពួនដែលស្រោបស្ពាន់នោះឡើយ ប៉ុន្ដែឆ្លងកាត់កាលសម័យដ៏យូរលង់រាប់ពាន់ឆ្នាំ លោហធាតុដែលទឹបពីលើតួប្រាសាទសឹករេចរឹលអស់ទៅ ។ ចំណែកលោក ហង់រី ម៉ារសាល (Henri Marchal) បុរាណវិទូបារាំង បានសរសេរថា «ប្រាសាទនេះបានជាគេមិនឆ្លាក់ក្បាច់ដូចប្រាសាទទាំងពួង ព្រោះថ្មដែលបន្ដុបលើគ្នាចេញជារាងប្រាសាទនោះមានសាច់រឹងណាស់ មិនទន់ដូចថ្មទាំងពួងទេ» ។ ទោះបីជាការសន្និដ្ឋានទាំងពីរបែបនេះមិនទាន់ដាច់ស្រេចក្ដី ក៏គេជឿងថា មតិទីមួយសមជាង ព្រោះចក្រភពខ្មែរឬដែនដីសុវណ្ណភូមិ សម្បូណ៌មាស ប្រាក់ ទង់ដែង អាចប្រមូលតាមរយៈសួយសារអាករយកមកទឹបប្រាសាទមិនខ្វះទេ ។
យោងតាមឯកសារប្រវត្ដិសាស្ដ្រខ្មែរបានបញ្ជាក់ទៀតថា ប្រាសាទតាកែវត្រូវបានកសាងបង្ហើយដោយព្រះបាទសូរ្យវរ្ម័នទី១ ដែលឡើងសោយរាជ្យនៅដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងស្ថាបនាឲ្យចប់ជាស្ថាពរនៅប្រាសាទភិមានអាកាស គោបុរៈនៃរាជវាំង ។ ដូច្នេះបើប្រាសាទតាកែវធ្វើមិនទាន់ហើយតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (សតវត្សរ៍ទី១០) ចុះរឿងអីដែលបុព្វបុរសស្ថាបត្យករខ្មែរក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី១ (សតវត្សរ៍ទី១១) បែរជាធ្វើប្រាសាទមួយនេះមិនហើយ ?
ទោះជាមានការផ្ដល់សម្មតិកម្មយ៉ាងនេះក្ដី ក៏ប្រាសាទតាកែវដ៏មានវ័យចំណាស់ជាងមួយ១ពាន់ឆ្នាំនេះ ត្រូវបានចាត់ទុកជាបូជនីយដ្ឋានដ៏ពិសិដ្ឋឧទ្ទិសថ្វាយដល់ព្រះឥសូរ និងព្រះគោនន្ទិ ដែលជាជំនិះព្រះអង្គ ហើយរហូតមកទល���បច្ចុប្បន្ន ប្រាសាទតាកែវនៅតែមានអានុភាពទាក់ទាញទេសចរប្រុសស្រីឲ្យចូលទស្សនាមិនដែលដាច់ ៕
ប្រភពៈ សាលអាន ថ្ងៃទី ២០/០៨/២០០៧ (ដកស្រង់ពីទស្សនាវដ្ដីអង្គរធំ)
ខាងក្រោមនេះជារូបភាពប្រាសាទតាកែវ ដែល ឈូខ្មែរ ថតកាលពីឆ្នាំ២០០៩



Comments