ប្រាសាទសែននិមលនិងប្រាសាទសែនភូវាំង
ប្រាសាទសែននិមលនិងប្រាសាទសែនភូវាំងនៅខេត្ដតាកែវ
ប្រាសាទសែននិមល
ប្រាសាទសែននិមល ត្រូវបានអ្នកស្រុកហៅក្លាយទៅជា សែនធ្មល់ មានទីតាំងជាប់នឹងកាំជណ្ដើរថ្មបុរាណភ្ជាប់ពីប្រាសាទភ្នំជីសូរ ហើយរំលងពីប្រាសាទនេះប្រមាណជាង ១គីឡូម៉ែត្រទៀតមានប្រាសាទ សែនភូវាំង ដែលហៅក្លាយជា សែនតាវាំង ។ ប្រាសាទទាំង២នេះកាលពីមុនស្ថិតនៅក្នុងព្រៃនៅឡើយពុំទាន់មើលឃើញរូបរាងច្បាស់ទេ ប៉ុន្ដែនៅដើមខែវិច្ឆិកា២០០៨ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដតាកែវ សហការជាមួយអាជ្ញាធរស្រុកបានបំផុសចលនាចុះទៅកាប់ឆ្ការព្រៃដើម្បីអភិរក្សទីតាំងបុរាណនេះឲ្យក្លាយទៅជារមណីយដ្ឋានទាក់ទាញអ្នកទេសចរគ្រប់រូប និងទុកជាបេតិកភណ្ឌជាតិតទៅ ។
យោងតាមសម្ដីអ្នកជំនាញខាងបុរាណវិទ្យាបានឲ្យដឹងថា ប្រាសាទសែននិមល និងប្រាសាទសែនភូវាំង ជាឧបសម្ព័ន្ធរបស់ប្រាសាទភ្នំជីសូរកសាងដោយព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២ ។ ព្រះមហាក្សត្រទាំង៣ព្រះអង្គនេះបានត្រាស់បង្គាប់ឲ្យកសាងប្រាសាទឧទ្ទិសថ្វាយដល់ព្រះឥសូរ ប៉ុន្ដែកសាងបណ្ដាក់ៗទុកបង្ហាញប្រជារាស្ដ្រ នាហ្មឺនសព្វមុខមន្ដ្រី ឲ្យឃើញនូវឫទ្ធិអំណាចរបស់ព្រះអង្គ ។ កាលពីជំនាន់នោះកាំជណ្ដើរខាងត្បូងគ្មានទេ គឺមានតែជណ្ដើរពីខាងកើត និងខាងលិច ឯជណ្ដើរទិសខាងត្បូងទើបតែសាងក្រោយទេ ។ នៅពេលគេចុះតាមជណ្ដើរថ្មបាយក្រៀមបុរាណចំនួន៤០៥កាំ ពីប្រាសាទភ្នំជីសូរ គេនឹងបានទៅដល់ប្រាសាទសែនជ័យនិមល ។ ប្រាសាទនេះខូចទ្រង់ទ្រាយដើមស្ទើរអស់ទៅហើយ គ្មានកំពែងព័ទ្ធជុំវិញទេ ឃើញនៅសល់តែតួប្រាសាទប៉ុណ្ណោះ ដោយមានទំហំ៤០ម គុណ ៤០ម ឯប្រាង្គដែលនៅល្អគួរសមមានកម្ពស់៥ម៉ែត្រ ។ ប្រាសាទនេះកសាងពីថ្មភក់លាយថ្មបាយក្រៀម ដែលតាមការតំណាលថាជាកន្លែងសម្រាប់ស្ដេចយាងចុះពីប្រាសាទធំលើភ្នំជីសូរទៅគង់ក្រសាលនៅប្រាសាទតូចនេះដើម្បីលំហែព្រះកាយ ។
ប្រាសាទសែនភូវាំង
ដោយឡែកប្រាសាទសែនភូវាំង ឬប្រាសាទសែនតាវាំងវិញ មានចម្ងាយជាង ១គីឡូម៉ែត្រ ពីប្រាសាទសែននិមល ទៅទិសខាងកើត ប៉ុន្ដែមានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នាមានទំហំ៤៦ម គុណ ៤៦ម ធំជាងប្រាសាទខាងលិចបន្ដិចបន្ដួច តែកម្ពស់៥ម៉ែត្រដូចគ្នា ។ ប្រាសាទនេះស្ដេចកសាងឡើងដើម្បីទុកសម្រាប់ទតពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ព្រោះនៅទីមុខប្រាសាទនេះមានទន្លេមួយឈ្មោះ «ទន្លេអុំ» ប៉ុន្ដែបច្ចុប្បន្នបានគោករីងក្លាយទៅជាវាលស្រែអស់ទៅហើយ ឃើញនៅសល់ទឹកបឹងតែមួយភាគប៉ុណ្ណោះ ។ ប្រាសាទទាំង២នេះសង់នៅលើខឿន៣ជាន់ដូចគ្នា ហើយបើតាមការសិក្សាអាចបញ្ជាក់ថាស្ថិតនៅក្នុងរចនាបថឃ្លាំង ។
លោកនឹម សុខនឿន អាយុ៣៨ឆ្នាំ មន្ដ្រីពាក់ព័ន្ធក្នុងការអភិរក្សប្រាសាទបុរាណក្នុងខេត្ដតាកែវបានមានប្រសាសន៍ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពិសេសនាយកដ្ឋានបេតិកភណ្ឌ មានគម្រោងរៀបចំប្រាសាទទាំងពីរកន្លែងនេះឲ្យមានផ្លូវចូលតាមច្រកខាងកើតមួយទៀតដែលជិតជាង ។ បើសិនជាមានផ្លូវ និងជណ្ដើរឡើងចុះស្រួល ប្រាសាទសែននិមល និងប្រាសាទសែនភូវាំង សង្ឃឹមថានឹងស្រូបទាញបានចំនួនអ្នកទេសចរកាន់តែច្រើនឡើងជាមិនខាន ។
គួរបញ្ជាក់ថា ខេត្ដតាកែវជាទឹកដីចាស់ជាងគេក្នុងប្រទេសកម្ពុជា ឯប្រាសាទបុរាណក៏មានអាយុចាស់ជាងដែរ ដូចជាប្រាសាទអង្គរបុរីភ្នំដាជាដើម ។ សម្រាប់អ្នកទេសចរដែលទៅទស្សនាប្រាង្គប្រាសាទអ្វីដែលគេចង់ដឹងបំផុតនោះគឺចង់ឃើញសិលាចារឹក រូបចម្លាក់ក្បូរក្បាច់រចនា ដើម្បីដកស្រង់បទពិសោធន៍រវាងចាស់និងថ្មីបានន័យថា «បើទៅមើលថ្មគួរសួរថ្មផង» ៕



Comments