ប្រាសាទបន្ទាយទ័ពនិងដើមស្លែង
ប្រាសាទបន្ទាយទ័ព និង រូបព្រះបាទជ័យវរ្ម័នទី៧
ទន្ទឹមនឹងមានទេសភាពល្អត្រកាលចម្រុះ ដូចជា ដើមឈើជាច្រើនប្រភេទ វាលស្រែ អាងទឹកធំៗ និងភូមិអ្នកស្រុក (ថ្នល់ដាច់) នៅឆ្ងាយលឹមៗព័ទ្ធជុំវិញប្រាសាទបន្ទាយទ័ពដែលផុសជ្រងោដូចទំពាំងលូតចេញពីគុម្ពឫស្សីនោះ ប្រាសាទបន្ទាយទ័ពដែលបែកបាក់មានលក្ខណៈពិសេសមួយទៀតគឺនៅត្រង់ចន្លោះតួប្រាង្គ និងថ្មសំណង់ប្រាសាទមានដើមស្លែងជិត១០ដើម ។
ប្រាសាទបន្ទាយទ័ពមានទំហំ២៥០ម៉ែត្រគុណ២៥០ម៉ែត្រ សង់ពីថ្មភក់ស្ថាបនានៅក្នុងសតវត្សរ៍ទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាដោយភ្ជាប់នឹងទសពិតរាជធម៌ និងព្រះបាទជ័យវរ្ម័នទី៧នេះល្បីឈ្មោះដោយសារតែជាទីតម្កល់រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់អង្គុយសមាធិមានប្រក់នាគចំនួន៥អង្គ ដែលក្រោយមកគេនាំគ្នាប្រសិទ្ធនាមថា «ព្រះអង្គធំ» ឬ «លោកឪធំ» រហូតសព្វថ្ងៃ ។ រូបទាំង៥អង្គត្រូវបានគេនាំយកចេញពីប្រាសាទតាំងពីមុនឆ្នាំ១៩៧០ ដោយបារម្ភខ្លាចជនទុច្ចរិតលួច ។
រូបទី១ គេនាំទៅតម្កល់ទុកនៅវត្ដលំជ្រៃ ស្រុកថ្មពួក រូបទី២ នាំទៅតម្កល់នៅវត្ដស្វាយចេក ស្រុកស្វាយចេក រូបទី៣ នាំទៅតម្កល់ទុកនៅវត្ដប្រជុំពលសេនាភ្នៀត រូបទី៤ នាំទៅតម្កល់ទុកនៅវត្ដកំព្រីង និងរូបទី៥ នាំទៅតម្កល់ទុកនៅវត្ដសមាធិផល ។ វត្ដ៣ខាងក្រោមនេះស្ថិតនៅក្នុងស្រុកសិរីសោភ័ណ ។
ប៉ុន្ដែដើម្បីរំលឹកនូវភាពល្បីស័កិ្ដសិទ្ធិ និងអតីតកាលរបស់ប្រាសាទនេះ ពុទ្ធបរិស័ទបានស្នើសុំអាជ្ញាធរស្រុកពួក ជំនាន់លោកប៉ុក សាលុយ ចៅហ្វាយស្រុក ដើម្បីកសាងរូបថ្មសុទ្ធឆ្លាក់ជារូបព្រះបាទជ័យវរ្ម័នទី៧ ទ្រង់សមាធិដូចព្រះបរមគ្រូសម្មាសម្ពុទ្ធ (ព្រះពុទ្ធ) មួយអង្គនាំមកតម្កល់ទុកនៅទីធ្លាប្រាសាទវិញកាលពីឆ្នាំ២០០៣ ។ ប្រាសាទនេះមានឈ្មោះដើមថា បន្ទាយទាប តែក្រោយមកមានឈ្មោះថា បន្ទាយទ័ព ព្រោះនៅជុំវិញបន្ទាយទ័ពក្នុងចុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់លើកទ័ពទៅកម្ចាត់ពួកក្រុមបះបោរគឺចំពេលត្រង់ម្ដុំប្រាសាទបន្ទាយឆ្មារជាព្រះរាជវាំងតូច (រាជធានី) គ្រប់គ្រងដោយព្រះរាជបុត្រសំណព្វព្រះទ័យរបស់ទ្រង់ ។
ប្រាសាទបន្ទាយឆ្មារស្ថិតនៅភូមិឃុំបន្ទាយឆ្មារមានចម្ងាយជាង១០គីឡូម៉ែត្រពីប្រាសាទបន្ទាយទ័ព ដែលស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ក្នុងទិសខាងត្បូងនិងខាងជើងគ្នា ។ ពីឆ្នាំ២០០២-២០០៤ បន្ទាប់ពីកាប់ឆ្ការព្រៃសម្អាត ប្រាសាទបន្ទាយទ័ពមានគ្រឿងបន្ថែមមួយទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរពីទីជិតឆ្ងាយទៅទស្សនានោះគឺលើប្រាង្គប្រាសាទមានសម្បុកឃ្មុំធំជាច្រើន តែឥឡូវឃ្មុំនៅសល់តែតិចតួចទេ ។ ក្រៅពីនេះភ្ញៀវទេសចរខ្មែរជាច្រើនបានចាប់អារម្មណ៍នឹងដើមស្លែងដែលដុះច្រូងច្រាងយ៉ាងស្រស់ស្អាតនៅបរិវេណប្រាសាទ ។ ដើមស្លែងពុំមែនជារុក្ខជាតិសម្បូរដូចពីមុនទេមកទល់បច្ចុប្បន្ននេះ ។ ហេតុនេះ គេចាំបាច់ត្រូវតែការពារដើមស្លែងនោះទុកឲ្យមានជានិច្ចក្នុងប្រាសាទបន្ទាយទ័ព ៕



Comments