ប្រាសាទបន្ទាយក្ដី
ប្រាសាទបន្ទាយក្ដី ឬ បវ៌តថាគត កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដោយមានកំពែងព័ទ្ធជុំវិញ បណ្ដោយ៩០០ម៉ែត្រ ទទឹង៥០០ម៉ែត្រ មានគោបុរៈគ្រប់ទិសទាំង៤ ប្រកបដោយកំពូលសិរសាព្រះលោកេស្វរៈ ដែលជាពោធិសត្វក្នុងលទ្ធិពុទ្ធសាសនាមហាយាន ។ អ្នកទេសចរអាចឈប់រថយន្តនៅគោបុរៈខាងលិចឬខាងកើត ទើបចូលទៅក្នុងរហូតដល់មុខប្រាសាទ នឹងបានទៅដល់ទីលានប្រកបដោយបង្កាន់ដៃនាគ ក្រាលសុទ្ធតែថ្ម តទៅបន្ដិច នឹងបានទៅដល់កំពែងទី២ ដែលព័ទ្ធជុំវិញរហូតដល់ល្វែងខាងក្នុង ដោយមានទ្វារ៣សម្រាប់ចេញចូល ។ ទ្វារកណ្ដាលខ្ពស់ជាងគេ ដោយមានរោងទងបន្តភ្ជាប់គ្នារហូតដល់ប្រាសាទកណ្ដាល ។
គួរឲ្យនឹកសង្វេគណាស់ ដោយឃើញកេរដំណែលដូនតាត្រូវបាក់បែកទ្រុឌទ្រោម នៅសល់តែសរស និងជញ្ជាំងបែបនេះ ។ នៅក្នុងប្រាសាទបន្ទាយក្ដីមានស្នាមកោសលុបព្រះពុទ្ធរូប ហើយឆ្លាក់ជារូបបែបសាសនាព្រាហ្មណ៍ជំនួសវិញនៅតាមសសរ និងហោជាង បញ្ជាក់ឲ្យដឹងថា ជាប្រាសាទឧទ្ទិសចំពោះព្រះពុទ្ធសាសនា តែពួកព្រាហ្មណ៍ធ្វើបដិវត្ដន៍រំលាយចោល និងលើកតម្កើងព្រហ្មញ្ញសាសនាវិញ ។ កន្លែងខ្លះមានរូបចម្លាក់វិជ័យ ដោយឃើញគេបីព្រះសិទ្ធតរាជកុមារទៅថ្វាយបង្គំព្រះកាឡតាបស ។
តាមឯកសារប្រវត្ដិសាស្ដ្របញ្ជាក់ថា ប្រាសាទនេះ ព្រះបាទជ័យវរ្ម័នទី៧ កសាងមុនគេ ដោយមានស្រះសង់ពីខាងកើត ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនា ប្រសិទ្ធនាមថា បវ៌តថាគត បានន័យថា ជាប្រាសាទភ្នំថ្វាយព្រះតថាគត ។ ព្រះអង្គម្ចាស់វីរកុមារ ដែលជាបុត្រ បានកសាងសិលាចារឹកសរសើរព្រះកិត្ដិគុណព្រះបាទជ័យវរ្ម័នទី៧ ជាបិតាថា «សព្វបើព្រានព្រៃឈ្មោះអជិតេន្ទ្រៈ គ្រាន់តែបានថ្វាយក្ដារមួយបន្ទះ ម្ដេចទៅកើតបានភាពជាធំឈ្មោះ ភៃរវាសុរៈ ក្នុងឋានសួគ៌ទៅហើយ ចំណង់បើព្រះរាជាអង្គនេះ (ព្រះបាទជ័យវរ្ម័នទី៧) ដែលបានបូជាដោយអើពើចំពោះព្រះពុទ្ធ ចំពោះទេវតា ចំពោះព្រាហ្មណ៍ ចំពោះតាបស ដោយភទ្រាសនៈដោយប្រាសាទមាសកែវមណី និងភ្លុក ប្រាកដយ៉ាងនេះ នឹងបានផលានិសង្សយ៉ាងណាទៅ?» ។
សិលាចារឹកនេះ សឲ្យឃើញថា ប្រាសាទបន្ទាយក្ដី ពីដើមមានបញ្ចុះកែវរមណី និងភ្លុក ប៉ុន្ដែបច្ចុប្បន្ននេះ នៅសល់តែថ្មបាក់បែកគួរឲ្យសង្វេគណាស់ ។
លោកតា ក្រូច ឆាត អាយុ៦២ឆ្នាំ ជាឆ្មាំប្រាសាទបន្ទាយក្ដី បានប្រាប់ថា លោកតាធ្វើជាអ្នកអភិរក្សប្រាសាទតាំងពីឆ្នាំ១៩៨៨ មកម្ល៉េះ ហើយសព្វថ្ងៃនេះ ក្រៅពីជនកម្ពុជា ក៏មានទេសចរបរទេសមកទស្សនាប្រាសាទបន្ទាយក្ដីនេះរាល់ថ្ងៃ ពិសេសថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកផ្សេងៗ មានទេសចរមកទស្សនាយ៉ាងច្រើន ។
លោកតាក្រូច ឆាត ឲ្យដឹងថា ប្រាសាទបន្ទាយក្ដីមានកំពែង៤ជាន់ ប្រាសាទនេះមានកំពូល៩ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន ប៉ុន្ដែលុះមកដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ ដែលគោរពសាសនាព្រហ្មណ៍ បានដាប់រូបចម្លាក់ព្រះពុទ្ធតាមជញ្ជាំងចោល ដែលបន្សល់ទុកស្លាកស្នាមមកដល់សព្វថ្ងៃ ។ លោកតាក្រូច ឆាត និយាយថា ប្រាសាទបន្ទាយក្ដីមានន័យថា «វត្ដលោកមួយ» ដែលនៅបរិវេណប្រាសាទនេះ មានវត្ដព្រះពុទ្ធសាសនាមួយប៉ុណ្ណោះ សព្វថ្ងៃបាក់បែកអស់ទៅហើយ នៅសល់តែស្លាកស្នាមប៉ុណ្ណោះ ៕
ប្រភពៈ សាលអាន ថ្ងៃទី ១៥/០៨/២០០៧ (ដកស្រង់ពីទស្សនាវដ្ដីអង្គរធំ)
ខាងក្រោមនេះជារូបភាពប្រាសាទបន្ទាយក្ដីដែល ឈូកខ្មែរ ថតកាលពីឆ្នាំ២០០៧ និង ២០០៩



Comments