Serey is utilizing Blockchain technology

ប្រាសាទតាសោម

longheng

ប្រាសាទតាសោម


ប្រាសាទ​តាសោម​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធ​សាសនា​មហាយាន

ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺជា​មហា​វីរក្សត្រ​ដ៏​ល្បីឈ្មោះ​នៅ​សម័យ​មហានគរ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្ដិភាព ព្រំដែន​គោក​និង​ទឹក​មាន​វិសាលភាព​ធំធេង ហើយ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ទាំងអស់ នៅ​សម័យ​នោះ​ព្រះ​អង្គ​បាន​កសាង​សមិទ្ធផល​ជា​ច្រើន​សម្រាប់​ជាតិ សាសនា និង​ប្រជារាស្ដ្រ​នៅ​ទូទាំង​ប្រទេស ដូច​ជា​សាលារៀន​ សាលា​សំណាក់ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ប្រាង្គ​ប្រាសាទ​… ។​

ចំណែក​ប្រាសាទ​តាសោម​ដែល​កសាង​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​សម្រាប់​ឧទ្ទិស​ថ្វាយ​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន​ដែល​នៅ​គោបុរៈ​មាន​មុខ​លោកេស្វរៈ​បែរ​ទៅ​រក​ទិស​ធំៗ​ទាំង​៤ តំណាង​ឲ្យ​ព្រះ​អង្គ​មាន​ព្រហ្ម​វិហារធម៌​ចំពោះ​នាហ្មឺន​សព្វ​មុខមន្ដ្រី ប្រជារាស្ដ្រ​គ្រប់​ទិស​ទី ។

ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺជា​យុគសម័យ​មាស​នៃ​ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុ​ជានា​សម័យ​មហានគរ ហើយ​ព្រះ​អង្គ​បាន​កសាង​ប្រាសាទ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពាសពេញ​ផ្ទៃ​ប្រទេស ដើម្បី​គោរព​បូជា​តាម​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន និង​មួយ​ចំនួន​ទៀត​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះរាជ​វង្សានុវង្ស​របស់​ព្រះ​អង្គ​ទៀត​ផង ។ ចំណែក​ប្រាសាទ​តាសោម​មាន​ទីតាំង​ស្ថិត​នៅ​ខាងកើត​ប្រាសាទ​នាគព័ន្ធ ជិត​គីឡូម៉ែត្រ​លេខ​៤ តាម​ផ្លូវ​វង់​ធំ​នៃ​ភូមិសាស្ដ្រ​ខេត្ដ​សៀមរាប កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នា​សតវត្ស​ទី​១៣ នៅ​សម័យ​មហានគរ​ដ៏​រុងរឿង ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះពុទ្ធ​សាសនា​មហាយាន​ ដែល​បរិវេណ​ខាងក្រៅ​ប្រាសាទ គេ​សង្កេត​ឃើញ​មាន​រុក្ខជាតិ​តូច​ធំ​ដុះ​ខ្ពស់ៗ​ចោល​ម្លប់​ត្រឈឹងត្រឈៃ ធើ្វ​ឲ្យ​អ្នកទេសចរ​បាន​សុខកាយ​សប្បាយ​ចិត្ដ ភ្លេច​​អស់​នូវ​ទុក្ខ​កង្វល់​ទាំងពួង ។


នៅ​គោបុរៈ​​ប្រាសាទ​តាសោម​មិន​ខុស​ប្លែក​ពី​ប្រាង្គ​ប្រាសាទ​ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះ​អង្គ​នោះ​ទេ សុទ្ធតែ​មាន​លម្អ​ទៅ​ដោយ​រូប​លោកេស្វរៈ​មុខ​៤​បែរ​ទៅ​ទិស​ធំៗ​ទាំង​បួន តំណាង​ឲ្យ​ព្រហ្ម​វិហារធម៌​ មេត្ដា ករុណា ឧបេក្ខា និង​មុទិត្ដា ​របស់​ព្រះ​អង្គ​ចំពោះ​នាហ្មឺន សព្វ​មុខមន្ដ្រី ប្រជារាស្ដ្រ ព្រះ​អង្គ​តែង​មាន​ព្រះ​បន្ទូល​ថា ទុក្ខ​លំបាក​របស់​ប្រជារាស្ដ្រ​គឺជា​ទុក្ខ​លំបាក​របស់​ព្រះ​អង្គ ។ ប្រាសាទ​នេះ​មាន​កំពូល​តែ​មួយ​លម្អ​ដោយ​ព្រហ្ម​មុខ​៤ ហើយ​មាន​កំពែង​ព័ទ្ធ​ជុំវិញ មាន​បណ្ដោយ​២៤០​ម៉ែត្រ ទទឹង​២០០​ម៉ែត្រ ពេល​ចូល​ទៅ​ដល់​បរិវេណ​ខាងក្នុង ​គេ​សង្កេត​ឃើញ​នៅ​តាម​ហោជាង​នៃ​រោងទង​ព័ទ្ធ​ជុំវិញ​ប្រាសាទ​មាន​ចម្លាក់​រឿងរ៉ាវ​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​មាន​ធម្មសាលា​ចំនួន​២ ។​

បើ​តាម​លក្ខណៈ​នៃ​សំណង់​ ប្រាង្គ​ប្រាសាទ​តាសោម​ស្ថិត​ក្នុង​រចនាប័ទ្ម​បាយ័ន​ ហើយ​កសាង​តំណាល​ប្រាសាទ​តាព្រហ្ម បន្ទាយក្ដី ព្រះខ័ន ​នាគព័ទ្ធ គឺ​បន្ទាប់​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ធ្វើការ​បង្រួបបង្រួម​ជាតិ​មាតុភូមិ ហើយ​រំដោះប្រទេស​ជាតិ​រួច​ពី​ពួក​ចាម​ឈ្លានពាន​ ដោយ​បោះ​និវេសនដ្ឋាន​បណ្ដោះអាសន្ន​នៅ​ទីនោះ ក្នុង​បំណង​ជួសជុល​ប្រាង្គ​ប្រាសាទ​ដែល​បែកបាក់​ដោយសារ​សង្គ្រាម ​ព្រមទាំង​កសាង​ប្រាសាទ​មួយ​ចំនួន​ទៀត​នៅ​តំបន់​នោះ ។​

ប្រាសាទ​ទាំងឡាយ​ដែល​កសាង​ក្នុង​រចនាប័ទ្ម​បាយ័ន គេ​សង្កេត​ឃើញ​ហាក់​ដូចជា​មាន​ភាព​ប្រញាប់​ប្រញាល់ ថ្ម​មិន​សូវ​មាន​គុណភាព ហើយ​សំណង់​កសាង​លើ​ដី​រាបស្មើ​ដូច​វត្ដ​អារាម​អ៊ីចឹង លើកលែងតែ​ប្រាសាទ​បាយ័ន​ ក្នុង​បំណង​បង្រួបបង្រួម​ទស្សនៈ​នៃ​សាសនា​ព្រហ្មញ្ញ និង​ព្រះពុទ្ធ​សាសនា ។ លក្ខណៈ​ពិសេស​នៃ​រចនាប័ទ្ម​នេះ​បុព្វបុរស​យើង​កសាង​ប្រាង្គ​មុខ​បួន​ញញឹម​ស្រស់ស្រាយ និង​គោបុរៈ​​មាន​លម្អ​រូប​លោកេស្វរៈ ហើយ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​ទាំង​សងខាង​នៃ​បង្កាន់ដៃ​មាន​លម្អរូប​នាគ​ជា​សម្គាល់​ទៀត​ផង ។​

ប្រាសាទ​តាសោម​ទោះបីជា​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ផ្នែក​ខ្លះ​ក៏​ដោយ តែ​មាន​ក្បាច់​ចម្លាក់​រចនា​ល្អ​គួរ​ឲ្យ​គយគន់ មិន​ចាញ់​ប្រាង្គ​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​អង្គរ​ប៉ុន្មាន​ឡើយ ។ បច្ចុប្បន្ន​ចំនួន​អ្នកទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​ទៅ​ទស្សនា​ប្រាសាទ​ល្បីៗ​នៅ​តំបន់​អង្គរ​រួច​ហើយ​ បាន​ចំណាយ​ពេលវេលា​ទៅ​ទស្សនា​ប្រាសាទ​នេះ​ជា​បន្ដបន្ទាប់ ​ម្នាក់ៗ​លាន់មាត់​សរសើរ​ពី​សម្រស់​ប្រាង្គ​ប្រាសាទ និង​ធម្មជាតិ​នៅ​ទីនោះ​មិន​ដាច់​ពី​មាត់ ។​

ប្រាសាទ​នេះ​ពិតជា​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍ លើក​ស្ទួយ​សេដ្ឋកិច្ច វប្បធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ទូទាំង​ប្រទេស​ផង​ដែរ ។ តាម​រយៈ​សិលាចារឹក​មួយ​ចំនួន​បញ្ជាក់​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​បាន​កសាង​សាលារៀន សាលា​ដំណាក់ មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធ​ធារាសាស្ដ្រ ប្រាង្គ​ប្រាសាទ យ៉ាងច្រើន​លើស​លុប សម្រាប់​ប្រយោជន៍​ជាតិ សាសនា ប្រជា​ពលរដ្ឋ ។ ព្រះបាទ​ជ័យវរ្ម័នទី​៧ ត្រូវ​ប្រជាពលរដ្ឋ​នាហ្មឺន​សព្វ​មុខមន្ដ្រី និង​ប្រវត្ដិសាស្ដ្រ​ចាត់​ទុក​ថា ជា​ក្សត្រ​ដែល​មាន​សេចក្ដី​អង់​អាច​ក្លាហាន ប្រកបដោយ​គតិបណ្ឌិត ជា​និច្ចកាល​ព្រះ​អង្គ​តែង​គិតគូរ​ពី​បញ្ហា​សុខទុក្ខ​របស់​ប្រជារាស្ដ្រ និង​មាតុភូមិ ។ នា​សម័យ​នោះ​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ ធ្វើ​ឲ្យ​សត្រូវ​ខ្លបខ្លាច​គ្រប់​ទិស​ទី ៕


ប្រភពអត្ថបទៈ សាលអាន ថ្ងៃ​ទី ២៤/០៥/០៦ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)
រូបភាពៈ ថតដោយ ឈូកខ្មែរ នៅខែ​កក្កដា ឆ្នាំ​២០០៩





















































752.665 SRY$0.00
Khmer Dispatch

Comments