Serey is utilizing Blockchain technology

ប្រាសាទ​ដំមេ ​ឬ​ ប្រាសាទ​វាយម៉ែ

longheng

ប្រាសាទ​ដំមេ ​ឬ​ ប្រាសាទ​វាយម៉ែ


ប្រាសាទ​ដំមេ ​ដើម​ឡើយ​ជា​ចេតិយ

ប្រាសាទ​ដំមេ​ ដើម​ឡើយ​គ្រាន់តែ​ជា​ចេតិយ​បញ្ចុះ​អដ្ឋិធាតុ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​អ្នកស្រុក​បាន​ដាក់​ឈ្មោះ​ហៅ​ថា វាយដំ​ម៉ែ លុះ​មក​ដល់​សម័យ​បច្ចុប្បន្ន​ទើប​ទើប​គេ​ហៅ​ថា ប្រាសាទ​ដំមេ ។ ប្រាសាទ​ដំមេ​នេះ គឺ​មាន​ប្រវត្ដិ​ក្នុង​រឿងនិទាន​មួយ​ ដែល​បុរស​ម្នាក់​ទៅ​ធ្វើស្រែ​ពេល​ម្ដាយ​យក​បាយ​ទៅ​ឲ្យ​ហូប​យឺត​ពេល​បន្តិច ​ក៏​ច្រាន​ឲ្យ​ដួល​រហូត​ទាល់តែ​ស្ដ្រី​ជា​ម្ដាយ​នោះ​ស្លាប់ ក្រោយមក​កូន​នោះ​បាន​ធ្វើ​ចេតិយ​សម្រាប់​ទុក​សព​ម្ដាយ​ដោយ​មាន​រូប​រាង​ដូច​ប្រាសាទ​ ទើប​អ្នកស្រុក​បាន​ដាក់​ឈ្មោះ​ថា ប្រាសាទ​ដំមេ​រហូត​ទៅ ។​

ប្រាសាទ​ដំមេ ​ស្ថិត​នៅ​ក្នុងភូមិ​សាស្ដ្រ​ភូមិ​កំពង់គ១ ក្នុង​ឃុំ​កៀនសង្កែ ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប ​ក្នុង​ចម្ងាយ​ ១៥០០​ម៉ែត្រ​ ទៅ​ទិស​ខាងកើត​ភូមិ​កំពង់គ១ ។

ប្រាសាទ​ដំមេ​មាន​រូបរាង​ទ្រង់ទ្រាយ​សមរម្យ​មិន​ខុស​ពី​ប្រាសាទ​ឯទៀត​នោះ​ទេ ។ ​ប្រាសាទ​នេះ​កសាង​ឡើង​ពី​ថ្មបាយក្រៀម​ និង​ថ្មភក់​ ដែល​មាន​ទំហំ​ ៥​ម៉ែត្រ​បួន​ជ្រុង​ និង​កម្ពស់​ ៥​ម៉ែត្រ ។

រឿង​ប្រវត្ដិ​ដំមេ​នោះ​ត្រូវ​បាន​លោក​ រេត សាមុត​ ជា​អ្នក​សិក្សា​ស្រាវជ្រាវ​វត្ដ​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា កាលពីព្រេងនាយ​ គឺ​មាន​កសិករ​ម្នាក់​ដែល​ជា​អ្នកមាន​ស្ដុកស្ដម្ភ​នៅ​ក្នុង​ឃុំ​កៀនសង្កែ បាន​ចេញ​ទៅ​ប្រកប​មុខរបរ​ជា​កសិករ​បង្កបង្កើន​ផល​ទៅ​តាម​រដូវ​កាល ដែល​បាន​កំណត់​ ដូចជា​ ប្រកប​មុខរបរ​កសិកម្ម​ជាដើម ។ ​ក្រោយមក​បុរស​នោះ​ក៏​ធ្វើការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ ឯ​ម្ដាយ​របស់​គាត់​ជា​ស្ដ្រី​មេម៉ាយ​ម្នាក់​ ជា​អ្នក​ដាំបាយ​យក​ទៅ​ឲ្យ​កូន​ដែល​កំពុង​តែ​បង្កបង្កើន​ផល ។​

លោក​រេត សាមុត បាន​បន្ត​ទៀត​ថា មាន​ថ្ងៃមួយ​ ម្ដាយ​ដែល​ជា​ស្ដ្រី​មេម៉ាយ​នោះ​ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​យកបាយ​ទៅ​ឲ្យ​កូន​ ដោយសារ​តែ​គាត់​ជាប់រវល់​មាន​ភារកិច្ច​ក្នុងផ្ទះ​ច្រើន​ទៀត ។ ពេល​ស្ដ្រី​នោះ​យក​បាយ​ទៅ​ឲ្យ​ កូន​នោះ​ក៏​បាន​ស្ដីបន្ទោស​ឲ្យ​ម្ដាយ​ថា ហេតុ​អី​បានជា​យូរ​ម្ល៉េះ​ ខ្ញុំ​ឃ្លានបាយ​ខ្លាំង​ណាស់ ។ និយាយ​រួច ​បុរស​ជា​កូន​នោះ​ក៏​ច្រាន​ម្ដាយ​ឲ្យ​ដួល​ទៅ​នឹង​ដី​ បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​ទៅ ។​

គេ​បាន​ដំណាល​ថា ពេល​ស្ដ្រី​រង​គ្រោះ​នោះ​ស្លាប់​ទៅ បុរស​ជា​កូន​មិន​ស្មាន​ថា​ម្ដាយ​របស់​ខ្លួន​នោះ​ស្លាប់​ទេ​ ព្រោះ​ខ្លួន​កំពុង​តែ​ហូប​បាយ ។ បាយ​រួច​ទើប​ដឹង​ថា​ម្ដាយ​របស់​ខ្លួន​ស្លាប់​ទៅ​ហើយ​ បុរស​នោះ​មាន​ការ​ស្ដាយ​ក្រោយ ​ទើប​សម្រេច​ចិត្ដ​យក​មាស​ប៉ុន​ដូងទុំ​ទៅ​ដោះ​ដូរ​រក​ជីវិត​ម្ដាយ​មក​វិញ ​តែ​ហួស​ពេល​ទៅ​ហើយ ។​

លោក​ រេត សាមុត បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បុរស​នោះ​យក​មាស​ទៅ​រក​ជីវិត​ម្ដាយ​មិន​បាន ក៏​សម្រេច​យក​មាស​ប៉ុន​ដូងទុំ​នោះ​ទៅ​ធ្វើ​ជា​ចេតិយ​សម្រាប់​បញ្ចុះសព​ម្ដាយ​នៅ​ទីនោះ​រហូត​មក ។ ប៉ុន្ដែ​ការ​ធ្វើ​ចេតិយ​នេះ​មាន​រូបរាង​ដូច​ប្រាសាទ​ អ៊ីចឹង​ក្រោយមក​អ្នកស្រុក​នៅ​ក្នុងស្រុក​នោះ ដាក់​ឈ្មោះ​ហៅ​ថា​ប្រាសាទ​ដំម៉ែ ។ ​លុះ​មក​ដល់​សម័យ​បច្ចុប្បន្ន​ គេ​គ្រប់​គ្នា​ហៅ​ថា​ប្រាសាទ​ដំមេ​វិញ ។

នៅ​ក្បែរ​ប្រាសាទ​នោះ​ក៏​មាន​ទឹកស្រះ​ព័ទ្ធ​ជុំវិញ​ដូច​ប្រាសាទ​ឯទៀត​ផង​ដែរ ។ សព្វថ្ងៃ​ ប្រាសាទ​ដំមេ​ត្រូវ​បាន​ខូចខាត​ស្ទើរ​អស់ទាំង​ស្រុង​ទៅ​ហើយ ដោយសារ​មាន​អ្នកស្រុក​ខ្លះទៅ​បំផ្លាញ ៕


ប្រភពៈ សាលអាន ថ្ងៃ​ទី ២៣/០៤/២០០៧​ (ដកស្រង់​ពី​កាសែត​កម្ពុជាថ្មី)
441.834 SRY$0.00
Khmer Dispatch

Comments