Serey is utilizing Blockchain technology

ប្រាសាទតាព្រហ្ម (២)

longheng

ប្រាសាទតាព្រហ្ម (២)


ប្រាសាទតាព្រហ្ម

ប្រាសាទ​តាព្រហ្ម​ស្នា​ព្រះហស្ដ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា

ប្រាសាទ​តាព្រហ្ម​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ទេសចរណ៍​អង្គរ​ខេត្ដសៀមរាប​ដែល​ត្រូវ​បាន​ធ្វើការ​ចាប់ផ្ដើម​អភិរក្ស និង​ថែរក្សា​ចាប់តាំងពី​គ.ស​១៩២០​ រហូត​មក​ដល់​បច្ចុប្បន្ន ។​

តាម​ឯកសារ «ដើម​កំណើត​អង្គរ» ចងក្រង​ឡើង​ដោយ​លោក​ ម៉ា បូរ​ កាលពី​ឆ្នាំ​១៩៦៩​ បាន​សរសេរ​ឲ្យ​ដឹង​ថា ប្រាសាទ​តាព្រហ្ម​ត្រូវ​បាន​កសាង​ឡើង​នៅ​ពាក់កណ្ដាល​សតវត្ស​ទី​១២​ ដល់​ចុង​សតវត្ស​ទី​១៣​ នាគ.ស​១១៨៦ ​ដោយ​ស្នា​ព្រះ​ហស្ដ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ បច្ឆាមរណៈ​ព្រះ​នាម​មហាសំគតបតៈ​ ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះពុទ្ធ​សាសនា ។​

មន្ដ្រី​ផ្នែក​បុរាណវិទ្យា​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​បង្ហាញ​ថា ប្រាសាទ​តាព្រហ្ម​គឺជា​ព្រះ​វិហារ​សម្រាប់​ព្រះពុទ្ធ​សាសនា ដែល​មាន​ទំនងជា​ជាន់ៗ​ក្នុង​ចំណោម​ប្រាសាទ​ទាំងឡាយ​ដែល​កសាង​ឡើងជា​ថ្នាក់ៗ ព្រោះ​មាន​ផ្ទៃ​បន្ទប់​រាប​ ឯ​របៀប​កសាង​មាន​ទម្រង់​ផ្ដេកផ្ដួល​ទៅ​តាម​ការ​ចាំង​ចេញ​នៃ​ថែវ​ជា​យ៉ៗ​ និង​តួ​វិហារ​ធំ​ដែល​ស្ថិត​នៅ​លើ​ប្រជុំ​នៃ​គោល​សំខាន់ៗ​ដែល​ទាក់ទង​គ្នា​មាន​ទម្រង់​ស្រប​ទៅ​នឹង​ថែវ​ដែល​មាន​ស្នូល​ «ច្រក» នៅ​តៗ​គ្នា​ដោយ​បន្ទាយ​ និង​ផ្លូវ ។​

ប្រាសាទ​តាព្រហ្ម​មាន​កំពែង​បរិវេណ​២​ដែល​នៅ​តៗ​គ្នា​មាន​សភាព​ជា​ជញ្ជាំង​ធម្មតា​ពោល​គឺ​កំពែង​ខាងក្រៅ​មាន​បណ្ដោយ​ប្រវែង​១០០០​ម៉ែត្រ​ និង​ទទឹង​៦០០​ម៉ែត្រ​ ព័ទ្ធ​ជុំវិញ​ប្រាសាទ​ទាំងមូល​ ហើយ​គេ​ពុំ​មាន​ការ​ងឿងឆ្ងល់​ពី​ជញ្ជាំង​នេះ​ទេ ព្រោះ​ជា​ជញ្ជាំង​ដែល​សង់​ឡើង​ប្រកបដោយ​ថែវ​៣​យ៉ាង​សំខាន់​ស្ថិត​នៅ​ជិត​គ្នា​ក្នុង​ផ្ទៃដី​រាង​បួន​ជ្រុង​ស្មើ​មាន​ប្រវែង​ក្នុង​មួយ​ជ្រុង​១០០​ម៉ែត្រ​ កប់​បាត់​ទៅ​ក្នុង​ប្រភព​នៃ​ប្រាសាទ​ដែល​មាន​ផ្ទៃដី​៦០​ហិកតា ។ តាម​សិក្ខា​ចារឹក​នៅ​ប្រាសាទ​នេះ​បាន​បញ្ជាក់​ថា​ ក្នុង​សម័យ​អតីតកាល​មនុស្ស​ចំនួន​១២៦៤០​នាក់​ ស្ថិត​នៅ​ក្នុង​ទី​ប្រាសាទ​ ក្នុង​នេះ​មាន​ព្រះសង្ឃ​ធំៗ​ចំនួន​១៣​អង្គ មាន​មន្ដ្រី​ជាន់ខ្ពស់​ចំនួន​២៧៤០​នាក់ ទាហាន​ចំនួន​២២៣២​នាក់​ ហើយ​នៅ​ក្នុង​ចំណោម​ពួក​នេះ​មាន​ស្រី​របាំ​ចំនួន​៦១៥​នាក់ ។ល ។​

យោង​តាម​ការ​ចងក្រង​របស់​លោក ម៉ា បូរ បាន​បង្ហាញ​ថា ប្រាសាទ​តាព្រហ្ម​មាន​សភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង ។ តាម​ការ​សន្និដ្ឋាន​របស់​វិទូ​បុរាណ​បរទេស​ជា​ច្រើន​បាន​លើក​ឡើង​ថា​ នៅ​កន្លែង​ខ្លះ​ទ្រង់ទ្រាយ​នៃ​ប្រាសាទ​តាព្រហ្ម​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នឹង​ប្រាសាទ​អង្គរវត្ដ ឬ​បាយ័ន​ដែរ ។ សន្លឹក​សីមា​នៅ​ប្រាសាទ​តាព្រហ្ម​នេះ​មាន​ចារឹក​នៅ​គ្រប់​ជ្រុង​ទាំង​៤ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ថែវ​ជិត​គោបុរៈ​កំពែង​ទី​២ ដែល​មាន​ចុះ​កំណត់​កាលពី​គ.ស​១១៨៦ គឺ​ក្រោយ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ទ្រង់​ឡើង​សោយរាជ្យ ។ ដោយ​មាន​ការ​ទាក់ទង​នឹង​ការ​កសាង​រូប​ព្រះ​មាតា​របស់​ព្រះ​អង្គ​ដែល​សាង​ឡើងជា «ប្រាជ្ញា​បារមីតា»​ ជា​តួ​ «សុក្រិតភាព​នៃ​គតិបណ្ឌិត» ​ដែល​ចូល​ចិត្ដ​ខាង​ការ​ដោះប្រស្នា​តាម​កិរិយា​នៃ​អ្នកប្រាជ្ញ ហើយ​ដែល​ទុកដូចជា​ព្រះ​មាតា​នៃ​ព្រះពុទ្ធ​ទាំងឡាយ​នោះ គេ​អាច​ចាត់​ទុក​ប្រាសាទ​នេះ នៅ​ក្នុង​ចំណោម​ប្រាសាទ​ជាទី​គោរព​ទាំងឡាយ​ឧទ្ទិស​ចំពោះ​ឫទ្ធានុភាព​នៃ​ព្រះ​ញាតិវង្ស​ដែល​ទុកដូចជា​ទេវៈ​ដែរ ។​



ក្រោយ​ពី​បាន​រៀបរាប់​នូវ​ព្រះ​នាម​នៃ​ព្រះ​អយ្យកោ ព្រះ​អយ្យកា ព្រមទាំង​ជោគជ័យ​ក្នុង​ចំបាំង​ជាមួយ​ប្រទេស​ចម្ប៉ា​រួច​មក សិលាចារឹក​នេះ​បាន​កំណត់​សម្គាល់ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ បាន​ចាត់ចែង​ឲ្យ​សាង​រូប​ទេវៈ​ចំនួន​២៦០ ព្រមទាំង​រូប​ព្រះ​គ្រូ​នៃ​ព្រះ​អង្គ ។ ប្រាសាទ​មាន​តួ​បន្ទាយ​ចំនួន​៣៩ ​ធ្វើ​អំពី​ថ្មភក់​ខ្ពស់ៗ​លំនៅដ្ឋាន​ចំនួន​៥៦៦​ ធ្វើ​ពី​ថ្ម​ និង​២៨៦​ ធ្វើ​ពី​ឥដ្ឋ ព្រមទាំង​មាន​ជញ្ជាំង​កំពែង​ប្រវែង​២៧០២​ព្យាម ​ធ្វើ​អំពី​ថ្មបាយក្រៀម ។​

គួរ​បញ្ជាក់​បន្ថែម​ថា សម្រាប់​ភ្ញៀវ​ទេសចរ​ទាំងឡាយ នៅ​ពេល​ធើ្វ​ដំណើរ​ចូល​ទៅ​ទស្សនា​ប្រាសាទ​តាព្រហ្ម​ ចាំបាច់​គេ​ត្រូវ​ចូល​តាម​ច្រក​ទ្វារ​ចំនួន​២​ គឺ​ច្រក​ទ្វារ​ខាងកើត​ និង​ច្រក​ទ្វារ​ខាងលិច​ដែល​មាន​ចម្ងាយ​ឃ្លាត​ពី​គ្នា​ប្រវែង​១​គីឡូម៉ែត្រ ។ បើ​គេ​ចូល​តាម​ទ្វារ​ខាងលិច​ទើប​អាច​ទស្សនា​សំណង់​ប្រាសាទ​តាព្រហ្ម​បាន​គ្រប់​ជ្រុងជ្រោយ​ដោយ​គ្មាន​ការ​វង្វេង​ និង​មិន​លំបាក​ធ្វើ​ដំណើរ​ត្រឡប់​ក្រោយ​វិញ​ឡើយ ៕



ប្រភពអត្ថបទៈ  សាលអាន ថ្ងៃ​ទី ១៩/០១/០៧ (ដកស្រង់​ពី​កាសែត​កម្ពុជាថ្មី)
ប្រភពរូបភាពៈ  ថតដោយ ឈូកខ្មែរ ឆ្នាំ​២០០៩




























519.759 SRY$0.00
Khmer Dispatch

Comments