ប្រាសាទតាមាន់តូច
ប្រាសាទតាមាន់តូចគឺជាមន្ទីរពេទ្យឬអរោគ្យសាលាសម័យព្រះបាទជ័យវរ្ម័នទី៧
ប្រាសាទតាមាន់តូច គឺជាមន្ទីរពេទ្យឬគេហៅថាអរោគ្យសាលាដែលស្ថិតក្នុងរចនាបថបាយ័ន ស្ថាបនាឡើងដោយព្រះមហាវីរក្សត្រខ្មែរដ៏ខ្លាំងពូកែគឺព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ នៃគ្រិស្ដសករាជ ។ ប្លង់នៃមន្ទីរពេទ្យនេះក៏ដូចជាសំណង់ស្ថាបត្យកម្មខ្មែរបុរាណដទៃៗទៀតដែលស្ថិតក្នុងរជ្ជកាលរបស់ព្រះអង្គដែរ គឺកើតចេញពីប្លង់មេតែមួយ ។
ចំណុចដែលគួរឲ្យកត់សម្គាល់គឺស្ថិតនៅលើស្ថានភាពរបស់ធនធាននិងភូមិសាស្ត្រតែប៉ុណ្ណោះ បើទីតាំងណាមានប្រជាជនច្រើនដូចករណីនៃទីតាំងប្រាសាទតាមាន់តូចនេះជាដើម សំណង់នៅទីនោះក៏មានទ្រង់ទ្រាយធំហើយមាំជាងគេដែរ ។ ចំណុចសំខាន់ទាំងនោះហើយធ្វើឲ្យអ្នកស្រាវជ្រាវខ្មែរយើងយល់ថា ទំហំឬវិសាលភាពរបស់ប្រាសាទនីមួយៗហាក់បីដូចជាធ្វើតាមអត្រាតម្រូវការឬក៏ធនធានមនុស្សរស់នៅតាមតំបន់ឬភូមិសាស្ដ្រនីមួយៗ ។ នេះគឺជាការបញ្ជាក់របស់លោកបណ្ឌិតមីសែល ត្រាណេ អ្នកឯកទេសប្រវត្ដិសាស្ដ្រខ្មែរ ។
ប្រាសាទតាមាន់តូចស្ថិតនៅក្នុងភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្ដឧត្ដរមានជ័យ ។ លោកមីសែល ត្រាណេ បញ្ជាក់ថា ប្រាសាទនេះដែលធ្វើអំពីថ្មភក់ខុសពីប្រាសាទមួយចំនួនទៀតដែលធ្វើអំពីថ្មបាយក្រៀម ។ ប្រាសាទតាមាន់តូចមានបណ្ដោយប្រមាណជា៦០ម៉ែត្រ និងទទឹង៥០ម៉ែត្រ ហើយហ៊ុមព័ទ្ធទៅដោយកំផែងធ្វើអំពីថ្មបាយក្រៀមយ៉ាងក្រាស់ ដោយមានទ្វារច្រកចូលឬគោបុរៈថ្មទាំង៤ទិស គឺទិសត្បូងជើង និងកើត ។
ដើម្បីចូលទៅកាន់ប្រាង្គប្រាសាទចំកណ្ដាលដែលជាទីសក្ការៈនូវព្រះពោធិសត្វភៃសជ្យគុរុ (គ្រូពេទ្យថ្នាំទិព្វ) គេត្រូវឆ្លងគោបុរៈខាងកើតដែលបែរមុខទៅរកប្រាសាទថ្មបាយក្រៀមមួយដែលជាផ្ទះសំណាក់ឬធម្មសាលា ។
នៅជុំវិញប្រាង្គទោលនេះដែលស្ថិតនៅចំកណ្ដាល ឃើញមានសំណង់តូចធំជាច្រើនរួមទាំងបណ្ណាល័យផងដែលស្ថិតក្នុងសភាពទ្រុឌទ្រោម ។ ដូចមន្ទីរពេទ្យផ្សេងៗទៀតនៅក្នុងតំបន់ដែរ កំពូលនៃប្រាង្គកណ្ដាលមានរាងជា ក្រពុំឈូក ដែលតំណាងឲ្យភាពបរិសុទ្ធនិងស័ក្ដិសិទ្ធិក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន ។
លោកបណ្ឌិតបានសម្ដែងនូវការសោកស្ដាយចំពោះអ្វីដែលត្រូវបាត់បង់ ព្រោះថា គ្មានអ្វីជាក្បាច់ក្បូរចម្លាក់ដែលនៅសេសសល់ទេនៅក្នុងប្រាសាទនេះ ។ អ្វីដែលនៅមានសល់បន្ដិចបន្ដួចក្នុងប្រាសាទនេះត្រូវបានក្រុមបុរាណវិទ្យាថៃដឹកយកទៅរក្សាទុកនៅសារមន្ទីរនគររាជសីមា ស្រុកភិមាយអស់ទៅហើយ ។
តាមលទ្ធផលនៃការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយពីមុនមក លោកបណ្ឌិតបានលើកឡើងថា គឺក្នុងប្រាសាទតាមាន់តូចនេះហើយដែលនាសម័យវប្បធម៌បាយ័នមានការគោរពបូជាព្រះកំចាយ ដែលជាព្រះពោធិសត្វមានពោះកំប៉ោងតំណាងឲ្យសុខភាពអាយុយឺនយូរនៃជីវិតមនុស្ស និងទ្រព្យសម្បត្ដិក្នុងលទ្ធិមហាយានចិន ។ ប្រការនេះហើយដែលធ្វើឲ្យអ្នកស្រុកទាំងលាវ ថៃ និងខ្មែរសញ្ជាតិថៃក្នុងភូមិភាគឦសានសព្វថ្ងៃ នៅតែពេញនិយមព្រះកំចាយនេះរហូតដល់បច្ចុប្បន្ន ។
ទាក់ទងទៅនឹងសារសំខាន់ប្រាសាទតាមាន់តូច លោកមីសែល ត្រាណេ បានបកស្រាយថា ប្រជានុរាស្ដ្រដែលរស់នៅក្នុងតំបន់នៅតែចាត់ទុកថាជាកន្លែងស័ក្ដិសិទ្ធិ ម្ល៉ោះហើយពួកគាត់រមែងតែងតែមកធ្វើពិធីបុណ្យទានឬលាបំណន់នៅទីនេះពីព្រោះគាត់ជឿថាបារមីនៅទីនោះពិតជាមកជួយយកអាសាពួកគាត់ពុំខានឡើយពេលមានអាសន្នម្ដងម្កាល ។ នេះជាសក្ខីកម្មបង្ហាញថាការគោរពបូជាទីតាំងនេះពុំបានដាច់រយៈឡើយតាំងពីសម័យអង្គរមក ។
និយាយម្យ៉ាងទៀតលោកបានឲ្យដឹងថា ប្រាសាទតាមាន់តូចនេះដែលឡោមព័ទ្ធទៅដោយព្រៃភ្នំក៏ជាកន្លែងដែលព្រះភិក្ខុសង្ឃភាវនាធម៌ដែរជាពិសេសនៅរដូវចូលវស្សាតាមទំនៀមទម្លាប់នាសម័យបុរាណ ។ ចំពោះអ្នកបួសទាំងនោះវិញ ការនិមន្តទៅកាន់ទីនោះគឺពិតជានាំមកនូវផលប្រយោជន៍ខាងផ្លូវចិត្ដ និងគំនិតយ៉ាងប្រាកដ ព្រោះមានតែការអប់រំចិត្ដនេះទេ ដែលជាគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សង្គមជាតិជាពិសេសខាងសីលធម៌ ។
ជារួម លោកបណ្ឌិតបានសង្ខេបថា ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ប្រាសាទតាមាន់តូចនេះមិនអាចលុបបំបាត់នូវស្លាកស្នាមវប្បធម៌ប្រវត្ដិសាស្ដ្រដូនតាខ្មែរឬជនជាតិខ្មែរបានឡើយ ។ មានន័យថា ក្រៅពីទេពកោសល្យក្នុងការកសាងមន្ទីរពេទ្យព្យាបាលរោគប្រាសាទថ្មគួរឲ្យស្ញប់ស្ញែងនោះ វាក៏បានឆ្លុះបញ្ចាំងនូវព្រះករុណាមេត្ដាធម៌របស់ព្រះរាជាខ្មែរចំពោះប្រជានុរាស្ដ្រតាមរយៈវិស័យសុខាភិបាលផងដែរ ៕



Comments