ប្រាសាទព្រះមេបុណ្យខាងកើត
ដើម្បីបង្ហាញប្រជារាស្ដ្រគ្រប់ស្រទាប់វណ្ណៈ ឲ្យទទួលស្គាល់ថា ជាស្ដេចអាទិទេព ឬទេវរាជា ព្រះមហាក្សត្រខ្មែរតាំងពីសម័យនគរភ្នំរហូតមកដល់ចុងសម័យអង្គរ តែងតែចាត់ការកសាងប្រាសាទធំៗ ស្ទើរតែគ្រប់រជ្ជកាលទុកជាភ័ស្ដុតាងរហូតសព្វថ្ងៃ ។ ដោយឡែក ប្រាសាទមេបុណ្យខាងកើតត្រូវបានសាងឡើងជានិមិត្ដរូបនៃភ្នំព្រះសុមេរុ៍ ។
ប្រាសាទមេបុណ្យខាងកើតតាំងនៅចន្លោះគីឡូម៉ែត្រលេខ១០ និងលេខ១១ តាមផ្លូវវង់ធំ ចំកណ្ដាលបារាយណ៍បុរាណមួយមានឈ្មោះ យសោធរតដាក ដែលរីងស្ងួតទឹកអស់ក្លាយជាដីគោកទៅហើយ ។ មហាបារាយណ៍គោកនេះ មានបណ្ដោយ៧គីឡូម៉ែត្រ ទទឹង១.៨០ម៉ែត្រ លាតសន្ធឹងពីជើងទៅត្បូង មានភ្លឺព័ទ្ធជុំវិញ សម្រាប់ស្ដុកទឹកទុកប្រើប្រាស់ក្នុងក្រុងយសោធរបុរៈ ដោយមានផ្លូវទទួលប្រភពទឹកពីស្ទឹងធំ ឬស្ទឹងសៀមរាប ។
ព្រះបាទយសោវរ្ម័នទី១ ជាអ្នកចាត់ការកសាងបារាយណ៍ ចំណែកព្រះបាទរាជេន្ទ្រវរ្ម័នទី២ ជាអ្នកចាត់ការកសាងប្រាសាទមេបុណ្យខាងកើត ជាគូនឹងប្រាសាទមេបុណ្យខាងលិច ដែលសង់នៅកណ្ដាលបារាយណ៍ទុកជានិមិត្ដរូបនៃភ្នំព្រះសុមេរុ៍ដែលជាស្ដេចភ្នំ អមដោយទ្វីបធំៗទាំង៤ គឺជម្ពូទ្វីប នៅទិសខាងត្បូង ឧត្ដរកុរុទ្វីប នៅទិសខាងជើង អមរគោយានទី្វប នៅទិសខាងលិច និងបុព្វវិទេហទ្វីប នៅទិសខាងកើត ។ ភ្នំព្រះសុមេរុ៍ជានិវេសនដ្ឋានអចិន្ដ្រៃយ៍របស់ព្រះអាទិទេពធំៗ និងទេពនិករក្នុងលទ្ធិព្រហ្មញ្ញសាសនា ជាមហាបព្វតាដែលគ្មានមនុស្សណាអាចទៅដល់ វៀរលែងតែព្រះអរហន្ត ។
នៅគោបុរៈចូលទៅកាន់ប្រាសាទ មានសិលាចារឹកនិយាយពីព្រះបាទរាជេន្ទ្រវរ្ម័នទី២ អ្នកកសាងប្រាសាទមេបុណ្យនេះ ដែលជាស្ដេចទ្រទ្រង់នូវឫទ្ធិរាជស័ក្ដិដ៏ខ្ពង់ខ្ពស់ ផ្សាយអំណាចរហូតដល់នាយសមុទ្រ ។ ប្រាសាទនេះមានចំណុចសម្គាល់គឺមានរូបដំរីនៅគ្រប់ជ្រុងអនុទិសទាំង៤ មានពាក់ខ្សែក និងកណ្ដឹង ។ នៅថ្នាក់ទី៤ មានប្រាសាទ៤ថ្នាក់ ទី២មានប្រាសាទតូចៗព័ទ្ធជុំវិញ ឯថ្នាក់ទី៣ ជាប្រាសាទកណ្ដាលធំខ្ពស់មានជណ្ដើរឡើងបានទាំង៤ទិស និងមានរូបសំណាកសត្វសីហៈ ជាទ្វារបាលនៅចាំយាមគ្រប់ជណ្ដើរប្រកបដោយឫទ្ធានុភាព ។
គួរបញ្ជាក់ថា ប្រាសាទមេបុណ្យបានកសាងនៅក្នុងគ្រិស្ដសករាជ៩៥២ ឧទ្ទិសចំពោះសាសនាព្រាហ្មណ៍ និកាយព្រះឥសូរ ។ គេជីកបានរូបសំណាកព្រះវិស្ណុផ្ទំផ្អៀងព្រះកាយយកព្រះហស្ដម្ខាងច្រត់ព្រះសិរសាទុកជាភ័ស្ដុតាងនៃភាពរុងរឿងដ៏អស្ចារ្យនៃចក្រភពកម្ពុជា ៕
ប្រភពៈ សាលអាន ថ្ងៃទី ១៣/០៨/២០០៧ (ដកស្រង់ពីទស្សនាវដ្ដីអង្គរធំ)
ខាងក្រោមជារូបភាពប្រាសាទមេបុណ្យខាងកើតដែល ឈូខ្មែរ ថតកាលពីឆ្នាំ២០០៧ និង ២០០៩



Comments
អត្ថបទនេះល្អណាស់! ប្រសិនបើអ្នកបន្ថែមរូបភាពស្អាតៗនៃប្រាសាទមេបុណ្យខាងកើត នោះវានឹងកាន់តែទាក់ទាញអ្នកអានថែមទៀត។ 😊