Serey is utilizing Blockchain technology

ប្រាសាទព្រហ្មកិលនៅលើភ្នំភ្នំដងរែក

longheng

ប្រាសាទព្រហ្មកិលនៅលើភ្នំភ្នំដងរែក


ប្រាសាទ​ព្រហ្មកិល​ស្ថិត​នៅ​ទឹកដី​ស្រុក​ចុងកាល់

ប្រាសាទ​ព្រហ្មកិល ស្ថិត​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៦៨ ក្នុងភូមិ​ជើងទៀន​ ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ដ​ឧត្ដរមានជ័យ រហូត​មក​ដល់​សព្វថ្ងៃ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ នៅ​តែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅ​លើ​បារមី​ប្រាសាទ​នេះ​ថា​ស័ក្ដិសិទ្ធិ​ ជួយ​ដល់​ពួក​គាត់​ឲ្យ​រួច​ចាក​ផុត​ពី​ភាព​មន្ទិល​សៅហ្មង និង​ពី​គ្រោះ​ចង្រៃ​ ហើយ​ផ្ដល់​នូវ​សេចក្ដីសុខ​ចម្រើន​ដល់​គ្រួសារ​របស់​ពួក​គាត់ ។​

ប្រាសាទ​ព្រហ្មកិល​កសាង​ឡើង​នៅ​លើ​ទីទួល​មួយ​នា​សម័យ​អង្គរ​ ដែល​នៅ​ក្បែរ​ប្រាសាទ​មាន​ស្រះ​ទឹក​ចំនួន​២​ តួប្រាសាទ​កម្ពស់​៥​ម៉ែត្រ​កន្លះ ទំហំ​ប្រាសាទ​ ប្រហែល​១៥​ឬ​១៦​​ម៉ែត្រ ៤​ជ្រុង ខាងក្នុង​ប្រាសាទ​មាន​ថ្ម​មួយ​ផ្ទាំង​មាន​សណ្ឋាន​ជា​បល្ល័ង្ក ​បែរមុខ​ទៅ​ទិស​ខាងកើត ។​ ប្រាសាទ​នេះ​នៅ​ខាងជើង​ស្ទឹង​អូរជីក​ចម្ងាយ​ ១៥០​ម៉ែត្រ ហើយ​សង់​នៅ​ដាច់​ឆ្ងាយ​ពី​ប្រាសាទ​ដទៃ​ទៀត​ក្នុង​តំបន់​នោះ និង​កសាង​ឡើង​សម្រាប់​គោរព​បូជា​ទៅ​តាម​ទំនៀមទម្លាប់​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា ។

អ្នក​ភូមិ​នៅ​ក្នុង​តំបន់​នេះ​គ្រប់ៗ​រូប​តែងតែ​យក​ប្រាសាទ​ព្រហ្មកិល​ជា​កន្លែង​បន់ស្រន់​ ស្បថស្បែ​ផ្សេងៗ និង​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន សុំ​ឲ្យ​បារមី​ប្រាសាទ​ព្រហ្ម​កិល​ជួយ​ស្រោចស្រង់​ឲ្យ​រួច​ចាក​ផុត​ពី​មន្ទិល​សៅហ្មង​ទាំងឡាយ ។​ ជា​រៀង​រាល់​ឆ្នាំ​ អ្នក​រស់នៅ​ក្នុង​តំបន់​នេះ​តែងតែ​ធ្វើ​ពិធី​រាំ​របាំ​ដើម្បី​សុំ​ទឹកភ្លៀង​ផង​ដែរ ។​

តាម​ការ​រៀបរាប់​អំពី​ជំនឿ​ទៅ​លើ​បារមី​ប្រាសាទ​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​សម័យ​បារាំង​ត្រួតត្រា ​ប្រាសាទ​នេះ​ជា​កន្លែង​សម្រាប់​អ្នកប្រឆាំង​នឹង​ពួក​បារាំង ចូល​មក​បែ​បន់​សុំ​អំណាច តេជបារមី​អ្នកតា​ព្រហ្មកិល​ជួយ​ដល់​ពួក​គេ​ឲ្យ​គេច​ផុត​ពី​ការ​ធ្វើបាប​របស់​ពួក​បារាំង ។ កាលពី​ជាង​៦០​ឆ្នាំ​មុន ប្រជាពលរដ្ឋ​មាន​ជំនឿ​ខ្លាំង​ណាស់ ព្រោះ​តំបន់​នេះ ស្ថិត​ក្រោម​មនោគម​របស់​សៀម​ផង​ដែរ ដែល​ពេល​នោះ​សៀម​បាន​នាំ​អ្នកស្រុក​ឲ្យ​ដើរ​ចង្អុល​ប្រាសាទ​នេះ ប្រាសាទ​នោះ តែ​ដោយឡែក​ប្រាសាទ​ព្រហ្មកិល​នេះ មិន​អាច​ឲ្យ​ពួក​គេ​រក​ឃើញ​ឡើយ ហើយ​អ្នកស្រុក​រាប់​សិប​នាក់​ដែល​ចូល​ពួន​នៅ​ក្នុង​នោះ​ តែង​គេច​ផុត​ពី​គ្រោះភ័យ​ទាំងឡាយ រួច​ចាក​ផុត​ និង​សុខ​សប្បាយ​រហូត​មក ។​

កាលពី​សម័យ​មុន ប្រាសាទ​នេះ​ស័ក្ដិសិទ្ធិ​ខ្លាំង​ណាស់ ព្រោះ​អ្នក​ដែល​បាន​ទៅ​ស្បថស្បែ​ហើយ​មិន​ប្រកាន់ពាក្យ​សច្ចៈ​របស់​ខ្លួន​នោះ​ តែងតែ​វិនាស និង​ស្លាប់​ដោយ​ដំរី​ជាន់ ខ្លាខាំ ឬ​ពស់​ចឹក ។ ដោយសារ​មាន​ជំនឿ​បែប​នេះ ហើយ​ទើប​មនុស្ស​កាលពី​សម័យ​នោះ​ពួក​គេ​កាន់​ពាក្យ​សច្ចៈ​ទៀងត្រង់​ណាស់ ។​ បារមី​ស័ក្ដិសិទ្ធិ​នៃ​ប្រាសាទ​ព្រហ្មកិល​បាន​ធ្វើ​ឲ្យ​អ្នកស្រុក​ក្នុង​តំបន់​នោះ​មាន​ជំនឿ​យ៉ាង​ខ្លាំង ហើយ​តែង​នាំ​គ្នា​ទៅ​បែបន់​នៅ​ទីនោះ មិន​ថា​តែ​នៅ​រដូវ​បុណ្យ​ទាន​ផ្សេងៗ​នោះ​ទេ គឺ​គេ​តែងតែ​យកនំ​ចំណី ​ពិសេស​ស្រា​និង​ពិឃាត​សត្វ មាន់ ឬ​ជ្រូក​នៅ​ទីនោះ រួច​ធ្វើ​កិច្ច​សូត្រ​មន្តអាគម​ជា​របៀប​ព្រហ្មញ្ញសាសនា​ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​ពួក​គេ​នៅ​តែ​នាំ​គ្នា​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​ភាព​ជឿជាក់​រៀងៗ​ខ្លួន ៕



ប្រភពៈ សាលអាន ថ្ងៃ​ទី​២៦/១២/២០០៧ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)


35.067 SRY$0.00
Khmer Dispatch

Comments