Serey is utilizing Blockchain technology

ប្រាសាទ​មេបុណ្យខាងលិច

longheng

ប្រាសាទ​មេបុណ្យខាងលិច


ប្រាសាទ​មេបុណ្យខាងលិច នៅ​លើ​កោះ​តូច​កណ្ដាល​បារាយណ៍ទឹកថ្លា

ក្នុង​ចំណោម​រមណីយដ្ឋាន​ជា​ច្រើន​នៅ​ក្នុង​ខេត្ដសៀមរាប ​រមណីយដ្ឋាន​បារាយណ៍ទឹកថ្លា​ក៏​ជា​កន្លែង​ទេសចរណ៍​មួយ​ដែល​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិនិយម​ចូល​ចិត្ត​ទៅ​មុជទឹក​លេង​កំសាន្ត ជិះទូក​ទៅ​ទស្សនា​ប្រាសាទ​មេបុណ្យខាងលិច ដែល​ស្ថិត​នៅ​លើ​កូន​កោះ​មួយ​ចំ​កណ្ដាល​នៃ​អាង​បារាយណ៍​ទឹកថ្លា​នោះ ។​

បារាយណ៍ទឹកថ្លា ​ឬ​អាច​ហៅ​ថា​ បារាយណ៍​ខាងលិច​ គឺជា​បឹង​ដែល​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​អង្គរ មាន​កូន​កោះ មួយ​នៅ​ចំ​កណ្ដាល ហើយ​នៅ​លើ​កោះ​នោះ​មាន​ប្រាសាទ​បុរាណ​មួយ​ឈ្មោះ​ថា ​ប្រាសាទ​មេបុណ្យខាងលិច ។ ​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ពាក់កណ្ដាល​សតវត្ស​ទី​១១ ដោយ​ព្រះបាទ​សូរិយាវរ្ម័ន​ទី​១ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ​ក្នុង​ព្រហ្មញ្ញសាសនា ។ ប្រាសាទ​នេះ​មាន​កំពែង​ព័ទ្ធ​ជុំវិញ ដែល​មាន​គោបុរៈ​​បី ហើយ​ប្រាង្គ​ភាគច្រើន​នៃ​ប្រាសាទ​បាន​ដួល​រលំ ប៉ុន្ដែ​ប្រាង្គ​ពីរ​នៅ​ទិស​ខាងកើត​នៅ​ល្អ ។​

ដើម្បី​ទៅ​ដល់​ប្រាសាទ​មេបុណ្យខាងលិច​ គេត្រូវ​ជិះទូក​ចេញ​ពី​ច្រាំង​នៃ​បារារណ៍​ទឹកថ្លា ។ ប្រាសាទ​មេបុណ្យខាងលិច​មាន​ចម្ងាយ​ពី​ទីរួមខេត្ដ​សៀមរាប​ ១១​គីឡូម៉ែត្រ ស្ថិត​នៅ​ចំ​កណ្ដាល​បារាយណ៍ទឹកថ្លា​ ក្នុងស្រុក​ពួក ខេត្ដសៀមរាប ។ បារាយណ៍ទឹកថ្លា​មាន​ទំហំ​បណ្ដោយ​៨​គីឡូម៉ែត្រ​ និង​ទទឹង​៣​គីឡូម៉ែត្រ​ មាន​ប្រភព​ទឹក​ហូរ​មក​ពី​ភ្នំ​គូលែន​ ជា​អាង​សម្រាប់​ស្ដុក​ទឹក​ទុក​ចែកចាយ​នៅ​រដូវ ប្រាំង​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​ធ្វើស្រែ​ បង្ហូរ​ទៅ​ស្ទឹង​សៀមរាប ធ្លាក់​ទៅ​ភ្នំ​ក្រោម និង​ប្រើប្រាស់​ក្នុងភូមិ​វប្បធម៌​នា​ពេល​បច្ចុប្បន្ន ។​

លោកតា​ ហូ ភឿក អាយុ​៧៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោកត្នោត ឃុំ​គោកចក ស្រុក​សៀមរាប ខេត្ដសៀមរាប ប្រកបរបរ​ជា​ហោរា​ទស្សន៍​ទាយ និង​ចាក់​គម្ពីរ​នៅ​លើ​កោះ​ប្រាសាទ​មេបុណ្យខាងលិច​ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​បុរាណ​នេះ​បច្ចុប្បន្ន​ដួល​រលំ​អស់​មួយ​ចំនួន នៅ​សល់​តែ​ប្រាង្គ​ពីរ​ប៉ុណ្ណោះ និង​មាន​ស្រះ​នាង​កែវ​ប្រាំពីរ​ពណ៌ នៅ​ជាប់​ខឿន​ប្រាសាទ​មេបុណ្យខាងលិច​ផង​ដែរ ។​ ចំណែក​ភ្ញៀវ​ដែល​មក​កំសាន្ត​ទី​នេះ​ភាគច្រើន​ជា​ភ្ញៀវ​ជនជាតិ​កូរ៉េ ពួក​គេ​ចូល​ចិត្ដ​មក​ទស្សនា និង​សម្រាក​​លេង​ទី​នេះ ដែល​មាន​តូប​សម្រាប់​ជួល​អង្គុយ​លេង​ផង​ដែរ​ រីឯ​ភ្ញៀវ​ខ្មែរ​យើង​វិញ​ មាន​ខ្លះ​មក​បន់ស្រន់​នៅ​ពេល​ដែល​មាន​ជំងឺ ឬ​មាន​បញ្ហា​អ្វីមួយ ហើយ​ពេល​បាន​សះស្បើយ ឬ​រួច​ផុត​ពី​ក្ដី​មន្ទិល​សៅហ្មង​ ក៏​មក​លាបំណន់ ដោយ​មាន​រៀបចំ​ពិធីសែនព្រេន និង​លេង​ភ្លេង​ពិណពាទ្យ​ជាដើម ។​

ចំណែក​លោកយាយ​ ឡឹង កែម អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយឈើ ឃុំ​ទឹកវិល ស្រុក​ពួក ខេត្ដសៀមរាប ដែល​ជា​ម្ចាស់​តូប​ជួល​មាន​ប្រសាសន៍​ថា លោកយាយ​និង​គ្រួសារ​មក​នៅ​លើ​កោះ​នេះ​តាំងពី​នៅ​ព្រៃ​នៅឡើយ ហើយ​បាន​កាប់​ឆ្ការ លុះ​ក្រោយមក​ទើប​មាន​អ្នក​មក​លេង​ទី​នេះ ។ លោកយាយ​បាន​ដំណាល​នូវ​អ្វី​ដែល​ធ្លាប់​ដឹង​ឮ​តៗ​គ្នា​ថា កាលពី​ជំនាន់​ស្ដេច​ជ័យវរ្ម័ន​ទី​៧ ព្រះ​អង្គ​ចិញ្ចឹម​ក្រពើ​មួយ​ក្បាល​ឈ្មោះ​អា​ថុន ហើយ​បុត្រី​ស្ដេច​ចិន​ឈ្មោះ​ព្រះ​នាង​កែវ​៧​ពណ៌​ បាន​ស្រឡាញ់​គ្នា​ជាមួយ​ក្រពើ​ ក៏​នាំ​គ្នា​រត់​ពីលើ កោះ​នេះ​ ដោយ​ក្រពើ​លេប​នាង​កែវ​៧​ពណ៌​ចូល​ក្នុង​ពោះ ហេតុ​ដូចនេះ​ហើយ​ទើប​មាន​ស្រះ​នាង​កែវ​៧​ពណ៌ ៕




ប្រភពៈ សាលអាន ថ្ងៃ​ទី ១០/០៨/២០០៧ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

482.816 SRY$0.00
Khmer Dispatch

Comments