ប្រាសាទត្រាវ (២)
ទិដ្ឋភាពប្រាសាទត្រាវ
ប្រាសាទត្រាវ មានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ដសៀមរាបស្ថិតនៅឃុំគោកដូង ស្រុកអង្គរជុំ ដោយគេអាចធ្វើដំណើរកាត់តាមបរិវេណមុខប្រាសាទអង្គរវត្ដទៅទិសខាងជើង ឆ្លងកំពែងអង្គរធំតាមផ្លូវក្រួសក្រហមនឹងទៅដល់បុរាណស្ថាននេះជាមិនខាន ។
ប្រាសាទត្រាវសាងបែរមុខទៅទិសខាងកើត ស្ថិតនៅលើទីទួលមួយដោយមានកសិណទឹកព័ទ្ធជុំវិញ និងជ្រកពីក្រោមរុក្ខាចោលម្លប់ត្រឈឹងត្រឈៃ ។ នៅពីមុខប្រាសាទមានផ្លូវចូលមានជណ្ដើរខ្លោងទ្វារ និងមានរូបសំណាកតោទ្វារ១គូ ដែលនៅសល់តែដងខ្លួនប៉ុណ្ណោះ ឯក្បាលត្រូវជនទុច្ចរិតលួចដាប់យកទៅបាត់ ។ នៅតាមជញ្ជាំងក៏មានក្បូរក្បាច់រចនាលើថ្មភក់យ៉ាងវិចិត្រ ប៉ុន្ដែបានជ្រុះរប៉ាត់រប៉ាយរបេះក្បាច់ ដោយសារតែសង្គ្រាមអូសបន្លាយ ខ្វះកិច្ចអភិរក្ស និងត្រូវឈ្មួញរកស៊ីជួញក្បាលអ្នកតាចាំតែបំផ្លាញគ្មានស្រណោះ ។ តាមការពិនិត្យល្អិតល្អន់ទៅប្រាសាទនេះ នៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មខ្មែរសុទ្ធសាធ ប៉ុន្ដែពុំដឹងថា បានកសាងនៅក្នុងរជ្ជកាលស្ដេចអង្គណាឡើយ គ្រាន់តែឮតាមរយៈការតំណាលតៗគ្នាប៉ុណ្ណោះថាកកើតឡើងនៅដើមសម័យអង្គរ បើគិតទៅមានអាយុជាង ១ពាន់ឆ្នាំហើយ ។
លោកតាឡុច ភឿន អាយុ៨២ឆ្នាំ រស់នៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្ដសៀមរាប បានមានប្រសាសន៍ថា តាំងតែពីគាត់នៅតូច តែងទៅលេងកម្សាន្តនៅក្នុងប្រាសាទត្រាវនេះជារឿយៗដោយពុំដឹងកសាងពីសម័យណាទេឃើញតែប៉ុណ្ណឹង ប៉ុន្ដែកាលមុនរូបចម្លាក់នៅគង់វង្សទាំងអស់ ទើបតែសម័យសង្គ្រាមជាង ៣ទសវត្សនេះ ជនទុច្ចរិតបានឆ្លៀតឱកាសមកដាប់យករូបចម្លាក់ល្អៗអស់ ។ ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ១៣កើត ខែមាឃ អ្នកស្រុកតែងមូលមតិគ្នាធ្វើបុណ្យរំឭកគុណបុព្វបុរសកសាងប្រាសាទ និងថ្វាយភ្លេងពិណពាទ្យដល់អ្នកតាចាស់ស្រុក ឈ្មោះតាគង់ យាយត្រប់ ដែលជាបារមីថែរក្សាប្រាសាទមិនដែលខានទេ ។
អ្នកស្រីសាមឿន នៃ អាយុជាង៥០ឆ្នាំ រស់នៅភូមិសត្វត្រាវ ឃុំស្រុកដូចខាងលើ បានឈរចង្អុលបង្ហាញតួប្រាសាទទាំងក្រៀមក្រំថា គាត់ស្ដាយណាស់ពុំគួរជនទុច្ចរិតហ៊ានបំផ្លាញប្រាសាទដ៏មានចំណាស់នេះសោះ ។ ពួកវាបានដាប់យករូបចម្លាក់អ្នកតាខ្វាក់-ខ្វិនក្បាលតោ១គូ ដែលឈរយាមមុខខ្លោងទ្វារ រីឯកំពូលប្រាសាទ ត្រូវពួកវាវាយដាប់យករូបចម្លាក់ល្អៗអស់ ប៉ុន្ដែពួកនោះក៏ត្រូវបណ្ដាសារបស់បារមីប្រាសាទ បានស្លាប់ជាបន្តបន្ទាប់ ព្រោះជនទុច្ចរិតនោះគាត់ដឹងថា នៅមិនឆ្ងាយទេ ។ តាំងពីឆ្នាំ១៩៩៤មក អ្នកស្រុកតែងប្រារឰពិធីបុណ្យរំឭកគុណ និងបន់ស្រន់សុំទឹកភ្លៀងឲ្យបង្អុរស្របរដូវកាល និងសង្កេតឃើញថាស័ក្ដិសិទ្ធិណាស់ ។
លោក ញិន ឈៀក អាយុ៤៩ឆ្នាំ មេភូមិសត្វត្រាវបានឲ្យដឹងថា ប្រាសាទត្រាវមានបារមីតាគង់ យាយត្រប់ ថែរក្សា ព្រោះកាលពីសម័យសង្គ្រាមសូម្បីតែគ្រាប់ផ្លោងធ្លាក់ចំក៏មិនផ្ទុះដែរ ហើយជំនាន់មុន សូម្បីសត្វហើររំលងក៏មិនបានដែរ ។ អ្នកកាត់សក់ឡុងសុងបើដើរកាត់មុខប្រាសាទ នឹងឈឺភ្លាម នេះបើតាមចាស់ៗតំណាលប្រាប់តៗមក ។ តែគួរឲ្យសោកស្ដាយណាស់តាំងពីឆ្នាំ១៩៩១មក ដោយសារតែក្រុមជនអគតិមួយចំនួនបានមកលួចដាប់បំផ្លាញរូបចម្លាក់ទើបធ្វើឲ្យប្រាសាទនេះទ្រុឌទ្រោមពី១ថ្ងៃទៅ១ថ្ងៃគួរឲ្យស្ដាយ ។
លោកមេភូមិបញ្ជាក់ថា កាលពីសម័យមុន កសិណទឹកជុំវិញប្រាសាទជ្រៅណាស់អាចស្ដុកទឹកខួបប្រាំងខួបវស្សាសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ប៉ុន្ដែបច្ចុប្បន្នបានរាក់អស់ទៅហើយ ។ លោកនិងអ្នកភូមិមានគម្រោងចង់ស្ដារគូទឹកនេះ យកអាចម៍ដីទៅចាក់ទប់ទីទួលប្រាសាទផងរក្សាទឹកទុកឲ្យបានគ្រប់គ្រាន់ផង ៕



Comments