Serey is utilizing Blockchain technology

ប្រាសាទ​តាព្រហ្ម​ទន្លេបាទី

longheng

ប្រាសាទ​តាព្រហ្ម​ទន្លេបាទី


ប្រាសាទ​តាព្រហ្ម​នៅ​រមណីយដ្ឋាន​បាទី

រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​ទន្លេ​បាទី គឺជា​កន្លែង​ដំណើរ​កំសាន្ត​ដ៏​ល្បីល្បាញ​មួយ​ដែល​អ្នកទេសចរ​ជិត​ឆ្ងាយ​និយម​នាំ​គ្នា​ទៅ​ទស្សនា​ជា​ហូរហែ ។ នៅ​ក្នុង​រមណីយដ្ឋាន​នោះ​ មាន​ប្រាង្គ​ប្រាសាទ​ថ្ម​ពីរ​ដែល​កសាង​ពី​សម័យ​មហានគរ​ ហើយ​បាន​ទទួល​រង​នូវ​ការ​ខូចខាត​អស់​មួយ​ភាគ​ធំ​ដោយសារ​សង្គ្រាម​ និង​ជន​ទុច្ចរិត​ពី​អតីតកាល ។ ចំណែក​ប្រាសាទ​តាព្រហ្ម​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​នោះ​ក៏​រង​នូវ​ការ​ខូចខាត​ដែរ​ ប៉ុន្ដែ​នៅ​តែ​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​សិក្សា​ស្រាវជ្រាវ និង​អ្នកទេសចរ​ជា​បន្តបន្ទាប់ ។​

នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ចម្ងាយ​ប្រមាណ ​៣៥​គីឡូម៉ែត្រ រួច​បត់​ចូល​ទៅ​ខាងស្ដាំ​ដៃ​ចូល​តាម​ផ្លូវលំ​ប្រមាណ​ ២​គីឡូម៉ែត្រ​ នឹង​ដល់​រមណីយដ្ឋាន​ទន្លេ​បាទី​ដែល​មានទឹក​ល្ហល្ហេវ​ខួប​ប្រាំង​វស្សា បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកទេសចរ ចំណែក​នៅ​ទួល​នោះ​មាន​ប្រាសាទ​បុរាណ​ពីរ គឺ​ប្រាសាទ​តាព្រហ្ម និង​ប្រាសាទ​យាយពៅ ។ ប្រាសាទ​បុរាណ​នេះ​ស្ថិត​នៅ​ភូមិ​ទក្សិណ ឃុំ​ក្រាំងធ្នុង ស្រុក​បាទី ខេត្ដតាកែវ ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​នា​សម័យ​មហានគរ​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា តាម​រចនាប័ទ្ម​បាយ័ន ធ្វើ​ពី​ថ្មបាយក្រៀម មាន​បណ្ដោយ​៤២​ម៉ែត្រ ទទឹង​៣៦​ម៉ែត្រ​ និង​កម្ពស់​១១​ម៉ែត្រ ។​

នៅ​ជុំវិញ​ប្រាសាទ​មាន​ថែវ គោបុរៈ​ និង​គូ​ទឹក​ព័ទ្ធ​ជុំវិញ ប៉ុន្ដែ​ត្រូវ​ខូចខាត​អស់ហើយ ។ នៅ​ក្នុង​បន្ទប់​នៃ​ប្រាសាទ ​គេ​ខណ្ឌ​ចែក​ជា​៥​ផ្នែក ដោយ​មាន​តម្កល់​ព្រះ​ពុទ្ធរូប​សម្រាប់​គោរព​បូជា​ទៀត​ផង ​ហើយ​ផ្នែក​ខាងក្រោម​មាន​ក្បូរក្បាច់​ចម្លាក់​ផ្សេងៗ​ និង​រូប​គ្រុឌ​ដែល​ទាក់ទង​នឹង​រឿងព្រេង​និទាន​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា ។​

នៅ​តំបន់​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​រៀបចំ​ជា​កន្លែង​លំហែកាយ​តាម​មាត់​ទន្លេ មាន​តូប​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី និង​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក​សម្រាប់​អ្នក​ទេសចរណ៍​អង្គុយ​លំហែកាយ​ និង​មាន​កន្លែង​ងូតទឹក​កម្សាន្ត ។ ជា​ពិសេស​ក្រុមហ៊ុន​បាន​រៀបចំ​សម្រួល​បរិស្ថាន​អនាម័យ​កន្លែង​ផ្ញើ​កង់ ម៉ូតូ និង​មាន​លក់ដូរ​ម្ហូបអាហារ​សម្រាប់​ឲ្យ​ភ្ញៀវ​ទទួលទាន​យ៉ាង​សម្បូរ​បែប​ទៀត​ផង ។​

ទាក់ទិន​នឹង​ប្រាសាទ​បុរាណ​នេះ​ បើ​តាម​ប្រជុំរឿងព្រេង​ខ្មែរ​ភាគ​ទី​៥ ​បាន​និទាន​ថា ព្រះបាទ​កេតុមាលា សោយរាជ្យ​នៅ​មហានគរ​ ជា​ស្ដេច​មានបុណ្យ​អស្ចារ្យ​ណាស់ ។ វេលា​ថ្ងៃមួយ​ស្ដេច​ទ្រង់​អផ្សុក​ គង់​ក្នុង​ប្រាសាទ​ពុំ​បាន ទ្រង់​ក៏​យាង​កម្សាន្ត​ព្រះរាជ​ហឫទ័យ​ជាមួយ​និង​ពលរេហ៍ ដោយ​ផ្លូវ​នាវា​តាម​ឆ្នេរ​សមុទ្រ​ត្រើយ​ខាងត្បូង ។ លុះ​យាង​ទៅ​ដល់​ទន្លេ​បាទី ទ្រង់​ចត​ព្រះ​ទីនាំង​នាវា​នៅ​ត្រើយ​នោះ ហើយ​អ្នកស្រុក​ពេល​ឮដំណឹង​ក៏​នាំ​គ្នា​ថ្វាយបង្គំ និង​នាំ​នូវ​សួយសារអាករ​មក​ថ្វាយ​ព្រះ​អង្គ​គ្រប់ៗ​គ្នា ។​

កាលនោះ​មាន​ស្ដ្រី​ម្នាក់​មានទ្រព្យ​សម្បត្ដិ​ស្ដុកស្ដម្ភ​ និង​មានកូន​ស្រី​ឈ្មោះ​ ពៅ មាន​រូបសម្បត្ដិ​ស្រស់​ស្អាត​លើស​ស្រី​ផង​ទាំងពួង ហើយ​គាត់​នាំ​កូន​របស់​គាត់​ទៅ​គាល់​ស្ដេច​ជា​រៀងរាល់ថ្ងៃ ។ ព្រះ​កេតុមាលា​ពេល​ទត​ឃើញ​នាង​ពៅ​មាន​រូបសម្បត្ដិ​ស្រស់​ស្អាត​ ក៏​ចេះ​តែ​ធ្វើ​ការ​ចំអែចំអន់​ និង​មាន​ព្រះ​ទ័យ​ប្រតិព័ទ្ធ​ទៀត​ផង ។ ចំណែកឯ​ម្ដាយ​នាង​ពៅ​ឃើញ​ដូច្នេះ ក៏​លើក​នាង​ពៅ​ថ្វាយ​ព្រះមហាក្សត្រ​ ហើយ​ព្រះ​អង្គ​ក៏​តែងតាំង​ជា​អគ្គមហេសី ។ ព្រះ​អង្គ​បាន​គង់នៅ​ទីនោះ​រយៈពេល​៣​ខែ ហើយ​នាង​ពៅ​ក៏​មានគភ៌​ ពេល​នោះ​ព្រះមហាក្សត្រ​ក៏​បាន​យាង​ត្រឡប់​ទៅ​ព្រះ​មហានគរ​វិញ ដោយ​ព្រះ​អង្គ​បាន​ទុក​ព្រះ​ទម្រង់​ឲ្យ​នាង​ពៅ​ទុកជា​ភស្ដុតាង ។​

ព្រះ​អង្គ​ទ្រង់​ផ្ដាំផ្ញើ​ថា ពេល​បុត្រ​ធំ​ដឹងក្ដី បើ​មិន​មាន​ការងារ​អ្វី​ធ្វើ ឲ្យ​ទៅ​រក​ចុះ ដោយ​គ្រាន់តែ​បង្ហាញ​ព្រះ​ទម្រង់ ចំណែក​នាង​ពៅ​មាន​ការ​អាលោះ​អាល័យ​ព្រះ​ស្វាមី​ ដោយ​យំសោក​សង្រេង​យ៉ាង​ខ្លាំង ​ព្រោះ​ស្វាមី​មិន​ឲ្យ​ទៅ​តាម ។ ​ក្រោយមក​ គភ៌​នាង​ពៅ​គ្រប់​ខែ​ក៏​ប្រ​សូត្រ​ព្រះរាជ​បុត្រា​មួយ​អង្គ​ មាន​រូបល្អ​ដូច​ព្រះ​បិតា ដោយ​ម្ដាយ​ឲ្យ​នាម​ថា​ អង្គ​ព្រហ្ម​កុមារ ​ដោយសារ​ព្រះរាជ​កុមារ​ប្រសូត​នៅ​ព្រំ​ទន្លេ ។ អង្គព្រហ្ម​ធំ​ឡើង​ក៏​សួរនាំ​មាតា​រក​បិតា​របស់​ខ្លួន ពេល​នោះ​នាង​ពៅ​ក៏​បាន​ប្រាប់​កូន​ថា បិតា​របស់​កូន​គង់នៅ​ឯ​មហានគរ​ឯណោះ ។​


នាង​ពៅ​គ្រាន់តែ​និយាយ​ចប់​ក៏​ដោះ​ព្រះ​ទម្រង់​ឲ្យ​កូន​ពាក់​នៅ​ព្រះ​ហស្ដ​ស្ដាំ​ ហើយ​អង្គ​ព្រហ្ម​ក៏​លា​មាតា​ឡើង​ជិះសេះ​រហូត​ដល់​ខ្លោងទ្វារ​ប្រាសាទ​មហានគរ បាន​ជួប​អ្នក​ចាំ​ទ្វារ​សួរ​រក​ព្រះ​បិតា ។ បន្ទាប់​ពី​បាន​ស្ដាប់​រួច​ហើយ​ ឆ្មាំ​ក៏​ចាត់​ឲ្យ​កូនចៅ​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច ទ្រង់​ជ្រាប​ក៏​ត្រាស់​បង្គាប់​ឲ្យ​ចូល ហើយ​អង្គព្រហ្ម​ចូល​ថ្វាយបង្គំ​ព្រះ​វរបិតា រួច​ដោះ​ព្រះ​ទម្រង់​ថ្វាយ ។ ព្រះ​កេតុមាលា​ទត​ឃើញ​អង្គព្រហ្ម និង​ព្រះ​ទម្រង់​ក៏​ស្គាល់​ច្បាស់​ជា​រាជបុត្រ និង​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ ​រួច​មក​ក៏​ចាត់​ព្រះរាជ​កុមារ​ឲ្យ​ធ្វើ​ជា​ចៅហ្វាយស្រុក​នៅ​ត្រើយ​ខាងកើត​ទន្លេ ដោយសារ​នៅ​ទីនោះ​មិន​ទាន់​មាន​នាម៉ឺន​នៅ​ត្រួតត្រា ។​

លុះ​ពេល​អង្គ​ព្រហ្ម​បាន​ធ្វើ​ស្ដេច​ក្រាញ់​នៅ​ស្រុក​នោះ ហើយ​ទ្រង់​បាន​ចាត់ចែង​ឲ្យ​កសាង​ប្រាសាទ​២ មួយ​ជូន​មាតា​ និង​មួយទៀត​គង់នៅ​ផ្ទាល់ខ្លួន ដោយ​បាន​ធ្វើ​បន្ទាយ​ព័ទ្ធ​ជុំវិញ​ទៀត​ផង ។ ចំណែក​នៅ​ក្បែរ​នោះ​ជាទី​ក្រសាល និង​កន្លែង​បំពេញការងារ​របស់​រាជការ​គ្រប់​ជាន់ថ្នាក់​ដែល​ត្រូវ​មក​ជួប​ប្រជុំ​គ្នា ។​

រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​ទន្លេ​បាទី មាន​សំណង់​ប្រាសាទ​ដែល​បុព្វបុរស​យើង​បាន​បន្សល់​ទុក ​នៅ​ខាងលិច​ប្រាសាទ​មាន​ទឹក​ខួបប្រាំង​ខួបវស្សា​ ដែល​ពួក​អាជីវករ​សង់​តូប​សម្រាប់​អង្គុយ​កម្សាន្ត និង​កន្លែង​ហែល​ទឹក​លេង ។ ដោយសារ​តែ​ទីនោះ​មាន​បរិស្ថាន​ល្អ​ មាន​អនាម័យ​ និង​មាន​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សន្ដិសុខ​គួរ​ជាទី​ពេញចិត្ដ ។ សព្វ​ថ្ងៃនេះ នៅ​ថ្ងៃ​ឈប់​សម្រាក និង​បុណ្យ​ទាន​ម្ដងៗ ​មាន​ប្រជាពលរដ្ឋ​ និង​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​នាំ​គ្នា​ទៅ​ទស្សនា​យ៉ាងច្រើន​កុះករ ៕


ប្រភពៈ សាលអាន ថ្ងៃ​ទី ២៨/០៩/២០០៧ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)
33.385 SRY$0.00
Khmer Dispatch

Comments