Serey is utilizing Blockchain technology

ប្រាសាទ​មេបុណ្យ​បន្ទាយឆ្មារ

longheng

ប្រាសាទ​មេបុណ្យ​បន្ទាយឆ្មារ


ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះ​អង្គ​បាន​កសាង​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពាសពេញ​ផ្ទៃ​ប្រទេស​ក្នុង​នោះ​ប្រព័ន្ធ​ធារាសាស្ដ្រ ស្រះ​ទឹក សាលាសំណាក់ មន្ទីរពេទ្យ ប្រាង្គ​ប្រាសាទ​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​សាសនា​ព្រលឹង​បុព្វការី​ជន​ និង​បម្រើ​វិស័យ​សង្គមកិច្ច ។​ ចំណែក​ប្រាសាទ​មេបុណ្យ ស្ថិត​នៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ដ​បន្ទាយមានជ័យ ដែល​មាន​សភាព​ទ្រុឌទ្រោម​ត្រូវ​បាន​គេ​អះអាង​ថា បុព្វបុរស​យើង​កសាង​ឡើង​ក្នុង​បំណង​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​មាតា​នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​សោយ​ទីវង្គត​នៅ​ទីនោះ ។​

ប្រាសាទ​មេបុណ្យ គេ​អាច​ធ្វើ​ដំណើរ​ចេញពី​ទីប្រជុំជន​ខេត្ដបន្ទាយមានជ័យ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៧ ឆ្ពោះទៅ​ទិស​ខាងជើង​ឆៀង​ខាងលិច​រហូត​ដល់​ប្រាសាទ​បន្ទាយឆ្មារ រួច​បន្តដំណើរ​ទៅ​ទិស​ខាងលិច​ប្រហែល​១​គីឡូម៉ែត្រ​នឹង​ឃើញ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​កសាង​ពី​ថ្មភក់ និង​ថ្មបាយក្រៀម ស្ថិត​នៅ​កណ្ដាល​ទ្រូងព្រៃ​ស្ងាត់ជ្រងំ​ដែល​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម ការ​គំរាមកំហែង​នៃ​ធម្មជាតិ និង​ជន​ទុច្ចរិត​លួច​គាស់កកាយ​រក​វត្ថុ​មាន​តម្លៃ ។​

ប្រាសាទ​នេះ​ត្រូវ​បាន​អ្នកស្រុក​ហៅ​ឈ្មោះ​រហូត​ដល់​៣​គឺ​ ប្រាសាទ​ព្រះ​មេបុណ្យ ប្រាសាទ​ព្រះ​ម៉ែ​មានបុណ្យ​ និង​ប្រាសាទ​មេបុណ្យ​ កសាង​នៅ​ចុង​សតវត្ស​ទី​១២​ តាម​រចនាប័ទ្ម​បាយ័ន​ មាន​ទំហំ​៥០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​ មាន​ស្រះ​ទឹក​ព័ទ្ធ​ជុំវិញ ។​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ កសាង​ប្រាសាទ​នេះ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​មាតា​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ ហើយ​សោយ​ទិវង្គត ខណៈ​ដែល​ព្រះ​អង្គ​ចេញ​ទៅ​ធ្វើសឹក​សង្គ្រាម​យូរ​ពេក​ធើ្វ​ឲ្យ​ព្រះ​មាតា​ព្រួយព្រះទ័យ​រហូត​ដល់​ក្ស័យ​ព្រះ​ជន្ម ។​

ទាក់ទិន​ទៅ​នឹង​ប្រាសាទ​មេបុណ្យ​នេះ ​បើ​តាម​ការ​តំណាល​របស់​អ្នកស្រុក​រស់នៅ​តំបន់​នោះ​ថា ក្នុង​សម័យ​នោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ដឹកនាំ​កងទ័ព​ចេញ​ទៅ​ធ្វើសង្គ្រាម​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ដើម្បី​ពង្រីក​ទឹកដី ហើយ​ជាប់ដៃ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ដោយសារ​កងទ័ព​សត្រូវ​មាន​គ្នា​ច្រើន​ពេក​ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​សេនា​យក​ដំណឹង​នេះ​មក​ថ្វាយ​ព្រះ​នាង​ឥន្ទ្រទេវី ជា​អគ្គមហេសី​ដើម្បី​ជួយ​កេណ្ឌ​កងទ័ព​បន្ថែម​ទៀត ។​

ដំណឹង​នៃ​ការ​ចេញ​ទៅ​ធ្វើសឹក​សង្គ្រាម​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​លេចឮ​ដល់​ព្រះ​មាតា​ធ្វើ​ឲ្យ​ព្រះ​អង្គ​មាន​អារម្មណ៍​តក់ស្លុត​ភ័យ​ព្រួយ​ចំពោះ​បុត្រ​យ៉ាង​ខ្លាំង​ ហើយ​ទ្រង់​ព្រះ​កន្សែង​ទាំង​យប់​ទាំង​ថ្ងៃ​រហូត​ដល់​ធ្លាក់​ព្រះ​កាយ​ប្រឈួន​យ៉ាង​ខ្លាំង ។ ចំណែក​ព្រះ​នាង​ឥន្ទ្រទេវី​បាន​បញ្ជា​ឲ្យ​គេ​កេណ្ឌ​ប្រជារាស្ដ្រ​រៀបចំ​កងទ័ព​ទៅ​ជួយ​ច្បាំង​រហូត​ទទួល​បាន​ជ័យ​ជំនះ​ទាំងស្រុង ។ បន្ទាប់​ពី​ច្បាំង​ឈ្នះសត្រូវ​ភ្លាម​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ត្រឡប់​មក​នគរ​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​ជួប​ព្រះ​ភ័ក្ដ្រ​ព្រះ​មាតា ដែល​កំពុង​មាន​ប្រឈួន​ខ្លាំង ប៉ុន្ដែ​ជា​អកុសល​ព្រះ​មាតា​បាន​សោយ​ទីវង្គត​ពេល​ព្រះ​អង្គ​យាង​ទៅ​ជិត​ដល់ ។​

ការ​សោយ​ទីវង្គតរបស់​ព្រះ​មាតា​បាន​ធ្វើ​ឲ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មានទុក្ខ​ក្រៀមក្រំ​អាលោះ​អាល័យ​ចំពោះ​ព្រះ​មាតា​យ៉ាង​ខ្លាំង​ ដោយ​បាន​បញ្ជា​ឲ្យ​ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី​រៀបចំ​ពិធីបុណ្យ​កសាង​ប្រាសាទ​មេបុណ្យ​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​មាតា​ ហើយ​ព្រះ​អង្គ​ចង់​បូជា​ព្រះ​កាយ​ព្រះ​អង្គ​ដើម្បី​លាងបាប​ទៀត​ផង ។ ប៉ុន្ដែ​ដោយ​មាន​ការ​អង្វរក​ពី​សំណាក់​ពល​សេនា នាម៉ឺន​សព្វ​មន្ដ្រី​ខ្លាំងៗ​ពេក ព្រះ​អង្គ​ទ្រង់​សណ្ដាប់ ហើយ​ឲ្យ​គេ​ធ្វើ​មឈូស​នៅ​ផ្នែក​ខាងក្រោម​ប្រាសាទ​ទុក​សម្រាប់​ព្រះ​អង្គ​ចូល​ផ្ទុំ​ពេល​បូជាសព​ព្រះ​មាតា ។ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​មាន​ប្រាសាទ​នោះ​រាង​ដូច​មឈូស​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ ។​


ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​សម័យ​មុន​ប្រាសាទ​នេះ​មាន​ក្បាច់ចម្លាក់​ល្អ​ប្រណីត​គួរ​ឲ្យ​គយគន់​ខ្លាំង​ណាស់​ ហើយ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន​ថែម​ទៀត ប៉ុន្ដែ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០ ​និង​៩០​ ត្រូវ​ជន​ទុច្ចរិត​លួច​គាស់​កាយ​រំលើង​យក​វត្ថុ​មាន​តម្លៃ​ ដូចជា ​នាគ គ្រុឌ រូប​បដិមា និង​ស្វែងរក​វត្ថុ​ផ្សេងៗ​នៅ​តាម​គ្រឹះ​ប្រាសាទ​ធ្វើ​ឲ្យ​បាត់បង់​ទ្រង់ទ្រាយ​ដើម​អស់​មួយ​ភាគ​ធំ ។ ប្រាសាទ​មេបុណ្យ​កាលពី​សម័យ​មុន​អ្នកស្រុក​មាន​ជំនឿ​ចំពោះ​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ ហើយ​មិនសូវ​មាន​អ្នក​ណា​ហ៊ាន​ទៅ​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស​នោះ​ទេ បើ​ពុំនោះ​ទេ​នឹង​ឈឺ​ចុកពោះ​រហូត​ដល់​ស្លាប់ ។ ប៉ុន្ដែ​សព្វ​ថ្ងៃនេះ​បារមី​នៅ​ទីនោះ​បាន​សាបរលាប​ស្ទើរ​ទាំងអស់​ទៅ​ហើយ ។​

ប្រាសាទ​មេបុណ្យ​ទោះបីជា​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​អស់​មួយ​ភាគ​ធំ​យ៉ាងនេះ​ក្ដី ��៉ុន្ដែ​ដោយ​មានការ​ការពារ​ពី​អាជ្ញាធរ​ និង​មន្ដ្រី​ជំនាញ​សព្វថ្ងៃ​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​នាំ​គ្នា​ទៅ​ទស្សនា​និង​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​ស្រាវជ្រាវ​ប្រវត្ដិសាស្ដ្រ​ផង​ដែរ ។​ ប្រាសាទ​មេបុណ្យ​នៅ​ខេត្ដ​បន្ទាយមានជ័យ​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​មាតា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ចំណែក​ប្រាសាទ​មេបុណ្យ​ខាងលិច ខាងកើត​នៅ​ខេត្ដសៀមរាប ​គឺ​កសាង​ឡើង​ដើម្បី​បញ្ជាក់​ពី​ការ​រីក​ចម្រើន​រុងរឿង ការងារ​កសិកម្ម ប្រព័ន្ធ​ធារាសាស្ដ្រ និង​ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​របស់​ជាតិ​ស���សន៍​ខ្មែរ​នា​សម័យ​មហានគរ ៕


ប្រភពៈ ​សាលអាន ថ្ងៃ​ទី ១៦/០៣/២០០៧​ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)


92.271 SRY$0.00
Khmer Dispatch

Comments