ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធស្នាព្រះហស្ដព្រះបាទជ័យវរ្ម័នទី៧កសាងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា
ប្រាសាទនាគព័ន្ធស្ថិតនៅក្នុងក្រុមប្រាសាទវង់ធំនៃក្រុងអង្គរខេត្ដសៀមរាប ដោយចុះពីផ្លូវចម្ងាយប្រមាណ៣០០ម៉ែត្រ ស្ទើរតែនៅទល់មុខប្រាសាទក្រោលគោ ពោលគឺប្រាសាទនេះស្ថិតនៅចំកណ្ដាលបារាយណ៍ជ័យតដាកៈ ។
យោងតាមឯកសារដែលផ្ដល់ដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដសៀមរាបបានសរសេរឲ្យដឹងថា ប្រាសាទនាគព័ន្ធបានកសាងឡើងក្នុងអំឡុងពាក់កណ្ដាលសតវត្សរ៍ទី១២ ដោយស្នាព្រះហស្ដរបស់ព្រះបាទជ័យវរ្ម័នទី៧បច្ឆាមរណៈព្រះនាមមហាបរមសំគតបតៈ ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន ។ តាមឯកសារដដែលបានបញ្ជាក់ឲ្យដឹងថា ឈ្មោះនៃប្រាសាទនាគព័ន្ធត្រូវបានកំណត់ហៅតាមរូបសំណាកនៃសត្វពស់នាគពីរដែលរុំកន្ទុយគ្នានៅផ្នែកខាងលិច ហើយក្បាលទាំង២បែរទៅទិសខាងកើតវ័ណ្ឌជារង្វង់មូលដែលមានប្រាសាទនៅកណ្ដាល ។
មន្ដ្រីជំនាញផ្នែកបុរាណវិទ្យានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្ហាញឲ្យដឹងដែរថា ប្រាសាទនាគព័ន្ធស្ថិតនៅតាមអ័ក្សជាមួយប្រាសាទព្រះខ័នដែលមានឈ្មោះថា ជ័យតដាកៈ មានបណ្ដោយ៣៥០០ម៉ែត្រ និងទទឹង៩០០ម៉ែត្រ ។ តាមឯកសារខ្លះបានឲ្យដឹងថា តាមសិលាចារឹកនៅប្រាសាទព្រះខ័នបានបញ្ជាក់ថា ជ័យតដាកៈគឺជាឈ្មោះបឹងមួយនៅខាងជើង ។ លោកជីវតាខ្វាន់បានពណ៌នាថា ស្រះនេះមានទឹកថ្លាមកពីរស្មីនៃប្រាសាទដែលមានពន្លឺដូចមាសចាំងឆ្លុះលាយឡំនឹងផ្កាឈូកដែលនាំមកនូវពណ៌សម្បុរដូចទឹក «បឹងឈាម» នៃព្រះភគវ័ន្ដ ។ នៅកណ្ដាលបឹងមានប្រាសាទដែលគួរឲ្យរីករាយទៅតាមផ្ទៃទឹកដែលព័ទ្ធជុំវិញតួប្រាសាទនេះ ហើយដែលទឹកនេះគឺជាទឹកគន្ធី «ទឹកមន្ត» សម្រាប់លាងបាបដែលប៉ះពាល់ ។ ការឆ្លងកាត់តាមទឹកបឹងនេះទៅកាន់បរិវេណប្រាសាទពីសម័យមុន គេត្រូវជិះដោយទូកនៅក្នុងរដូវវស្សា ។
តាមសៀវភៅ «ដើមកំណើតអង្គរ» របស់លោកម៉ារ បូ បានសរសេរឲ្យដឹងដែរថា លក្ខណៈជាគ្រឿងសម្គាល់នៃប្រាសាទនាគព័ន្ធគេបានដឹងច្បាស់លាស់ ។ កាលពីឆ្នាំ១៨៧៧ លោកដឺឡាប៉ក អ្នកបុរាណវិទ្យាម្នាក់បានយល់ឃើញថា ប្រាសាទនាគព័ន្ធជាវិហារឧទ្ទិសចំពោះព្រះពុទ្ធដែលទ្រង់ចូលបរិនិព្វាន និងជាអាងទឹកសម្រាប់ជម្រះមន្ទិលទាំងឡាយដើម្បីឲ្យបានស្អាតបរិសុទ្ធ ។ ចាប់តាំងពីពេលដែលបានរុករកជាថ្មីឡើងវិញ ដោយអ្នកបុរាណវិទូបរទេសជាច្រើន មានលោក សឺដែស លោកហ្វីណូត៍ និងលោកហ្គោឡូប៊ែរ មក គេអាចសម្គាល់បាននៅនឹងផ្ទៃទឹកស្រះធំដែលមានទ្រង់ទ្រាយដូចជាស្រះអនោតត្កៈ ដែលជាស្រះស្ថិតនៅកណ្ដាលភូមិភាគភ្នំហេមព្វានគឺជាភ្នំកំពូលពិភពលោក ។ ស្រះនេះជាទីគោរពបូជាតាមទំនៀមទម្លាប់នៃប្រទេសឥណ្ឌាព្រោះស្រះនេះភ្ជាប់ទៅស្រះតូចៗ៤ទៀតទំហំប៉ុនៗគ្នាតាមទ៤ដែលជានិមិត្ដរូបនៃទន្លេធំៗទាំង៤នៃពិភពលោក ៕



Comments