ប្រាសាទកំពង់ព្រះ
ក្រៅពីស្គាល់ និងល្បីល្បាញពីស្មូនឆ្នាំងដីតាមបែបបុរាណ និងផលិតផលត្រីទឹកសាប កំពង់ឆ្នាំងក៏មានប្រាសាទបុរាណជាច្រើនកន្លែងដែរ នៅក្នុងនោះក៏មានប្រាសាទមួយឈ្មោះថា ប្រាសាទកំពង់ព្រះ ។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ប្រាសាទកំពង់ព្រះស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ប្រភពដដែលបានបន្តថា ភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងកាត់ក្រុងកំពង់ឆ្នាំងតាមដងផ្លូវជាតិលេខ៥ និងផ្លូវក្រាលកៅស៊ូដែលមានចម្ងាយប្រមាណ ៤៤គ.ម ។ នៅរដូវវស្សា កំណាត់ផ្លូវលំប្រមាណ ៤គ.ម មិនអាចធ្វើដំណើរចូលទៅទីទួលប្រាសាទបានទេ លុះត្រាតែធ្វើដំណើរតាមទូកឬកាណូត ។
ប្រាសាទបុរាណមួយនេះស្ថិតនៅទីទួលមួយក្នុងបរិវេណវត្តកំពង់ព្រះ ដែលពីបុរាណកាលមកគេតែងហៅតៗគ្នាថា វត្តទួលព្រះស្រីពិជ័យសូរវង្សកំពង់ព្រះ នៅទីនោះគេឃើញមានប្រាសាទចំនួនពីរគឺ ប្រាសាទស្រី និងប្រាសាទប្រុស ហើយនៅក្បែរអណ្តូង ភ្ញៀវទេសចរនឹងឃើញមានទម្រលិង្គមួយដែលធ្វើពីថ្មមានគន្លាក់ដំណាប់តាមប្រភេទលិង្គនាសម័យកសាងប្រាសាទនេះ ប្រហែលជានៅក្នុងចន្លោះសតវត្សទី៧-៨ ដែលបុព្វបុរសយើងបានធ្វើសម្រាប់ឧទ្ទិសចំពោះលទ្ធិទេវរាជតាមបែបព្រហ្មញ្ញសាសនា ៕



Comments