ប្រាសាទមឿងតាំនៅស្រុកថៃសព្វថ្ងៃ
ប្រាសាទមឿងតាំនៅស្រុកថៃសព្វថ្ងៃគឺជាកេរតំណែលរបស់ដូនតាខ្មែរ
មុំនៃគូទឹករបស់ប្រាសាទមឿងតាំដែលមាននាគក្បាល៥ ជាលក្ខណៈពិសេសនៃប្រាសាទនេះ
សម្បត្ដិវប្បធម៌កេរតំណែលដែលបុព្វបុរសខ្មែរបានកសាងពីសម័យអង្គរមិនមែនមាននៅតែក្នុងទឹកដីខ្មែរយើងសព្វថ្ងៃទេ តាមពិតសម្បត្ដិទាំងនោះ មាននៅយ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រថៃសព្វថ្ងៃ ដូចជាប្រាសាទភ្នំរុង ប្រាសាទណូនកូ ប្រាសាទមឿងខែក ប្រាសាទណងហង្ស ប្រាសាទកំផែងយ៉ៃ ប្រាសាទស្រីខរៈភូមិ ប្រាសាទយាយង៉ៅ ប្រាសាទហ៊ិនភិម៉ាយ ប្រាសាទភ្នំវ៉ាន់ ជាដើម ។ ដោយឡែកចំពោះប្រាសាទមឿងតាំ ក៏ជាស្នាដៃបុព្វបុរសខ្មែរបានកសាងនៅសម័យអង្គរដែរ ។ ប្រាសាទនោះកសាងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ ។
តាមសេចក្ដីឲ្យដឹងពីលោករេត សាមុត ពិធីករនៃវិទ្យុមួយនៅខេត្តសៀមរាប ប្រាសាទមឿងតាំស្ថិតនៅតំបន់ទំនាបក្បែរភ្នំរុង ហើយមានទំនាក់ទំនងជាមួយប្រាសាទភ្នំរុងដែរ ។ ជាស្នាដៃរបស់ស្ថាបត្យករលំដាប់ខ្ពស់ពីព្រះបរមរាជរាំង មានសម្រស់មិនចាញ់ប្រាសាទភ្នំរុងទេ ។
តាមការតំណាលបានឲ្យដឹងថា កាលពីដើមមានព្រះមហាក្សត្រដ៏ធំធេងមួយអង្គព្រះនាមហិណ្ឌូស្ថាន បានបញ្ជូនកងកម្លាំង និងជាងជំនាញៗដើម្បីឲ្យមកកសាងប្រាសាទភ្នំរុង លុះកសាងរួចចប់សព្វគ្រប់ ទ្រង់ត្រាស់បង្គាប់ឲ្យសាងកន្លែងមួយទៀតនៅឯទីរាបចង្កេះភ្នំសម្រាប់រាជបរិវារបស់ព្រះអង្គគឺ មឿងតាំនេះតែម្ដង ។ ឈ្មោះនេះគឺអនុលោមទៅតាមការហៅថា «ក្រុងឬរាជធានីខាងក្រោម» ប្រហែលជាហៅទៅតាមការប្រៀបធៀបរវាង «រាជធានីខាងលើ» ជាមួយភ្នំរុង ។ ពាក្យថៃ «មឿង» មានន័យថា រាជធានី «តាំ» ប្រែថាទាបទំនាបឬវាលទំនាប ។
ប្រាសាទមឿងតាំ ត្រូវបានកសាងក្នុងសម័យស្របគ្នាជាមួយប្រាសាទភ្នំរុង សម្រាប់ធ្វើជាទីគោរពសក្ការៈនៅក្នុងព្រហ្មញ្ញសាសនាឧទ្ទិសដល់ព្រះសិវៈ ។ ប្រាសាទនេះកសាងពីឥដ្ឋមានកំពូល៥ នៅលើគ្រឹះតែមួយ ហើយហ៊ុមព័ទ្ធដោយកំពែង២ជាន់ ។ ក្បែរប្រាសាទនេះ មានអាងទឹកយ៉ាងធំដែលមានទឹកខួបប្រាំងវស្សា ហើយប្រជាពលរដ្ឋថៃអាចប្រើប្រាស់បានមកទល់សព្វថ្ងៃ ។
ប្រាសាទមឿងតាំត្រូវបានកសាងនៅអំឡុងសតវត្សទី១០ និងទី១១ នៃគ្រិស្ដសករាជ ។ សព្វថ្ងៃប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកមឿង ស្រុកប្រាក់ខូនឆៃ ខេត្ដបុរីរ័ម ប្រទេសថៃ
ប្រភពៈ សាលអាន ថ្ងៃទី ០៧/០៥/២០០៧ (ដកស្រង់ពីកាសែតកម្ពុជាថ្មី)



Comments
អត្ថបទនេះល្អណាស់ ប៉ុន្តែហាក់ដូចជានៅស្ទើរខ្លឹមសារបន្តិច។ បើអ្នកបន្ថែមព័ត៌មានលម្អិតឱ្យបានច្រើនជាងនេះ វានឹងកាន់តែអស្ចារ្យ។ 😊