Serey is utilizing Blockchain technology

ជំងឺតេតាណូស

sivya

🚫 តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។




ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់ (Vaccination incomplète) ឬមិនបានចាក់រំលឹកឡើងវិញ (Absence de rappel) និងការខ្វះអនាម័យ ធ្វើអោយជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ហើយធ្ងន់ធ្ងរ ដែលបណ្តាលអោយអ្នកជំងឺស្លាប់។


១) ភ្នាក់ងារបង្ករោគ៖

មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជាបាក់ស៊ីក្រាំបូកមានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីសែន។

មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់ មនុស្ស និងសត្វពាហនៈដែលស៊ីស្មៅជាអាហារ។


មេរោគតេតាណូសមានទ្រង់ទ្រាយ២៖

- ទី១រូបរាងជាបាក់ស៊ី (forme végétative) ដែលយើងអាចសំលាប់ពួកវាបានដោយសារថ្នាំផ្សះ ដោយសារកំដៅ ដោយសារថ្នាំសំលាប់មេរោគ ជាពិសេសពពួកអាល់កាឡាំង។

- ទី២រូបរាងជាស្ព័រ (forme sporulée ) ដែលរស់នៅបានយូរឆ្នាំដែលធន់នឹងកំដៅ និងទឹកថ្នាំសំលាប់មេរោគ។


មេរោគតេតាណូសបញ្ចេញជាតិពុល២យ៉ាងទៅលើប្រព័ន្ធប្រសាទគឺ Tétanospasmine ធ្វើដំណើរតាមចរន្តឈាម និងទឹករងៃរួចទៅភ្ជាប់នឹងកោសិកាប្រព័ន្ធប្រសាទ រីឯ Tétanolysine ជួយសម្រួលការកើនឡើងនៃមេរោគតេតាណូស។

មេរោគនៃជំងឺតេតាណូសចូលមកក្នុងខ្លួនមនុស្សយើងតាមរយៈរបួស ដំបៅ សត្វខាំ បើទោះបីរបួសនោះតិចតួចក្តី។


២) រយៈពេលបង្ករោគ៖

ចាប់តាំងពីពេលមេរោគតេណូសចូលក្នុងខ្លួនយើង តាមរយៈមុខរបួសដោយប្រការណាមួយរហូតដល់ចេញរោគសញ្ញាតេតាណូស មានរយៈពេលជាមធ្យមប្រហែលពី១០ថ្ងៃ ទៅ១៥ថ្ងៃ។ តែរោគសញ្ញាអាចនឹងកើតឡើងពីរយៈពេលតិចជាង២៤ម៉ោង ដល់ ២១ថ្ងៃ។ កាលណារោគសញ្ញាកាន់តែឆាប់កើតឡើងជំងឺតេតាណូសកាន់តែធ្ងន់ធ្ងរ។


៣) រោគសញ្ញានៃជំងឺតេតាណូសមាន៖

- ការកន្រ្ទាក់សាច់ដុំនៅលើផ្ទៃមុខធ្វើអោយ៖ ពិបាកហាមាត់ (Trismus) មុខដូចស្វាសើច (rire sadonique) ពិបាកលេបទឹកមាត់ ឬចំណីអាហារ និងធ្វើអោយឈ្លក់ (Dysphagie avec risque de fausse route)។

- ការកន្រ្ទាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើអោយ៖ ក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ (opisthotonos)។

- ការកន្រ្ទាក់សាច់ដុំនៅអវយវៈលើធ្វើអោយដៃបត់ចូលហើយរឹង។

- ការកន្រ្ទាក់សាច់ដុំនៅអវយវក្រោមធ្វើអោយជើងលាតសន្ធឹងត្រង់ហើយរឹង។

- ការកន្រ្ទាក់សាច់ដុំទ្រូង និងសន្ទះទ្រូងធ្វើអោយអ្នកជំងឺពិបាកដកដង្ហើម។

- រោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំងបេះដូងដើរយឺត និងសម្ពាធឈាមចុះ។

- មានការកន្រ្ទាក់សាច់ដុំជាប់និងមានការឈឺចាប់ខ្លាំង។ ការកន្រ្ទាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលលឺសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។


៤) វិធានការការពារ៖

ជំងឺតេតាណូសគឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបាន៖

- ចាក់ថ្នាំបង្ការតេតាណូស (Vaccination antitétanique) អោយបានគ្រប់គ្រាន់ និងចាក់រំលឹកឡើងវិញ។

- ក្នុងករណីមានរបួសដោយប្រការណាមួយយើង៖

• ត្រូវលាងសំអាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ។

• ត្រូវចាក់ Sérum antitétanique (SAT) ត្រូវចាក់ Vaccin antitétanique (VAT)។


“ជំងឺតេតាណូសតែងតែកើតឡើងចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបានគ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណាមួយ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូន ទៅចាក់ថ្នាំបង្ការនៅតាមមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក។”


↓នេះTelegramខ្ញុំ (ជំងឺ,សុខភាព&រៀនពេទ្យ)👇join

https://t.me/+wcUoWka1mKJiMmE1

0.000 SRY$0.00
SmartVey

Comments