យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាក្រចកជើងលឿង ក្រាស់ រឹង ឬងាយបាក់ អាចជាសញ្ញានៃការឆ្លង ផ្សិតក្រចកជើងដែលជាបញ្ហាស្បែកជើងជួបញឹកញាប់។ ផ្សិតប្រភេទនេះចូលចិត្តរស់នៅក្នុងបរិយាកាសក្តៅ សើម និងខ្វះខ្យល់ ដូច្នេះអ្នកដែលពាក់ស្បែកជើងបិទជិតយូរ ឬមានញើសជើងច្រើន អាចប្រឈមខ្ពស់ជាងមុន។
ដើម្បីកម្ចាត់ផ្សិតក្រចកឱ្យមានប្រសិទ្ធភាព មិនគួរពឹងតែការលាបថ្នាំប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរទម្លាប់ថែទាំជើងផងដែរ។ គួរចាប់ផ្តើមពីការរក្សាស្បែកជើង និងស្រោមជើងឱ្យស្អាត ស្ងួត និងមានខ្យល់ចេញចូលល្អ ព្រមទាំងជៀសវាងពាក់ស្បែកជើងបិទជិតរយៈពេលយូរ ព្រោះសំណើមអាចធ្វើឱ្យផ្សិតលូតលាស់កាន់តែលឿន។
នៅពេលក្រចកក្រាស់ និងរឹង អាចកាត់ ឬកិនផ្នែកដែលខូចចេញបន្តិចម្តងៗ ដើម្បីឱ្យថ្នាំអាចជ្រាបចូលបានល្អជាងមុន ប៉ុន្តែមិនគួរធ្វើឱ្យរបួស ឬប្រើឧបករណ៍រួមជាមួយអ្នកដទៃឡើយ។
ការប្រើថ្នាំលាបប្រឆាំងផ្សិតតាមការណែនាំរបស់អ្នកជំនាញ អាចជួយបំបាត់មេរោគបន្តិចម្តងៗ ប៉ុន្តែត្រូវមានភាពអត់ធ្មត់ ព្រោះក្រចកជើងលូតលាស់យឺត ហើយត្រូវការពេលយូរដើម្បីជំនួសផ្នែកដែលខូច។
សម្រាប់អ្នកដែលមានក្រចកក្រាស់ខ្លាំង រឹង ឬចាប់ផ្តើមឈឺដោយសារក្រចកចាក់ចូលសាច់ អ្នកជំនាញអាចណែនាំវិធីធ្វើឱ្យក្រចកទន់ ឬព្យាបាលបន្ថែម ដើម្បីយកផ្នែកក្រចកដែលមានមេរោគចេញបានងាយស្រួល។
ប្រសិនបើផ្សិតរាលដាលដល់គល់ក្រចក ឬការព្យាបាលទូទៅមិនមានប្រសិទ្ធភាព គួរទៅជួបវេជ្ជបណ្ឌិត ដើម្បីពិនិត្យ និងទទួលថ្នាំលេបប្រឆាំងផ្សិតតាមស្ថានភាពជាក់ស្តែង ព្រោះថ្នាំប្រភេទនេះអាចត្រូវការត្រួតពិនិត្យសុខភាពមុនប្រើ។
ការព្យាបាលផ្សិតក្រចកមិនអាចឃើញលទ្ធផលភ្លាមៗទេ ព្រោះក្រចកជើងលូតលាស់យឺត។ ក្នុងករណីធ្ងន់ ក្រចកអាចចំណាយពេលប្រហែល ១២ ទៅ ១៨ខែ ដើម្បីដុះថ្មីជំនួសផ្នែកដែលខូចទាំងស្រុង។
ការរក្សាជើងឱ្យស្ងួត កាត់បន្ថយសំណើមក្នុងស្បែកជើង និងព្យាបាលតាមវិធីត្រឹមត្រូវ គឺជាគន្លឹះសំខាន់ក្នុងការយកឈ្នះលើផ្សិតក្រចក និងជួយឱ្យក្រចកត្រឡប់មកមានសុខភាពល្អវិញ៕


