យោងតាមការចុះផ្សាយពីប្រភពបរទេស សម្បកឈើអែមមិនត្រឹមតែជាគ្រឿងទេសសម្រាប់បន្ថែមរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតវាក៏ជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការជួយឱ្យសម្ពាធឈាមមានស្ថិរភាព និងកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាមបានយ៉ាងប្រសើរ។
បើតាមការសិក្សាស្រាវជ្រាវ ការប្រើប្រាស់សម្បកឈើអែមក្នុងបរិមាណសមស្របអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមនិងជួយឱ្យសរសៃឈាមមានភាពបត់បែនល្អជាងមុនតាមរយៈសារធាតុនិងសមាសធាតុសកម្មជីវសាស្ត្រដែលដើរតួនាទីដូចជាក្រុមថែទាំជួយឱ្យសរសៃឈាមដំណើរការបានរលូន។ សារធាតុទាំងនេះជួយប្រឆាំងនឹងអុកស៊ីតកម្មដែលប្រៀបដូចជាការការពារមិនឱ្យសរសៃឈាមឡើងរឹងនិងរក្សាភាពយឺតដិតនៃជញ្ជាំងសរសៃឈាម ព្រមទាំងមានសមត្ថភាពប្រឆាំងនឹងការរលាករ៉ាំរ៉ៃដែលជាឫសគល់នៃជំងឺលើសសម្ពាធឈាម និងខ្លាញ់រុំបេះដូង។
លើសពីនេះ សម្បកឈើអែមជួយពង្រឹងស្រទាប់ខាងក្នុងនៃសរសៃឈាមឱ្យរឹងមាំ ដែលជួយឱ្យការកន្ត្រាក់ និងពង្រីកសរសៃឈាមប្រព្រឹត្តទៅដោយធម្មជាតិ និងជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករបានកាន់តែមានប្រសិទ្ធភាពដើម្បីបង្ការជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា សម្បកឈើអែមគ្រាន់តែជាអាហារជំនួយប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺជំនួសឱ្យវេជ្ជបញ្ជាឡើយ ហើយការប្រើប្រាស់ច្រើនហួសកំណត់អាចផ្តល់ផលអាក្រក់ដល់ថ្លើម។ ហេតុនេះ អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលកំពុងប្រើប្រាស់ថ្នាំព្យាបាលជំងឺប្រចាំកាយផ្សេងៗ គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ខណៈដែលការប្រើប្រាស់ក្នុងបរិមាណសមល្មមរួមផ្សំជាមួយរបបអាហារមានតុល្យភាព គឺជាវិធីសាស្ត្រដ៏ឆ្លាតវៃបំផុតក្នុងការការពារបេះដូងឱ្យរឹងមាំយូរអង្វែង៕



Comments