យោងតាមការចុះផ្សាយពីប្រភពបរទេស ខណៈពេលដែលចំនួនអ្នកស្លាប់ដោយសារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលមានការកើនឡើង ការសិក្សាវេជ្ជសាស្ត្របានរកឃើញថា ជាង ៣០% នៃករណីសង្គ្រោះបន្ទាន់កើតឡើងនៅចន្លោះម៉ោង ៦ ដល់ ១០ ព្រឹក។ នេះគឺជាពេលវេលាដែលរាងកាយផ្លាស់ប្តូរពីស្ថានភាពសម្រាកទៅជាសកម្មភាព ដែលងាយនឹងជួបគ្រោះថ្នាក់បំផុតប្រសិនបើអ្នកអនុវត្តទម្លាប់ខុសឆ្គងទាំង ៥ នេះ៖
ទីមួយគឺ ការស្ទុះក្រោកពីគ្រែភ្លាមៗ ពេលឮសំឡេងរោទ៍ ដែលធ្វើឱ្យសម្ពាធឈាមប្រែប្រួលខ្លាំង បង្កជាការគាំងបេះដូងចំពោះអ្នកមានជំងឺលើសឈាម។ ទីពីរគឺ ការហាត់ប្រាណធ្ងន់ៗទាំងពោះទទេ ដែលធ្វើឱ្យបេះដូងរងសម្ពាធទ្វេដងក្នុងស្ថានភាពឈាមកំពុងខាប់។ ទីបីគឺ ការឆែកទូរស័ព្ទមើលការងារភ្លាម ដែលជំរុញឱ្យខួរក្បាលបញ្ចេញអ័រម៉ូនស្ត្រេសធ្វើឱ្យសរសៃឈាមរួញ និងចង្វាក់បេះដូងឡើងខ្ពស់។ ទីបួនគឺ ការអត់ញ៉ាំទឹកក្រោយភ្ញាក់ពីគេង ដែលធ្វើឱ្យឈាមខាប់ខ្លាំងងាយនឹងកកស្ទះសរសៃឈាមខួរក្បាល។ ចុងក្រោយគឺ ការជក់បារី ឬផឹកស្រាទាំងពោះទទេ ដែលជាការវាយប្រហារផ្ទាល់ទៅលើប្រព័ន្ធសរសៃឈាម និងបេះដូងក្នុងស្ថានភាពងាយរងគ្រោះបំផុត។
គ្រូពេទ្យណែនាំថា ការបន្តគេងបន្តិចទៀត ឬការសម្រាកលើគ្រែមួយសន្ទុះ សុវត្ថិភាពជាងការបង្ខំខ្លួនឯងឱ្យធ្វើរឿងទាំង ៥ ខាងលើនេះភ្លាមៗក្រោយបើកភ្នែក៕



Comments