សៀវភៅដែលខ្ញុំស្រឡាញ់ខ្លាំងគឺរឿង «ផ្ទះត្រើយស្ទឹងម្ខាង» ដែលនិពន្ធដោយលោក អ៊ំហង្សខ្មៅ។មូលហេតុដែលធ្វើឱ្យខ្ញុំស្រឡាញ់រឿងនេះខ្លាំង ព្រោះវាមិនមែនត្រឹមតែជាប្រលោមលោកមួយក្បាលដែលនិយាយរៀបរាប់តែពីស្នេហារវាងតួអង្គប្រុសស្រីនោះទេ ជាក់ស្ដែងគឺសាច់រឿងមានច្រើនលើសពីហ្នឹង។ វាជាសាច់រឿងប្រភេទមនោសញ្ចេតនាស្នេហា លាយឡំនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបាននាំអារម្មណ៍របស់ខ្ញុំត្រឡប់ទៅកាន់រឿងរ៉ាវនៃអតីតកាលនៅក្នុងប្រទេសកម្ពុជាអំឡុងសម័យអាណានិគមនិយមបារាំង។នៅក្នុងសាច់រឿងនេះ អ្នកនិពន្ធគាត់បានពិពណ៌នាយ៉ាងផ្ចិតផ្ចង់ និងលម្អិតរៀបរយខ្លាំងមែនទែន ពេលដែលខ្ញុំបានអានហើយ ប្រៀបបីដូចជាបានទៅឃើញតថភាពជាក់ស្ដែងនៅក្នុងសម័យនោះអីចឹង ពោលគឺជីវភាពរស់នៅរបស់ប្រជាជន វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់របរប្រើប្រាស់ ម្ហូបអាហារ ជាពិសេសពាក្យពេចន៍ដ៏ពិរោះពិសារបស់អ្នកស្រុកជំនាន់នោះ។នៅក្នុងរឿងនេះ អ្នកនិពន្ធមិនត្រឹមតែនាំអារម្មណ៍យើងត្រឡប់ទៅកាន់រឿងរ៉ាវនៃអតីតកាលនៃប្រទេសកម្ពុជានោះទេ ថែមទាំងបាននាំយើងទៅដឹង និងស្គាល់ច្បាស់ទាក់ទងនឹងទីតាំងភូមិសាស្ត្រទីក្រុងភ្នំពេញ ជាពិសេសនោះគឺខេត្តបាត់ដំបងផ្ទាល់តែម្ដង។ រីឯដំណើររឿងទៀតសោត គឺមានភាពប្រទាក់ក្រឡាគ្នា លាយឡំអាថ៌កំបាំង មិនសាំញ៉ាំ អានហើយគឺស្រមៃចេញជារូបភាពច្បាស់ៗពិតៗនៅនឹងមុខតែម្ដង។
6 votes
0 downvote



Comments