
ខ្សែប្រយុទ្ធដ៏ឆ្នើម Xavi Simons របស់ក្លឹប Tottenham Hotspur នឹងត្រូវអវត្តមានពីការប្រកួតដែលនៅសេសសល់ទាំងអស់សម្រាប់រដូវកាលនេះ ព្រមទាំងខកខានការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup នារដូវក្តៅខាងមុខផងដែរ។
ការអវត្តមានដ៏គួរឱ្យសោកស្តាយរបស់កីឡាកររូបនេះ គឺកើតឡើងដោយសារតែរូបគេទទួលបានរងរបួសដាច់សរសៃពួរជង្គង់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលប្រកួតជួយឱ្យក្រុម Spurs ទទួលបានជ័យជម្នះទៅលើក្រុមបិសាចចចក Wolves កាលពីពេលថ្មីៗកន្លងទៅនេះ។ របួសដ៏កាចសាហាវនេះទាមទារនូវពេលវេលាព្យាបាលនិងការស្តារនីតិសម្បទាយូរខែ ដែលធ្វើឱ្យកីឡាករវ័យក្មេងដ៏មានទេពកោសល្យរូបនេះ មិនអាចមានឱកាសចូលរួមជួយក្រុមជម្រើសជាតិរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនាពេលខាងមុខបានឡើយ។ វាពិតជាការបាត់បង់កម្លាំងប្រយុទ្ធដ៏ធំធេងមួយសម្រាប់ទាំងក្លឹប Tottenham និងក្រុមជម្រើសជាតិ ខណៈដែលកីឡាករ Xavi Simons តែងតែបង្ហាញទម្រង់លេងយ៉ាងលេចធ្លោឥតខ្ចោះនៅរដូវកាលនេះ។ ក្រុមអ្នកគាំទ្របាល់ទាត់ជាច្រើននៅជុំវិញពិភពលោក បានសម្តែងក្តីសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មាននេះ និងបាននាំគ្នាជូនពរឱ្យរូបគេឆាប់បានជាសះស្បើយឡើងវិញ ដើម្បីអាចត្រលប់មកបង្ហាញខ្លួននៅលើទីលានប្រកួតជាថ្មីម្តងទៀតនាពេលអនាគតដ៏ខ្លីខាងមុខ។


Comments