(វ៉ាស៊ីនតោន)៖ អេមីរ៉ាតអារ៉ាប់រួម (UAE) បានប្រកាសកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ពីការដកខ្លួនចេញពីអង្គការនៃប្រទេសនាំចេញប្រេង ឬហៅកាត់ថា OPEC ហើយដែល ការចែកផ្លូវគ្នានេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា។ ការសម្រេចចិត្តរបស់ UAE បានបិទបញ្ចប់សមាជិកភាពរបស់ខ្លួនអស់រយៈពេលជាង៥៨ឆ្នាំមកនេះនៅក្នុង OPEC ដែល កំពុងរងសម្ពាធពីសង្រ្គាមអ៉ីរ៉ង់ និងការបែកបាក់ការទូត។ រដ្ឋាភិបាល UAE បានបង្ហាញការមិនពេញចិត្តជាយូរណាស់មកហើយចំពោះការបែងចែកកូតាផលិត និងការគ្រប់គ្រងតម្លៃ ប្រេងដោយ OPEC។ ការដកខ្លួនរបស់ UAE បាន និងកំពុងបង្កការព្រួយបារម្ភអំពីសាមគ្គីភាពយូរអង្វែងក្នុងអង្គការមួយនេះ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេថាតើការចាកចេញនេះ អាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរកម្រិតណាដល់ OPEC?
ការសម្រេចចិត្តចែកផ្លូវរបស់ UAE ជាមួយ OPEC ត្រូវបានក្រុមអ្នកជំនាញយល់ថាត្រូវបានជំរុញមួយផ្នែកដោយកត្តាភូមិសាស្ត្រនយោបាយ។ UAE បានចាប់ផ្ដើមធ្វើការពិចារណា ថាតើគួរតែដើរចេញពី OPEC តាំងតែពីពេលកាតាបានដកខ្លួនចេញពីអង្គការមួយនេះក្នុងឆ្នាំ២០១៩មកម្ល៉េះ។ តែយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ UAE ទំនងជានឹងមិនអាច ធ្វើឱ្យ OPEC ដួលរលំក្នុងពេលដ៏ខ្លីនោះទេ ខណៈបណ្ដាប្រទេសជាសមាជិក ១១ផ្សេងទៀតមិនទាន់បង្ហាញសញ្ញាចង់ចាកចេញឡើយ។ នៅក្រោមក្រសែភ្នែកមេដឹកនាំ UAE ការសម្រេចចិត្តរបស់ OPEC ត្រូវបានធ្វើឡើងក្រោមឥទ្ធិពលរបស់អារ៉ាប៊ីសាអូឌីត និងមិនបានបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ UAE ទេ។ ជាពិសេសក្នុងពេលសព្វថ្ងៃដែលទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និង UAE កំពុងរកាំរកូស និងប្រជែងដណ្ដើមឥទ្ធិពលគ្នាដើម្បីធ្វើជាបងធំអារ៉ាប់។
តាមក្រុមអ្នកជំនាញ សង្រ្គាមអ៉ីរ៉ង់ប្រហែលជាកត្តាជំរុញមួយនៅពីក្រោយការសម្រេចចិត្តរបស់ UAE តែមិនទាំងស្រុងនោះទេ។ ដើម្បីអាចយល់កាន់តែច្បាស់ យើងគួរតែត្រឡប់ទៅ ពិចារណាលើព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីប៉ុន្មានខែមុន ពោលគឺមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមដៃគ្នាជាមួយអ៉ីស្រាអែលបើកធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ សាច់រឿងបានផ្ដើមចេញកាលពីចុងឆ្នាំ២០២៥ ជាពេលដែលអារ៉ាប៊ីសាអូឌីត និង UAE មានទំនាស់ផលប្រយោជន៍នឹងគ្នាជុំវិញបញ្ហាយេម៉ែន ជាទីដែលប្រទេសទាំង២ គាំទ្រភាគីជម្លោះរៀងៗខ្លួន។ UAE បានផ្ដល់គាំទ្រចំពោះក្រុមឧទ្ទាមផ្ដាច់ទឹកដីនិយមនៅភាគខាងត្បូងយេម៉ែន ឬគេស្គាល់ថា Southern Transitional Council (STC) ដែលជាគូសត្រូវរបស់អារ៉ាប៊ីសាអូឌីត។ នៅពេលនោះអារ៉ាប៊ីសាអូឌីតបានវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានក្រុម STC និងកម្ទេចបរិក្ខារយោធាផ្គត់ផ្គង់ដោយ UAE ទៅឱ្យ STC នៅឯកំពង់ផែ Mukalla ប្រទេសយេម៉ែន។
លើសពីនេះទៅទៀត ការទទួលស្គាល់ Somaliland ជារដ្ឋឯករាជ្យដោយអ៉ីស្រាអែល បានធ្វើឱ្យអារ៉ាប៊ីសាអូឌីត និង UAE កាន់តែមិនជឿទុកចិត្តគ្នា។ អារ៉ាប៊ីសាអូឌីតជឿថា ការសម្រេចចិត្តរបស់អ៉ីស្រាអែលនឹងបង្កអស្ថិរភាព ហើយជឿថា UAE បានសមគំនិតជាមួយអ៉ីស្រាអែល។ ជាលទ្ធផល វាបានបង្កទៅជាសង្រ្គាមពាក្យសម្ដីរយៈពេល២ខែរវាង អារ៉ាប៊ីសាអូឌីត និង UAE នៅលើបណ្ដាញទំនាក់ទំនងសង្គម រហូតឈានដល់ការធ្វើយុទ្ធនាការទូតទៅកាន់សហរដ្ឋអាមេរិកដើម្បីស្វែងរកការគាំទ្រពីក្រុមមន្ត្រីអាមេរិក។
ភាពតានតឹងរវាងប្រទេសទាំង២ ហាក់ដូចជាបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង។ នៅក្រោយពេលអ៉ីរ៉ង់បើកការវាយប្រហារលើ UAE និងអារ៉ាប៊ីសាអូឌីត ព្រះអង្គរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohamed bin Salman និងប្រធានាធិបតី UAE ព្រះអង្គ Sheikh Mohamed bin Zayed បានបង្ហាញសាមគ្គីភាព ជាមួយគ្នាទៅវិញទៅមក រួមទាំងជាមួយបណ្ដាប្រទេសដទៃទៀតដែលរងការវាយប្រហារពីអ៉ីរ៉ង់។ ក៏ប៉ុន្តែ UAE និងអារ៉ាប៊ីសាអូឌីត នៅតែជ្រើសរើសដើរលើផ្លូវដែលមានទិសដៅ ផ្ទុយគ្នា។ អំឡុងសង្រ្គាមអ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីតបានចូលរួមជាមួយប៉ាគីស្ថាន អេហ្ស៉ីប និងតួកគី ដើម្បីស្វែងរកដំណោះស្រាយការទូតមួយ។ UAE មិនបានជំទាស់នឹងដំណោះស្រាយការទូតនោះទេ តែដោយសាររងការវាយប្រហារច្រើនជាងគេពីអ៉ីរ៉ង់នៅក្នុងចំណោមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ UAE ចង់បានការធានាមួយថាអ៉ីរ៉ង់នឹងមិនអាចគំរាមកំហែង ដល់សន្តិសុខរបស់ខ្លួនសាជាថ្មីឡើយ។ ក្នុងន័យនេះ UAE ជឿថាអារ៉ាប៊ីសាអូឌីត និងប្រទេសដទៃគ្រាន់តែចង់ឱ្យសង្រ្គាមបញ្ចប់តែប៉ុណ្ណោះ។
ទំនាស់ផលប្រយោជន៍នេះហើយបានឈានទៅដល់ការធ្លាក់ចុះនៃការជឿទុកចិត្តគ្នា និងសាមគ្គីភាពដែលអារ៉ាប៊ីសាអូឌីត និង UAE ស្ដារឡើងវិញបានមួយរយៈពេលខ្លី។ ម្លោះហើយ UAE ដែលមានកូនចិត្តចង់ដើរចេញពី OPEC រួចទៅហើយនោះ បានធ្វើការសន្និដ្ឋានថាការធ្លាក់ចុះទំនាក់ទំនងទ្វេភាគីជាមួយអារ៉ាប៊ីសាអូឌីត គឺជាឱកាសមួយល្អដើម្បីបិទបញ្ចប់ ការចូលរួមរបស់ខ្លួននៅក្នុង OPEC។ មកទល់នឹងពេលនេះ សមាជិក OPEC ដទៃទៀត មិនបានបង្ហាញពីសញ្ញាចង់ចាកចេញដែរនោះទេ។ ប៉ុន្តែ ការសម្រេចចិត្តចែកផ្លូវគ្នាជាមួយ OPEC របស់កាតាកាលពីឆ្នាំ២០១៩ និងការសម្រេចចិត្តរបស់ OPEC អាចនឹងក្លាយជាកត្តាជំរុញឱ្យសមាជិកដទៃពិចារណាថាតើរវាងការបន្តស្ថិតនៅ និងការដើរចេញពី OPEC មួយណាមានផលប្រយោជន៍ច្រើនជាង?
ការសម្រេចចិត្តរបស់ UAE វាមានជាប់ពាក់ព័ន្ធនឹងភូមិសាស្រ្តនយោបាយ តែវាក៏មិនអាចទៅរួចដែរថា UAE សម្រេចចិត្តចែកផ្លូវជាមួយ OPEC ប្រសិនបើមេដឹកនាំប្រទេសមួយនេះ មិនជឿថាការសម្រេចចិត្តចាកចេញ គឺជាផលប្រយោជន៍សេដ្ឋកិច្ចមួយទេនោះ។ ប្រសិនបើ UAE អាចបង្ហាញថាការចាកចេញពី OPEC មិនធ្វើឱ្យខាតប្រយោជន៍សេដ្ឋកិច្ច ហើយថែមទាំងចំណេញទៀត នោះសមាជិកដទៃក៏ប្រហែលជាអាចនឹងពិចារណាធ្វើតាមផងដែរ។
គួរបញ្ជាក់ថា ក្រៅពីកាតា និង UAE ឥលូវ OPEC នៅសល់សមាជិកដូចជា Algeria, Republic of the Congo, Equatorial Guinea, Gabon, Iran, Iraq, Kuwait, Libya, Nigeria, Saudi Arabia និង Venezuela។ ចាប់តាំងពីឆ្នាំ២០១៦មក OPEC ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ Russia, Azerbaijan, Kazakhstan, Bahrain, Brunei, Malaysia, Mexico, Oman, South Sudan និង Sudan ផងដែរដែលគេស្គាល់ថា OPEC+៕








Comments