(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRIB នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ បានបន្ទោសថាការទាមទារគ្មានហេតុផលរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យកិច្ចចរចា ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន បរាជ័យដោយបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពដើម្បីបិទបញ្ចប់សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
IRIB បានឱ្យដឹងក្នុងការបង្ហោះមួយលើ Telegram ថា «ខាងប្រតិភូចរចាអ៉ីរ៉ង់បានចរចាយ៉ាងជាប់លាប់ និងយ៉ាងសកម្មអស់រយៈពេល ២១ម៉ោង ក្នុងគោលបំណងការពារ ផលប្រយោជន៍ជាតិនៃប្រជាជនអ៉ីរ៉ង់។ ប៉ុន្តែបើទោះជាមានគំនិតផ្ដួចផ្ដើមជាច្រើនពីក្រុមអ្នកចរចាអ៉ីរ៉ង់ក៏ដោយ ក៏ការទាមទារគ្មានហេតុផលរបស់ភាគីសហរដ្ឋអាមេរិកបានរារាំង ភាពរីកចម្រើននៃកិច្ចចរចា។ ដូច្នេះហើយទើបកិច្ចចរចាបានបិទបញ្ចប់»។
គួរបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅថ្ងៃអាទិត្យនេះក៏បានឱ្យដឹងដែរថាក្រុមអ្នកចរចារបស់លោកបាន និងកំពុងចាកចេញពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ក្រោយកិច្ចចរចាអស់២១ម៉ោង៕





Comments