Serey is utilizing Blockchain technology

សហរដ្ឋអាមេរិក នឹងដកកងទ័ព ៥០០០នាក់ ពីអាល្លឺម៉ង់

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកកងទ័ពអាមេរិក ៥០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ហើយការកាត់បន្ថយចំនួនកងទ័ពនេះអាចនឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេល១២ខែ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

ការប្រកាសពីការដកកងទ័ពខាងលើ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីដើមសប្ដាហ៍កន្លងទៅនេះថានឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រោយទាស់សម្ដីគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ តាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell សហរដ្ឋអាមេរិករំពឹងថាការដកកងទ័ពអាមេរិកអាចនឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេល ៦ខែ ទៅ១២ខែ។

លោក Friedrich Merz បានក្លាយជាគោលដៅមួយនៃការខឹងសម្បាររបស់លោក ត្រាំ បន្ទាប់ពីមេដឹកនាំអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាអ៉ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិកបាក់មុខ នៅឯតុចរចា។ ជាការឆ្លើយតប លោក ត្រាំ កាលពីថ្ងៃអង្គារបាននិយាយថាលោក Merz ប្រហែលជាគិតថាវាមិនអីនោះទេដែលអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយថាមេដឹកនាំអាល្លឺម៉ង់មិនបានដឹងពីអ្វី ដែលខ្លួនកំពុងនិយាយនោះទេ។ រហូតដល់ថ្ងៃពុធ ទើបលោក ត្រាំ ជាថ្មីម្ដងទៀតបានគំរាមកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអាល្លឺម៉ង់។ 

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ ក៏បានបង្ហើបដែរថានឹងពិចារណាលើការកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងប្រទេសអ៉ីតាលី និងអេស្ប៉ាញ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានកងទ័ព ១២ ៦៦២នាក់កំពុងឈរជើងនៅអ៉ីតាលី ៣៨១៤នាក់នៅអេស្ប៉ាញ និង៣៦ ៤៣៦នាក់នៅអាល្លឺម៉ង់៕

0.000 SRY$0.00
Khmer Dispatch

Comments