(Reuters)៖ សារព័ត៌មាន Financial Times នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ បានរាយការណ៍ថាអ៉ីរ៉ង់បានទិញផ្កាយរណបស៊ើបការណ៍មួយពីចិនជាសម្ងាត់ ដែលនេះបានផ្ដល់ឱ្យ អ៉ីរ៉ង់នូវសមត្ថភាពកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ាអំឡុងសង្រ្គាមថ្មីៗនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយផ្អែកលើឯកសារយោធាអ៉ីរ៉ង់ដែលបានបែកធ្លាយ Financial Times បានឱ្យដឹងថាផ្កាយរណបស៊ើបការណ៍ TEE-01B ដែលត្រូវបានផលិត និងបាញ់បង្ហោះដោយក្រុមហ៊ុនចិន Earth Eye Co ត្រូវបានកងកម្លាំងអវកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ទិញកាលពីឆ្នាំ២០២៤ បន្ទាប់ពីផ្កាយរណបនេះត្រូវបានបាញ់បង្ហាញចូលទៅក្នុងទីអវកាសដោយចិន។ តាម Financial Times មេបញ្ជាការយោធាអ៉ីរ៉ង់បានប្រើប្រាស់ផ្កាយរណបនេះដើម្បីតាមដានលើទីតាំងយោធាអាមេរិកសំខាន់ៗ ហើយនៅក្រោមកិច្ចព្រមព្រៀង កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏ទទួលបានការអនុញ្ញាតឱ្យចូលប្រើប្រាស់ស្ថានីយនៅលើដីទំនាក់ទំនងជាមួយផ្កាយរណបដែលប្រតិបត្តិការដោយក្រុមហ៊ុន Emposat មានមូលដ្ឋានក្នុងទីក្រុងប៉េកាំងផងដែរ។
Emposat គឺជាក្រុមហ៊ុនផ្ដល់សេវាទិន្នន័យ និងគ្រប់គ្រងផ្កាយរណបជាមួយបណ្ដាញពង្រីកនៅទូទាំងតំបន់អាស៊ី អាមេរិកឡាទីន និងតំបន់ដទៃទៀត។ Financial Times បានបញ្ជាក់ទៀតថា ផ្កាយរណបស៊ើបការណ៍របស់ចិនដែលអ៉ីរ៉ង់បានប្រើ បានផ្តិតយករូបភាពមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៣ ១៤ និងទី១៥ ខែមីនា។ នៅថ្ងៃទី១៤ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថាយន្ដហោះយោធាអាមេរិកនៅមូលដ្ឋានទ័ព Prince Sultan បានរងការវាយប្រហារ។
តាមសេចក្ដីរាយការណ៍ខាងលើ អ៉ីរ៉ង់ថែមទាំងបានប្រើផ្កាយរណបចិនតាមដានមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី និងទីតាំងសិ្ថតនៅក្បែរមូលដ្ឋានទ័ពជើងទឹក អាមេរិកទី៥ក្នុងទីក្រុង Manama ប្រទេសបារ៉ែន និងអាកាសយានដ្ឋាន Erbil ក្នុងប្រទេសអ៉ីរ៉ាក់ ក្នុងរង្វង់ពេលដែលអ៉ីរ៉ង់អះអាងថាមូលដ្ឋានទ័ពទាំងនោះត្រូវបានវាយប្រហារ។ ប៉ុន្តែ ខាងសេតវិមាន CIA មន្ទីរបញ្ចកោណ ក្រសួងការបរទេស និងក្រសួងការពារជាតិចិន ព្រមទាំងក្រុមហ៊ុន Earth Eye Co និង Emposat ភ្លាមៗមិនបានឆ្លើយតបទៅនឹងការស្នើសុំ ការអត្ថាធិប្បាយពី Reuters នោះទេ៕



Comments