Serey is utilizing Blockchain technology

អ៉ីស្រាអែល លួចលាក់សង់មូលដ្ឋានទ័ពសម្ងាត់មួយលើទឹកដីអ៉ីរ៉ាក់ ដើម្បីគាំទ្រ…

(Reuters)៖ កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថាអ៉ីស្រាអែលបានសង់មូលដ្ឋានយោធាសម្ងាត់មួយស្ថិតនៅតំបន់វាលខ្សាច់ដាច់ស្រយាល ក្នុងប្រទេសអ៉ីរ៉ាក់ ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់ ហើយថែមទាំងបានវាយប្រហារលើកងទ័ពអ៉ីរ៉ាក់ទៀតផង ដើម្បីកុំឱ្យបែកធ្លាយដំណឹងពីមូលដ្ឋានទ័ពនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីដែលបានដឹងពីមូលដ្ឋានទ័ពសម្ងាត់ខាងលើរបស់អ៉ីស្រាអែល ក្នុងនោះរួមមានទាំងពីក្រុមមន្ត្រីអាមេរិក Wall Street Journal (WSJ) បានឱ្យដឹងថា អ៉ីស្រាអែលបានសង់មូលដ្ឋានទ័ពនេះសម្រាប់កងទ័ពពិសេស និងប្រើប្រាស់ជាមជ្ឈមណ្ឌលភស្តុភារសម្រួលដល់ការវាយប្រហារតាមផ្លូវអាកាស តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុននឹងសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈកន្លងទៅ។ តាម WSJ មូលដ្ឋានទ័ពនេះក៏ត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ក្រុមអ្នកស្វែងរក និងជួយសង្រ្គោះពីឡុតអ៉ីស្រាអែល ក្នុងករណីដែល យន្ដហោះចម្បាំងរបស់ពួកគេត្រូវបានបាញ់ទម្លាក់ផងដែរ។ 

Reuters មិនទាន់អាចធ្វើការផ្ទៀងផ្ទាត់លើសេចក្ដីរាយការណ៍របស់ WSJ ដោយឯករាជ្យនៅឡើយទេ ហើយក៏មិនទាន់មានការអត្ថាធិប្បាយអ្វីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលទៅនឹងការស្នើសុំ ការអត្ថាធិប្បាយពី Reuters នៅឡើយដែរ។ មូលដ្ឋានទ័ពសម្ងាត់របស់អ៉ីស្រាអែលស្ទើរតែត្រូវបានទម្លាយឱ្យដឹងកាលពីដើមខែមីនា ក្រោយប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ាក់បានរាយការណ៍ពីសកម្មភាពយោធា ខុសធម្មតា ក្នុងនោះរួមមានទាំងសកម្មភាពរបស់ឧទ្ធម្ភាគចក្រក្នុងតំបន់នោះ។ ក្រោយផ្ទុះព័ត៌មាននេះដែរ កងទ័ពអ៉ីរ៉ាក់ត្រូវបានបញ្ជូនឱ្យទៅបើកការស៊ើបអង្កេត ប៉ុន្តែកងកម្លាំងអ៉ីស្រាអែលបានវាយប្រហារ តាមផ្លូវអាកាសដើម្បីរារាំងកុំឱ្យកងទ័ពអ៉ីរ៉ាក់ចូលក្បែរមូលដ្ឋានទ័ពសម្ងាត់។ នេះបើតាម WSJ។ 

គួរបញ្ជាក់ថា WSJ ក៏បានលើកឡើងដែរពីពាក្យបណ្ដឹងមួយដាក់ជូនទៅកាន់អង្គការសហប្រជាជាតិកាលពីចុងខែមីនា ដែលក្នុងនោះអ៉ីរ៉ាក់បាននិយាយពីការវាយប្រហាររបស់កងកម្លាំងបរទេស និងការវាយប្រហារតាមផ្លូវអាកាសដែលសហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវ។ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បានប្រាប់ WSJ ថាសហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងការវាយប្រហារនោះទេ៕

0.000 SRY$0.00
Khmer Dispatch

Comments