(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ ថាទីក្រុងហ្សាការតាបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការខាងឧស្សាកម្មការពារជាតិជាមួយបារាំង បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំង២បានជួបគ្នាក្នុងទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថាលោកប្រធានាធិបតី Prabowo Subianto ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅឯវិមាន Elysee កាលពីថ្ងៃអង្គារ ជាទីដែលមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ តាមសេចក្ដីថ្លែងការណ៍ដដែល កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនោះ មានរួមបញ្ចូលទាំងការទិញបរិក្ខារយោធា និងការពង្រឹងឧស្សាហកម្មការពារជាតិជាមួយបារាំងដែលជាដៃគូយុទ្ធសាស្ត្រមួយរបស់ឥណ្ឌូណេស៊ីក្នុងតំបន់អឺរ៉ុប។ មេដឹកនាំនៃប្រទេសទាំង២ ក៏បានឯកភាពគ្នាដែរលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងការអភិវឌ្ឍថាមពលកកើតឡើងវិញ។
គួរបញ្ជាក់ថា លោក Prabowo បានជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ មុននឹងចាកចេញពីទីក្រុងមូស្គូឆ្ពោះទៅកាន់ទីក្រុងប៉ារីស។ លោក Prabowo បានពិភាក្សាជាមួយលោក ពូទីន អំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យថាមពល ធនធានរ៉ែ និងការអភិវឌ្ឍឧស្សាហកម្មជាតិ។ ក្រៅពីបារាំង និងរុស្ស៉ី ឥណ្ឌូណេស៊ី ក៏បានឈានដល់កិច្ចព្រមព្រៀងលើវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិកផងដែរ៕





Comments