(ឡាហាវ៉ាន)៖ រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែគុយបា បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈនៅក្នុងប្រទេស ត្រូវបានប្រើអស់ទាំងស្រុងហើយ ខណៈដែលរដ្ឋធានីឡាហាវ៉ាន ប្រឈមនឹងការដាច់ចរន្តអគ្គិសនីមិនធ្លាប់មានក្នុងរយៈពេលច្រើនទសវត្សរ៍ ចំពេលសហរដ្ឋអាមេរិកបិទលំហូរនាំចូលប្រេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦។
លោក Vicente de la O បានឱ្យដឹងថា ក្នុងសប្តាហ៍នេះ ការដាច់ភ្លើងកើតឡើងទូទាំងរដ្ឋធានីឡាហាវ៉ាន ដោយសង្កាត់ជាច្រើនគ្មានភ្លើងបំភ្លឺដល់ ២០ ទៅ ២២ម៉ោងក្នុងមួយថ្ងៃ ដែលដាក់សម្ពាធថែមទៀតទៅលើទីក្រុងដែលជួបការលំបាក ដោយកង្វះស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យរួចហើយ។
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ គុយបាដំឡើងថាមពលពន្លឺព្រះអាទិត្យបាន ១ ៣០០មេហ្កាវ៉ាត់ ប៉ុន្តែសមត្ថភាពភាគច្រើនត្រូវបាត់បង់ ដោយសារតែអស្ថិរភាពនៃបណ្តាញអគ្គិសនី ដែលពឹងផ្អែកលើប្រេងឥន្ធនៈដើម្បីដំណើរការ។ តាមលោក de la O គុយបានៅតែបន្តការចរចារដើម្បីនាំចូលឥន្ធនៈ ទោះបីជាមានការបិទផ្លូវក៏ដោយ ប៉ុន្តែបញ្ហាឡើងថ្លៃប្រេង និងតម្លៃដឹកជញ្ជូនសកល ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងនោះកាន់តែស្មុគស្មាញ៕







Comments