Serey is utilizing Blockchain technology

គ្មានកិច្ចព្រមព្រៀង គ្មានច្រកចេញ តើការពាក់មុខយក្សដាក់គ្នារវាងអាមេរិក-អ៉ីរ៉ង់…

(ឡុងដ៍)៖ អស់រយៈពេលជាង៣ខែ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់ ការបិទខ្ទប់របស់សហរដ្ឋអាមេរិក និងការរឹតបន្តឹងការគ្រប់គ្រងរបស់អ៉ីរ៉ង់លើ ច្រកសមុទ្រ Hormuz បានបង្កើតជាស្ថានភាពជាប់គាំងមួយដែលគ្មានភាគីណាមួយបន្ទន់ឥរិយាបថ វិបត្តិសេដ្ឋកិច្ច និងកំពុងបង្កហានិភ័យនៃការផ្ទុះសង្រ្គាមឡើងវិញ។ បច្ចុប្បន្ន ការកើនឡើងការព្រួយបារម្ភក្នុងចំណោមក្រុមអ្នកជំនាញ គឺមិនមែនថាតើកិច្ចព្រមព្រៀងមួយជិតសម្រេចបានឬក៏យ៉ាងណានោះទេ តែគឺថាតើការអូសបន្លាយភាពតានតឹងអាចនឹងធ្វើឱ្យ សង្រ្គាមផ្ទុះឡើងជាថ្មីឬក៏អត់? ក្រុមមន្ត្រីមួយចំនួនទាំងនៅក្នុងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានអំពាវនាវឱ្យបើកការវាយប្រហារជាថ្មី ជាការបង្កើនការដាក់សម្ពាធ និងបន្សាបឥទ្ធិពលរបស់តេហេរ៉ង់នៅឯតុចរចា ក៏ដូចជាបង្ខំឱ្យអ៉ីរ៉ង់ត្រឡប់ទៅរកកិច្ចចរចាឡើងវិញ។ 

លោក Danny Citrinowicz ជាអ្នកស្រាវជ្រាវម្នាក់ពីអ៉ីរ៉ង់មកពីវិទ្យាស្ថាន Institute for National Security Studies មានមូលដ្ឋាននៅអ៉ីស្រាអែលយល់ថាការដាក់សម្ពាធលើ អ៉ីរ៉ង់តាមរយៈការប្រើកម្លាំងយោធាកន្លងមកមិនមានប្រសិទ្ធភាពទេ។ ជាឧទាហរណ៍៖ ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលមិនបានធ្វើឱ្យរបបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃដួលរលំ ឬសុំចុះបាញ់នោះទេ។ ក្រុមមន្ត្រីអ៉ីរ៉ង់បានប្រាប់ Reuters ថាការធ្វើសម្បទានលើកម្មវិធីមីស៊ីល សមត្ថភាពនុយក្លេអ៊ែរ ឬការគ្រប់គ្រងលើច្រកសមុទ្រ Hormuz មិនមែនជាឧបករណ៍នយោបាយទេ តែវាជាសរសរស្ដម្ភនៃមនោគមន៍វិជ្ជានៃការរស់រានមានជីវិតរបស់សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់។ ពោលគឺការបោះចោលសមត្ថភាពទាំងនេះមានន័យស្មើ សុំចុះចាញ់ មិនមែនជាការសម្រុះសម្រួលឡើយ។ ការប្រកាន់គោលគំនិតបែបនេះឯងដែលលោក Citrinowicz យល់ថាជាហេតុផលមួយពន្យល់ថាហេតុអ្វីបានជាសូម្បីតែការប្រឈមមុខ យោធាដាក់គ្នា បានបរាជ័យមិនអាចបង្ខំឱ្យអ៉ីរ៉ង់បែរចេញពីបន្ទាត់ក្រហមរបស់ខ្លួន និងថាតើហេតុអ្វីការបង្កើនជម្លោះទំនងជានឹងមិនទទួលបានជោគជ័យ។ 

* ទាំងសងខាងមើលឃើញប្រយោជន៍ពីពេលវេលា 
សហរដ្ឋអាមេរិកចង់ឱ្យអ៉ីរ៉ង់បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមរយៈពេល ២០ឆ្នាំ និងបញ្ជូនស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងកម្រិតខ្ពស់ទៅកាន់សហរដ្ឋអាមេរិក។ អ៉ីរ៉ង់វិញចង់បានការបិទបញ្ចប់សង្រ្គាម ជាអចិន្ត្រៃយ៍ ការធានាសន្តិសុខ សំណងជួសជុលការខូចខាតបង្កឡើងដោយសង្រ្គាម និងការទទួលស្គាល់អធិបតេយ្យរបស់ខ្លួនលើច្រកសមុទ្រ Hormuz។ ទាំងនេះសុទ្ធសឹងជាលក្ខខណ្ឌដែល ទីក្រុងវ៉ាស៊ីនតោនបានទាត់ចោល។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមឱ្យអ៉ីរ៉ង់ប្រញាប់ទទួលយកកិច្ចព្រមព្រៀង ពីព្រោះពេលវេលាកាន់តែខើច បើពុំដូច្នោះទេ សហរដ្ឋអាមេរិក នឹងបើកការវាយប្រហារជាថ្មី ហើយលើកនេះគឺអាមេរិកនឹងវាយអ៉ីរ៉ង់ឱ្យអស់រលីងពីខោ។ លោក Ali Vaez មកពីស្ថាប័ន International Crisis Group បាននិយាយថាគ្មានភាគីណាមាន ឆន្ទៈធ្វើសម្បទានដ៏ឈឺចាប់ណាមួយដើម្បីឈានដល់កិច្ចព្រមព្រៀងនោះទេ។ ដ្បិតទាំងអាមេរិក និងអ៉ីរ៉ង់ជឿជាក់រៀងៗខ្លួនថាពេលវេលាកំពុងឈរនៅខាងពួកគេ ហើយការយល់ឃើញបែបនេះ កំពុងបង្កការរាំងស្ទះដល់ការឈានដល់កិច្ចព្រមព្រៀង។ 

មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បានប្រាប់ Reuters ថាតេហេរ៉ង់ចាត់ទុកស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួច និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ជាអាវុធស្នូលជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ដើម្បីអាចបន្តរស់រានមានជីវិត។ ក្នុងន័យនេះអ៉ីរ៉ង់មានការតាំងចិត្ត ក្នុងការប្រើប្រាស់អាវុធទាំងនោះដើម្បីធានាឱ្យបាននូវផលប្រយោជន៍របស់ខ្លួន។ «យើងប្រយុទ្ធ យើងអាចស្លាប់ ប៉ុន្តែយើងមិនទទួលយកភាពអាម៉ាសឡើយ ហើយការចុះចាញ់មិនមាននៅក្នុងវចនានុក្រមរបស់អ៉ីរ៉ង់ទេ»។ នេះជាការគូសបញ្ជាក់របស់មន្ត្រីអ៉ីរ៉ង់ដដែល។ 

* នៅលើឆាកធ្វើឬកហំ តែនៅពីក្រោយឆាក សេដ្ឋកិច្ចអ៉ីរ៉ង់កំពុងយ៉ាប់យ៉ឺន
ក្រុមមន្ត្រីអ៉ីរ៉ង់បានអះអាងថាប្រទេសរបស់ពួកគេបានយកឈ្នះលើសហរដ្ឋអាមេរិករួចទៅហើយ ដោយមិនមែនតាមរយៈកម្លាំងយោធានោះទេ តែឈ្នះដោយសារតែការជម្នះមិនព្រមចុះចាញ់។ ជាច្រើនសប្ដាហ៍នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល មិនអាចវាយបំបាក់ឆន្ទៈរបស់អ៉ីរ៉ង់បានទេ ផ្ទុយទៅវិញកាន់តែពង្រឹងការយល់ឃើញរបស់អ៉ីរ៉ង់ថាស្ដុកអ៊ុយរ៉ាញ៉ូម និងការគ្រប់គ្រងច្រកសមុទ្រ Hormuz នៅតែជាស្នូលដ៏សំខាន់នៃសមត្ថភាពកំញើញរបស់ខ្លួន។ ក្រុមមន្ត្រីអ៉ីរ៉ង់ ក៏បានអួតដែរថាការវាយប្រហារសាជាថ្មីនឹងមិនអាចផ្លាស់ប្ដូរការគិតរបស់អ៉ីរ៉ង់ បានឡើយ និងមានតែបង្កើនជម្លោះប៉ុណ្ណោះ ហើយអ៉ីរ៉ង់នឹងមិនបោះបង់ចោលសិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូម ឬឱនក្បាលចុះញ៉មនឹងការសម្លុតគំរាមពីសហរដ្ឋអាមេរិកដាច់ខាត។ 

នៅលើឆាក អ៉ីរ៉ង់ធ្វើឬកហំណាស់ តែនៅពីក្រោយលើឆាកឯណោះវិញ អ៉ីរ៉ង់កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ក្រុមមន្ត្រីអ៉ីរ៉ង់មួយចំនួនបានទទួលស្គាល់ការពិតថាតេហេរ៉ង់មិនចង់ បានសេណារីយ៉ូគ្មានសង្រ្គាម គ្មានសន្តិភាពនោះទេ ស្របពេលអតិផរណាកើនឡើងកាន់តែខ្ពស់ វិបត្តិគ្មានការងារធ្វើកាន់តែសភាពធ្ងន់ធ្ងរ រីឯការវាយប្រហារតាមផ្លូវអាកាសលើឧស្សាហកម្ម សំខាន់ៗ បានធ្វើឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់យ៉ាប់យ៉ឺនរួចទៅហើយ។ ក្រុមមន្ត្រីអ៉ីរ៉ង់ទាំងនោះក៏បាននិយាយដែរថាពួកគេចង់បានកិច្ចព្រមព្រៀងបឋមមួយដើម្បីបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅក្រោមការត្រួតពិនិត្យរបស់អ៉ីរ៉ង់ ជាថ្នូរទៅនឹងការលុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិក មុននឹងឈានទៅដល់ការដោះស្រាយបញ្ហាលំបាកៗដូចជាសំណុំរឿងនុយក្លេអ៊ែរ ការដក ឬបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ 

ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរវិញ ក្រុមមន្ត្រីអ៉ីរ៉ង់បានអះអាងថាតេហេរ៉ង់អាចនឹងពង្រាវស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ ៤៤០គីឡូក្រាម ឬបញ្ជូនទៅកាន់ប្រទេសទី៣ អាចជារុស្ស៉ី។ តែព្រមពេលជាមួយគ្នា ពួកគេបានបញ្ជាក់ថាអ៉ីរ៉ង់អាចនឹងប្រមូលយកអ៊ុយរ៉ាញ៉ូមមកវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបំពានកិច្ចព្រមព្រៀង។ អ៉ីរ៉ង់ក៏បានជំរុញផងដែរសម្រាប់ការបញ្ឈប់ការចម្រាញ់ អ៊ុយរ៉ាញ៉ូម តិចជាងរយៈពេល ២០ឆ្នាំដែលស្នើឡើងដោយវ៉ាស៊ីនតោន និងការប្រគល់ទ្រព្យសម្បត្តិត្រូវបានបង្កក ៣០ពាន់លានដុល្លារទៅឱ្យអ៉ីរ៉ង់វិញ។ មកទល់នឹងពេលនេះ សហរដ្ឋអាមេរិក បានច្រានចោលលក្ខខណ្ឌរបស់អ៉ីរ៉ង់។ 

ក្រុមអ្នកវិភាគជាច្រើន រួមទាំងអតីតមន្ត្រីអាមេរិកដូចជា លោក Aaron David Miller បាននិយាយថាការគ្រប់គ្រងច្រកសមុទ្រ Hormuz គឺជាគន្លឺដ៏សំខាន់ដែលនឹងកំណត់ពីបរាជ័យ ឬជោគជ័យរបស់សហរដ្ឋអាមេរិក។ លោក Miller បន្ថែមថាការបើកច្រកសមុទ្រ Hormuz ឡើងវិញដោយមិនមានការផ្សះផ្សានយោបាយ វានឹងតម្រូវឱ្យមានការកាន់កាប់រយៈពេលវែងលើ ច្រកសមុទ្រនេះជាមួយការធ្វើប្រតិបត្តិការកងទ័ពថ្មើរជើងដើម្បីគ្រប់គ្រងផ្នែកខ្លះនៃទឹកដីអ៉ីរ៉ង់ដែលស្ថិតនៅក្បែរច្រកសមុទ្រនេះ។ យល់ឃើញស្រដៀងគ្នានេះដែរ លោក Vaez បានសង្កត់ធ្ងន់ថា មិនមានដំណោះស្រាយយោធាសាមញ្ញណាមួយអាចដោះស្រាយវិបត្តិច្រកសមុទ្រ Hormuz បានទេ លើកលែងតែប្រតិបត្តិការដែលលះបង់ និងចំណាយដ៏ច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែ ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ប្រហែលជាមិនមែនជាជម្រើសរបស់លោក ត្រាំឡើយ។ ដូច្នេះហើយលោក Vaez ជឿថាការចរចានៅតែជាដំណោះស្រាយដ៏ប្រាកដប្រជាមួយ៕

0.000 SRY$0.00
Khmer Dispatch

Comments