Serey is utilizing Blockchain technology

អ្វីទៅជាអាវុធល្បឿនលឿនជាងសំឡេង?

(វ៉ាស៊ីនតោន)៖ «Hypersonic weapons» ឬអាវុធមានល្បឿនលឿនជាងសំឡេងជាប្រភេទអាវុធមានល្បឿនលឿនបំផុត ហើយល្បឿនរបស់វាធ្វើឱ្យម៉ូលេគុលខ្យល់ជុំវិញប្រែប្រួល។ អាវុធប្រភេទនេះ អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ ហោះនៅរយៈកម្ពស់ទាបដែលធ្វើឱ្យប្រព័ន្ធការពារដែនអាកាសបច្ចុប្បន្នពិបាកចាប់សញ្ញា។ ម្យ៉ាងដោយសារតែមានសក្តានុពលអាចកែប្រែសង្រ្គាមសម័យទំនើប អាវុធល្បឿនលឿនជាសំឡេង បាន និងកំពុងក្លាយជាកត្តាដ៏សំខាន់មួយនៅក្នុងការរត់ប្រណាំងសព្វាវុធរវាងសហរដ្ឋអាមេរិក ចិន និងរុស្ស៉ី។ ខណៈរុស្ស៉ី និងចិនអភិវឌ្ឍបាន និងដាក់ពង្រាយសម្រាប់ ការប្រើប្រាស់អាវុធល្បឿនលឿនជាងសំឡេងរួចទៅហើយ សហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាហាក់កំពុងតាមពីក្រោយប្រទេសទាំង២នៅឡើយ។ ក្រុមមន្ត្រីយោធាអាមេរិកកាលពីពេលថ្មីៗនេះ បានស្នើឱ្យដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេងឈ្មោះ Dark Eagle ទៅកាន់តំបន់មជ្ឈិមបូព៌ាសម្រាប់លទ្ធភាពប្រើប្រាស់ប្រឆាំងនឹងអ៉ីរ៉ង់ ហើយនេះអាចនឹងក្លាយជាលើកដំបូងដែល សហរដ្ឋអាមេរិកដាក់ពង្រាយអាវុធប្រភេទនេះ។ 

*​ អ្វីទៅជាអាវុធល្បឿនលឿនជាងសំឡេង
ជាធម្មតា អាវុធល្បឿនលឿនជាងសំឡេងត្រូវបានគេកំណត់និយមន័យថាជាអាវុធមានល្បឿនលឿន ហោះរយៈកម្ពស់ទាប និងអាចផ្លាស់ប្ដូរទិសបានយ៉ាងងាយស្រួលដែលធ្វើឱ្យ ប្រព័ន្ធការពារដែនអាកាសក្នុងពេលបច្ចុប្បន្នពិបាកចាប់សញ្ញា និងស្ទាក់ចាប់។ ខុសពីមីស៊ីលបាលិស្ទីគ អាវុធល្បឿនលឿនជាងសំឡេងមិនហោះតាមគន្លងខ្សែកោងដែលត្រូវបានកំណត់នោះទេ ហើយវាអាចប្ដូរទិសដៅបាននៅពេលកំពុងហោះតម្រង់ទៅរកគោលដៅ។ នេះបើតាម Congressional Research Service របស់សហរដ្ឋអាមេរិក។ 

ពាក្យថា «Hypersonic» ឬលឿនលឿនជាងសំឡេងត្រូវបានគេយកមកពិពណ៌នាពីល្បឿនដែលលឿនជាងសំឡេង ៥ដង។ នេះមានន័យថាអាវុធប្រភទនេះអាចហោះបានក្នុងល្បឿនយ៉ាងហោច ៦២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយដែលល្បឿនលឿនបែបនេះ អាចបង្កការលំបាកដល់រ៉ាដានៃប្រព័ន្ធខែលការពារមីស៊ីលក្នុងការចាប់សញ្ញា ឬក៏ស្ទាក់ចាប់ និងបំផ្លាញវាចោល។

* តើមីស៊ីលល្បឿនលឿនជាងសំឡេងមានប៉ុន្មានប្រភេទ?
វាត្រូវបានបែងចែកជាពីរប្រភេទសំខាន់បំផុត នោះគឺគ្រូសមីស៊ីល (cruise missile) និងអាវុធហោះសំកាំង (glide vehicles)។ ដោយសារមានបញ្ហាប្រឈមច្រើនក្នុងការអភិវឌ្ឍម៉ាស៊ីនដែលអាចរក្សាឱ្យមីស៊ីលហោះក្នុងល្បឿនលឿងជាងសំឡេង ការអភិវឌ្ឍភាគច្រើនគឺគេផ្ដោតសំខាន់លើអាវុធ glide vehicles ដែលជាធម្មតាត្រូវបានបាញ់ចេញពីមីស៊ីលបាលិស្ទីគ មុនវាផ្ដាច់ខ្លួនចេញ ហើយ ហោះសំកាំងទៅរកគោលដៅ។ មីស៊ីលគ្រូសល្បឿនលឿនជាងសំឡេងអាចត្រូវបានបាញ់ចេញពីអាកាស សមុទ្រ ឬដីគោក។ វាមានម៉ាស៊ីនម្យ៉ាងបង្កើតកម្លាំងរុញដែលគេស្គាល់ថា «scramjets» ដែលប្រើប្រាស់អុកស៊ីហ្សែននៅក្នុងខ្យល់ ដើម្បីដុតឥន្ធនៈបង្កើតជាកម្លាំងរុញកំឡុងពេលហោះហើរដែលអនុញ្ញាតឱ្យមីស៊ីលធ្វើដំណើរក្នុងល្បឿន និងរយៈកម្ពស់ឋេរមួយ។ 

* តើមានអាវុធល្បឿនលឿនជាងសំឡេងត្រូវបានប្រើក្នុងសមរភូមិដែរទេ? 
អ៊ុយក្រែនកាលពីដើមឆ្នាំ២០២៤ បានអះអាងថារុស្ស៉ីបានវាយប្រហារលើទីក្រុងកៀវដោយប្រើប្រាស់មីស៊ីល Tsirkon (Zircon) ជាប្រភេទមីស៊ីលគ្រូសល្បឿនលឿនជាសំឡេងបាញ់ចេញពី នាវាចម្បាំង និងមានសមត្ថភាពហោះក្នុងល្បឿនលឿនជាងសំឡេងចន្លោះពី៦ ដល់៨ដង។ រុស្ស៉ីក៏បាននិយាយដែរថាខ្លួនបានប្រើប្រាស់អាវុធ Hypersonic ឈ្មោះ Kinzhal នៅក្នុងសង្រ្គាមអ៊ុយក្រែន។ តែទោះជា Kinzhal អាចហោះក្នុងល្បឿន hypersonic ក៏ពិតមែន ក៏អ្នកជំនាញអាវុធបានចាត់ទុកថាមីស៊ីលប្រភេទនេះមិនមែនជាអាវុធល្បឿនលឿនជាងសំឡេង ពិតប្រាកដនោះទេ។ ពីព្រោះ Kinzhal គឺជាមីស៊ីលបាលិស្ទីគ ហើយស្ទើរតែគ្រប់មីស៊ីលបាលិស្ទីគទាំងអស់សុទ្ធតែអាចឈានដល់ Hypersonic នៅចំណុចណាមួយអំឡុងហោះឆ្ពោះទៅរក គោលដៅ។ ក្រៅពីរុស្ស៉ី ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន ក៏បានអះអាងដែរថាពួកគេបានប្រើមីស៊ីល Hypersonic វាយប្រហារលើអ៉ីស្រាអែល តែការអះអាង នេះមិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់ថាពិត ឬមិនពិតនោះទេ។ 

*តើប្រទេសណាខ្លះមានមីស៊ីលល្បឿនលឿនជាងសំឡេង?
បច្ចុប្បន្ន ចិន និងរុស្ស៉ីមានភាពរីកចម្រើនជាងគេក្នុងការអភិវឌ្ឍសមត្ថភាពអាវុធល្បឿនលឿនជាងសំឡេង តាមពីក្រោយដោយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារ US Defense Intelligence Agency បានវាយតម្លៃថាចិនមានអាវុធល្បឿនលឿនជាងសំឡេងប្រហែល ៦០០គ្រាប់នៅក្នុងឃ្លាំងអាវុធ ហើយអាចនឹងកើនដល់ ៤០០០គ្រាប់នៅឆ្នាំ២០៣៥។ ចំណែក​រុស្ស៉ីវិញ មានសេចក្ដីរាយការណ៍ខ្លះថាមានចន្លោះពី២០០ ទៅ៣០០គ្រាប់ និងខ្លះទៀតថាមាន ១០០០គ្រាប់។ តាមទីភ្នាក់ងារដដែល រុស្ស៉ីអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិកដោយប្រើប្រាស់មីស៊ីល hypersonic បាញ់ចេញពីយន្ដហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធបាញ់មីស៊ីលនៅលើដីគោក។ ចិនវិញមានសមត្ថភាពវាយប្រហារលើរដ្ឋ Alaska ដោយប្រើអាវុធ hypersonic glide vehicle បំពាក់ក្បាលគ្រាប់ធម្មតា។ ចក្រភពអង់គ្លេស អូស្ត្រាលី និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ២០២៤ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអាវុធ hypersonic ជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារជាតិមួយរវាងប្រទេសទាំង៣ ឬគេស្គាល់ថា Aukus។

ប្រទេសផ្សេងទៀតក៏កំពុងស្រាវជ្រាវលើបច្ចេកវិទ្យាអាវុធ hypersonic ផងដែររួមមាន ឥណ្ឌា ជប៉ុន បារាំង អាល្លឺម៉ង់ និងកូរ៉េខាងជើងដែលបានអះអាងថាបានធ្វើតេស្ដមីស៊ីល hypersonic។ អ៉ីរ៉ង់ក្នុងខែមិថុនា ឆ្នាំ២០២៣ បានសម្ញែងជាសាធារណៈនូវអាវុធដែលខ្លួនអះអាងថាជាមីស៊ីល hypersonic ផលិតដំបូងបំផុតនៅក្នុងស្រុក។ អ៉ីរ៉ង់ កាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក៏ប្រកាសផងដែរថាខ្លួនបានប្រើមីស៊ីលមានល្បឿនលឿនជាងសំឡេង Fattah-1 វាយប្រហារលើអ៉ីស្រាអែលអំឡុងសង្រ្គាម ១២ថ្ងៃ៕

0.000 SRY$0.00
Khmer Dispatch

Comments