(LOS ANGELES)៖ មនុស្ស ៨នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់សហរដ្ឋអាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះ ក្រោយហោះឡើងបានបន្តិចចេញពីមូលដ្ឋានទ័ពអាកាសមួយក្នុងរដ្ឋ California កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
យន្ដហោះទម្លាក់គ្រាប់បែក B-52 ខាងលើបានស្ថិតក្នុងការធ្វើតេស្ដបេសកកម្មហោះហើរជាប្រចាំ ដោយមានមន្ត្រីយោធា មន្ត្រីរដ្ឋាភិបាល និងអ្នកម៉ៅការស៊ីវិល ជិះនៅលើនោះ នៅពេលដែលយន្ដហោះនេះបានធ្លាក់ និងផ្ទុះឆេះនៅឯមូលដ្ឋានទ័ពអាកាស Edwards ស្ថិតនៅចម្ងាយ ៩៥គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុង Los Angeles។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកវរសេនីយ៍ឯក James Hayes បាននិយាយថា «មូលដ្ឋានទ័ពអាកាស Edwards បានពើបប្រទះនឹងសោកនាដកម្មដ៏រន្ធត់មួយ ហើយយើងបានបាត់បង់ជនជាតិអាមេរិកដ៏ឆ្នើម ៨នាក់»។
លោកបន្ថែមថា B-52 ដែលជាយន្ដហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយត្រូវបានប្រើប្រាស់ដោយយោធាអាមេរិកតាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក បានស្ថិតក្នុងការធ្វើតេស្ដហោះហើរជាមួយផ្នែកមួយនៃដំណើរការធ្វើទំនើបកម្មរ៉ាដា។ «B-52 បានហោះឡើង ហើយក្រោយហោះឡើងបានបន្តិចស្រាប់តែធ្លាក់ និងផ្ទុះឆេះ តែម្ដង»។ នេះជាការគូសបញ្ជាក់របស់លោក James Hayes។
គួរបញ្ជាក់ថា ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យយន្ដហោះ B-52 ធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងភ្លាមៗ។ B-52 ជាយន្ដហោះទម្លាក់បែកធុនធ្ងន់ ហើយបានហោះហើរជាលើកដំបូងក្នុងឆ្នាំ១៩៥៤។ យន្ដហោះនេះត្រូវបានផលិតឡើងត្រៀមសម្រាប់សង្រ្គាមជាយថាហេតុណាមួយជាមួយអតីតសហភាពសូវៀតកាលពីអំឡុងសម័យសង្រ្គាមត្រជាក់។
B-52 មានសមត្ថភាពហោះក្នុងរយៈចម្ងាយ ៨៨០០ miles ឬស្មើនឹង ១៤ ១៦០គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ B-52 ត្រូវបានប្រើប្រាស់ ក្នុងសង្រ្គាមដូចជានៅវៀតណាម តំបន់ឈូងសមុទ្រពែក្ស អ៉ីរ៉ាក់ អាហ្វហ្កានីស្ថាន និងក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ក្នុងឆ្នាំ២០២៦នេះ៕








Comments