(សិង្ហបុរី)៖ យោងតាមទិន្នន័យនាវាចរណ៍ពីស្ថាប័ន LSEG និង Kpler បានបង្ហាញថា នាវាដឹកប្រេងខ្នាតយក្សចំនួន ៣គ្រឿង បានធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូស នៅថ្ងៃពុធនេះ ដោយនាំយកប្រេងឆៅពីមជ្ឈិមបូព៌ាសរុប ៦លានធុង ឆ្ពោះទៅកាន់ទីផ្សារអាស៊ី បន្ទាប់ពីជាប់គាំងនៅក្នុងឈូងសមុទ្រអស់រយៈពេលជាង ២ខែមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាវាទាំងនេះស្ថិតក្នុងចំណោមនាវាតិចតួចបំផុត ដែលអាចចាកចេញពីតំបន់នោះ តាមរយៈគន្លងផ្លូវដែលប្រទេសអ៊ីរ៉ង់បានកំណត់ឱ្យប្រើប្រាស់។ គួររំលឹកថា សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលផ្ទុះឡើងតាំងពីចុងខែកុម្ភៈ បានធ្វើឱ្យការដឹកជញ្ជូនថាមពលតាមច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកផ្គត់ផ្គង់ប្រេងប្រមាណ ២០ភាគរយនៃពិភពលោក ត្រូវជាប់គាំងស្ទើរតែទាំងស្រុង។
ទិន្នន័យដដែលបានបញ្ជាក់ថា ក្នុងចំណោមនាវាទាំង ៣គ្រឿងនោះ មាននាវារបស់ចិនចំនួន ២គ្រឿងបានធ្វើដំណើរចេញមុន មុននឹងមាននាវាទង់ជាតិកូរ៉េខាងត្បូងឈ្មោះ Universal Winner ធ្វើដំណើរចេញតាមក្រោយ។ នាវាកូរ៉េខាងត្បូងនេះមានផ្ទុកប្រេងឆៅដែលទិញពីប្រទេសគូវ៉ែតចំនួន ២លានធុង ហើយបច្ចុប្បន្នកំពុងឆ្ពោះទៅកាន់ទីក្រុងអ៊ុលសាន (Ulsan) ដើម្បីប្រគល់ប្រេងឆៅទាំងនោះឱ្យរោងចក្រចម្រាញ់ប្រេង SK Energy ដ៏ធំបំផុតរបស់ខ្លួន ដោយរំពឹងថានឹងទៅដល់នៅថ្ងៃទី០៩ ខែមិថុនាខាងមុខ។ ទោះជាយ៉ាងណា ក្រុមហ៊ុន SK Energy និងក្រុមហ៊ុនម្ចាស់នាវា នៅមិនទាន់មានការឆ្លើយតបណាមួយទៅកាន់អ្នកសារព័ត៌មានជុំវិញករណីនេះនៅឡើយទេ៕




Comments