(ឡាហាវ៉ាន)៖ កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំគុយបា លោក Miguel Diaz-Canel បាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់កម្លាំងយោធាឈ្លានពានប្រទេសគុយបា គឺបានឈានដល់កម្រិតដ៏គ្រោះថ្នាក់មិនធ្លាប់មានពីមុនមក ហើយលោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើការឆ្លើយតប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ នៅរដ្ឋ Florida លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រទេសដែនកោះតំបន់ Caribbean មួយនេះ ក្នុងពេលឆាប់ៗ។ ជាការឆ្លើយតប លោក Diaz-Canel បានបង្ហោះសារថា «លោកប្រធានាធិបតីអាមេរិក កំពុងបង្កើនការគំរាមកំហែងយោធាប្រឆាំងគុយបា ដល់កម្រិតមួយដ៏គ្រោះថ្នាក់ និងមិនធ្លាប់មានពីមុនមក»។ លោកប្រធានាធិបតីគុយបា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ នាំគ្នាប្រកាន់ជំហរប្រឆាំងនឹង ទង្វើដែលលោកចាត់ទុកប្រៀបដូចជាទង្វើពួកឧក្រិដ្ឋជន។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ត្រាំ នៅរដ្ឋ Florida ធ្វើឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដែលសំដៅរឹតបន្តឹងថែមទៀត ចំពោះការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងឡាហាវ៉ាន។ លោក ត្រាំ ធ្លាប់បានលើកឡើងម្តងហើយម្តងទៀត អំពីបំណងគ្រប់គ្រងប្រទេសគុយបា ដែលស្ថិតនៅចម្ងាយត្រឹម១៤៥គីឡូម៉ែត្រពីរដ្ឋ Florida។ គុយបានបានបន្តស្ថិតក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ចាប់តាំងពីលោក Fidel Castro បានដឹកនាំបដិវត្តន៍កុម្មុយនីស្ត នៅប្រទេសដែនកោះនេះ កាលពីឆ្នាំ១៩៥៩៕





Comments