(Reuters)៖ ក្នុងបទសម្ភាសន៍មួយចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបង្ហាញក្តីសង្ឃឹមថានឹងអាចផ្តាច់អ៉ីស្រាអែលចេញពីការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ១០ឆ្នាំទៅមុខ ខណៈដែលប្រទេសរបស់លោកកំពុងជំរុញទំនាក់ទំនងជាមួយរដ្ឋឈូងសមុទ្រ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២៦។
លោកបានប្រាប់ CBS News យ៉ាងដូច្នេះថា «ខ្ញុំចង់ឱ្យជំនួយផ្នែកហិរញ្ញវត្ថុអាមេរិកចុះដល់កម្រិតសូន្យ គឺជំនួយធាតុផ្សំនៃកិច្ចសហប្រតិបត្តិការយោធាដែលយើងមាន»។
លោក Netanyahu ថាអ៉ីស្រាអែលទទួលជំនួយយោធាប្រហែល ៣,៨ពាន់លានដុល្លារពីអាមេរិកក្នុងមួយឆ្នាំ ហេីយគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៨ វានឹងមានចំនួនប្រហែល ៣៨ពាន់លានដុល្លារ។
«ប៉ុន្តែវាគឺជាពេលវេលាដ៏ត្រឹមត្រូវ ដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងហិរញ្ញវត្ថុរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ ខ្ញុំមិនចង់រង់ចាំដល់ការអនុម័តបន្ទាប់ពីសភាទេ ខ្ញុំចង់បានឥឡូវនេះ»។ នេះជាការបន្ថែមរបស់លោក Netanyahu។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានទទួលការយល់ស្របជាយូរមកហើយក្នុងចំណោមសមាជិកសភាទាំងពីរបក្ស នៅក្នុងព្រឹទ្ធសភាអាមេរិកសម្រាប់ជំនួយយោធា ប៉ុន្តែការគាំទ្រនេះហាក់រសាយ ចាប់តាំងពីផ្ទុះសង្រ្គាមហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣៕






Comments