Serey is utilizing Blockchain technology

កូរ៉េខាងត្បូង មានគោលដៅដាក់ចេញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ…

(សេអ៊ូល)៖ នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បាននិយាយថា កូរ៉េខាងត្បូង នឹងព្យាយាមដាក់ចេញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន ឱ្យបាននៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ក្រោមកម្មវិធីថ្មីមួយ ដែលមានគោលដៅទប់ទល់ ការគំរាមកំហែងមីស៉ីលនិងនុយក្លេអ៊ែរ ដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Ahn បានបន្តថា នាវាមុជទឹកខាងលើនឹងប្រើប្រាស់ឥន្ធនៈអ៊ុយរ៉ាញ៉ូមដែលចម្រាញ់កម្រិតទាប ហើយនាវានោះនឹងត្រូវអភិវឌ្ឍ ក៏ដូចជាសាងសង់នៅកូរ៉េខាងត្បូង។ លោកបានគូសបញ្ជាក់ថា កម្មវិធីនេះនឹងពឹងផ្អែក​លើឧស្សាហកម្មនុយក្លេអ៊ែរ​​ ឧស្សាហកម្មផលិតនាវា និងឧស្សាកម្មការពារជាតិរបស់កូរ៉េខាងត្បូងផ្ទាល់ ហើយទន្ទឹមគ្នានោះ នឹងបន្តរក្សាការប្តេជ្ញារបស់ទីក្រុងសេអ៊ូល ចំពោះការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

លោករដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានបន្តថា ទីក្រុងសេអ៊ូលនឹងធ្វើការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អំឡុងដំណើរការនៃការទទួលបានឥន្ធនៈអ៊ុយរ៉ាញ៉ូម ដើម្បីធានាការមិនរីកសាយនុយក្លេអ៊ែរ ហើយក៏នឹងសហការផងដែរជាមួយ​ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA។ បើតាមលោក Ahn ផែនការខាងលើ មានគោលដៅចង់ឱ្យនាវាមុជទឹក១គ្រឿងដំបូង សាងសង់រួចហើយដាក់ចេញ នៅខ្ទង់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ព្រមទាំងអាចធ្វើប្រតិបត្តិការជាផ្លូវការ នៅអំឡុងពេលប៉ុន្មានឆ្នាំ ​បន្ទាប់ពីនោះ។

គួរបញ្ជាក់ថា តាមរដ្ឋាភិបាលកូរ៉េខាងត្បូង ម៉ាស៉ីននុយក្លេអ៊ែរនឹងផ្តល់ឱ្យនាវាមុជទឹកស៊េរីថ្មីក្រោមកម្មវិធីខាងលើ នូវសមត្ថភាពស្ថិតក្នុង​ផ្ទៃទឹកបានរយៈពេលយូរខ្លាំង ហើយធានានូវចល័តភាពប្រសើរឆ្ងាយជាងមុន ធៀបនឹងនាវាមុជទឹកធម្មតាៗ ដែលទីក្រុងសេអ៊ូលមានសព្វថ្ងៃ៕

911.476 SRY$0.00
Khmer Dispatch

Comments