(គូឡាឡាំពួរ)៖ វិបត្តិច្រកសមុទ្រ Hormuz ដែលកំពុងបង្កការរាំងស្ទះដល់ការដឹកជញ្ជូនប្រេង បាន និងកំពុងបង្កើនការព្រួយបារម្ភអំពីច្រកសមុទ្រដ៏សំខាន់មួយផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ នោះគឺ ច្រកសមុទ្រ Malacca។ ការព្រួយបារម្ភ និងចំណាប់អារម្មណ៍ទៅលើច្រកសមុទ្រ Malacca បានកើនសន្ទុះ បន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់ដោយអ៉ីរ៉ង់ជាការសងសឹកទៅនឹងការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ ការព្រួយបារម្ភបានកើនឡើងរឹតតែខ្លាំង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់បានលើកឡើងពីបំណងចង់យកថ្លៃឆ្លងកាត់ច្រកសមុទ្រ Malacca តែនៅទីបំផុតទៅបានប្ដូរចិត្តវិញ។
ចំណែកក្រុមមន្ត្រីក្នុងតំបន់បានគូសបញ្ជាក់ឡើងវិញថាច្រកសមុទ្រ Malacca នឹងនៅតែបន្តបើកចំហសម្រាប់ការធ្វើដំណើរឆ្លងកាត់ដោយមិនគិតថ្លៃ។ តែទោះជាបែបនេះក្ដី អ្វីដែលបានកើតឡើងលើច្រកសមុទ្រ Hormuz វាបានបង្ហាញរួចទៅហើយថាសេដ្ឋកិច្ចពិភពលោកងាយនឹងរង្គោះរង្គើរក្នុងករណីដែលការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយរងការរំខាន ឬត្រូវបានបិទខ្ទប់។
* សារៈសំខាន់នៃច្រកសមុទ្រ Malacca
Malacca ជាច្រកសមុទ្រមមារញឹក និងដ៏សំខាន់បំផុតមួយជាទីដែលចរាចរណ៍ពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ពិភពលោកប្រមាណ ២០ភាគរយត្រូវឆ្លងកាត់ ក្នុងនោះភាគច្រើនជាប្រេងដែលដឹកទៅកាន់ កូរ៉េខាងត្បូង ជប៉ុន ជាពិសេសគឺចិន ដែលបានចាត់ទុកច្រកសមុទ្រជាផ្លូវទឹកដ៏សំខាន់មួយមិនអាចខ្វះបាន។ នេះមានន័យថាមហាអំណាចធំៗក្នុងតំបន់អាស៊ីសុទ្ធតែពឹងផ្អែកលើច្រកសមុទ្រ Malacca។ ច្រកសមុទ្រនេះលាតសន្ធឹងប្រវែង ៨០៥គីឡូម៉ែត្រ និងនៅចំណុចតូចបំផុតមានទទឹងត្រឹមតែ ២.៧គីឡូម៉ែត្រប៉ុណ្ណោះ។ Malacca ស្ថិតនៅចន្លោះម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងថៃ ហើយជាផ្លូវតភ្ជាប់ មហាសមុទ្រឥណ្ឌាជាមួយសមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិក ព្រមទាំងផ្ដល់ផ្លូវកាត់មួយនៅចន្លោះរវាងមជ្ឈិមបូព៌ា និងអាស៊ីខាងកើត។ ដូច្នេះទើប Malacca ក្លាយជាផ្លូវទឹកមួយ ដ៏សំខាន់មិនអាចខ្វះបាន។
បើតាមនាយកដ្ឋានដែនសមុទ្ររបស់ម៉ាឡេស៊ី កប៉ាល់ច្រើនជាង ១០២ ៥០០គ្រឿងបានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Malacca ក្នុងឆ្នាំ២០២៥ បើធៀបទៅនឹងឆ្នាំ២០២៤ មាន ៩៤ ៣០០គ្រឿង។ ទំនិញដែលដឹកតាមកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Malacca គឺជាទំនិញចម្រុះ ក្នុងនោះមានប្រេងឆៅ ឧស្ម័នធម្មជាតិ ធ្យូងថ្ម ប្រេងដូង និងទំនិញច្រើនប្រភេទផ្សេងទៀត។ រដ្ឋបាលព័ត៌មានថាមពលរបស់ សហរដ្ឋអាមេរិក ក៏បានឱ្យដឹងដែរថានៅឆមាសទី១ ក្នុងឆ្នាំ២០២៥ ក្នុងមួយថ្ងៃៗ មានប្រេងប្រមាណ ២៣.២លានបារែលត្រូវបានដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រ Malacca ហើយប្រេងភាគច្រើន ត្រូវដឹកទៅកាន់ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ប្រេងឆ្លងកាត់ច្រកសមុទ្រ Malacca លើសបរិមាណប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ទៅទៀត ដោយគិតត្រឹមរយៈពេលដូចគ្នា មានប្រេង២០.៩លានបារែល ត្រូវបានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងមួយថ្ងៃ។
* តើនរណាគ្រប់គ្រងលើច្រកសមុទ្រ Malacca?
ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីមានព្រំដែនជាប់ច្រកសមុទ្រ Malacca និងបានអនុវត្តអធិបតេយ្យលើដែនទឹករបស់ពួកគេដែលអាចពង្រីកចម្ងាយ ១២ម៉ាយយ៍ ឬ២២គីឡូម៉ែត្រពីឆ្នេរសមុទ្រ អនុលោមតាម អនុញ្ញាស្ដីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ។ ប្រទេសទាំង៣ បានបង្កើតក្របខណ្ឌការងារត្រីភាគីមួយក្នុងឆ្នាំ១៩៧១ ដើម្បីសម្របសម្រួលការគ្រប់គ្រងលើច្រកសមុទ្រ Malacca។ ព្រមពេលជាមួយគ្នា Malacca ត្រូវបានចាត់ទុកជាច្រកសមុទ្រអន្តរជាតិដែលនេះមានន័យថាកប៉ាល់ និងយន្ដហោះអាចធ្វើដំណើរឆ្លងកាត់ដោយឥតគិតថ្លៃ និងមិនមានការរំខាន។
នៅក្រោមច្បាប់សមុទ្រអន្តរជាតិ ប្រទេសនៅជាប់ច្រកសមុទ្រអន្តរជាតិ មិនអាចបិទផ្លូវ ឬុយកថ្លៃឆ្លងកាត់ពីកប៉ាល់នោះទេ។ ប៉ុន្តែពួកគេអាចយកថ្លៃសេវាដូចជាការអូសកប៉ាល់ដែលជាប់គាំង ឬសេវាប្រើប្រាស់កំពង់ផែ របស់ពួកគេ។ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី រួមជាមួយថៃបានធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាការពារសន្តិសុខ និងសុវត្ថិភាពក្នុងតំបន់ច្រកសមុទ្រ Malacca ក្នុងនោះរួមមានទាំងប្រតិបត្តិការប្រឆាំងចោរសមុទ្រ និងការល្បាតរួមគ្នា។ មិនមានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងផ្ដាច់មុខលើច្រកសមុទ្រ Malacca នោះទេ តែទីតាំងភូមិសាស្ត្រដែលនៅជិតច្រកសមុទ្រនេះបានផ្ដល់ឥទ្ធិពលដល់ពួកគេគ្របដណ្ដប់លើផ្លូវទឹក ដ៏សំខាន់បំផុតមួយរបស់ពិភពលោកមួយនេះ។
* ហេតុអ្វីវិបត្តិ Hormuz បង្កការព្រួយបារម្ភដល់ Malacca?
ការគំរាមកំហែងដល់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានបង្ហាញឱ្យឃើញថាតើច្រកសមុទ្រដ៏តូចមួយអាចក្លាយជាចំណុចក្ដៅភូមិសាស្ត្រនយោបាយបានយ៉ាងលឿនរហ័ស និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើរបានយ៉ាងដូចម្ដេច? រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បានលើកឡើងពីគំនិតចង់យកថ្លៃឆ្លងកាត់ពីកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca ដូចគ្នាដែលអ៉ីរ៉ង់ បានទារថ្លៃឆ្លងកាត់ច្រកសមុទ្រ Hormuz។ តែឥណ្ឌូណេស៊ីបានដូរចិត្តវិញភ្លាមៗ។ សិង្ហបុរីបានធ្វើការឆ្លើយតបយ៉ាងលឿនជាមួយការសង្កត់ធ្ងន់ថាច្រកសមុទ្រ Malacca ត្រូវតែបន្តបើកចំហ និងឥតគិតថ្លៃសម្រាប់ ការធ្វើនាវាចរអន្តរជាតិ។ ម៉ាឡេស៊ីវិញក៏បានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃការបន្តរក្សាការធ្វើដំណើរឆ្លងកាត់ដោយគ្មានរំខានដែលនេះបានឆ្លុះបញ្ចាំងពីផលប្រយោជន៍រួមក្នុងចំណោមប្រទេសទាំង៣ ក្នុងការថែរក្សា ការធ្វើចរាចរក្នុងតំបន់ច្រកសមុទ្រ Malacca។ វិបត្តិច្រកសមុទ្រ Hormuz ក៏បានធ្វើឱ្យថៃចាប់ផ្ដើមគិតឡើងវិញពីគោលដៅយូរអង្វែងមួយរបស់ខ្លួនក្នុងការសាងសង់ផ្លូវហាយវ៉េ និងផ្លូវដែកនៅទូទាំង ឧបទ្វីបខាងត្បូងរបស់ខ្លួន ដើម្បីមានផ្លូវវាងជំនួសច្រកសមុទ្រ Malacca និងកាត់បន្ថយរយៈពេលធ្វើដំណើរ។ ប៉ុន្តែគម្រោងមួយនេះមានភាពស្មុគស្មាញទាំងខាងដឹកជញ្ជូន និងហិរញ្ញវត្ថុ។
* ហេតុអ្វី Malacca មានសារៈសំខាន់ចំពោះចិន?
ចិនស្ថិតនៅក្នុងចំណោមប្រទេសដែលងាយរងផលប៉ះពាល់ខ្លាំងបំផុតទៅនឹងហានិភ័យណាមួយនៅក្នុងច្រកសមុទ្រ Malacca។ ចិនជាប្រទេសនាំចូលប្រេងធំជាងគេបំផុតមួយនៅលើពិភពលោក ហើយភាគច្រើន នៃប្រេងនាំចូលទាំងនោះត្រូវបានដឹកតាមសមុទ្រ និងឆ្លងកាត់ច្រកសមុទ្រ។ ភាពងាយរងគ្រោះនេះហើយ បានជំរុញឱ្យចិនប្រឹងប្រែងធ្វើពិពិធកម្មផ្លូវ និងមធ្យោបាយផ្គត់ផ្គង់ក្នុងនោះរួមមានការសាងសង់បំពង់បង្ហូរប្រេង ពីតំបន់អាស៊ីកណ្ដាល និងរុស្ស៉ី ព្រមទាំងបង្កើនការវិនិយោគលើវិស័យថាមពលបៃតង និងបង្កើតច្រករបៀងថ្មីៗនៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវក្នុងនោះដូចជានៅមីយ៉ាន់ម៉ាជាដើម។ តែយ៉ាងណាក៏ដោយ ការដឹកជញ្ជូនតាមសមុទ្រនៅតែជាចំណុចកណ្ដាលនៃសេដ្ឋកិច្ចរបស់ចិនដែលនេះមានន័យថាសេដ្ឋកិច្ចចិននឹងងាយរងគ្រោះ ប្រសិនបើអស្ថិរភាពណាមួយកើតឡើងក្នុងច្រកសមុទ្រ Malacca។
មេដឹកនាំចិនជាយូរណាស់មកហើយ បានសម្លឹងឃើញច្រកសមុទ្រ Malacca ជាផ្លូវទឹកយុទ្ធសាស្ត្រមួយមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចចិន តែងាយរងគ្រោះក្នុងករណីមានជម្លោះផ្ទុះឡើង។ ការព្រួយបារម្ភរបស់ ប៉េកាំងជាញឹកញាប់ ត្រូវបានគេផ្សាភ្ជាប់ទៅនឹងពាក្យ «វិបត្តិ Malacca ឬ Malacca Dilemma» ជាពាក្យដ៏ពេញនិយមដែលត្រូវបានប្រើប្រាស់អំឡុងអាណត្តិជាប្រធានាធិបតីចិនរបស់លោក Hu Jintao នៅដើមទសវត្សរ៍ឆ្នាំ២០០០។ វិបត្តិណាមួយក្នុងច្រកសមុទ្រ Malacca អាចនឹងកាន់តែបង្កភាពស្មុគស្មាញដល់ចិន ដោយសារតែជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងរវាងប៉េកាំង និងបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់។ ផ្លូវទឹកក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានប្រើប្រាស់សម្រាប់ការផ្ទេរប្រេងពីកប៉ាល់មួយទៅកប៉ាល់មួយ ហើយនេះជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីអាចលក់ប្រេងដែលជាប់ទណ្ឌកម្មទៅកាន់ទីផ្សារអាស៊ី ក្នុងនោះរួមមានចិនផងដែរ។ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្តមសេនីយ៍ Dan Caine បាននិយាយថាយោធាអាមេរិកនឹងបន្តតាមប្រមាញ់យ៉ាងសកម្មលើកប៉ាល់ទាំងឡាយណាដែលព្យាយាមផ្គត់ផ្គង់ការគាំទ្រជាសម្ភារៈទៅឱ្យអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ផងដែរ៕









Comments