(Reuters)៖ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ៤ភាគរយវិញ បន្ទាប់ពីយោធាអាមេរិក បើកការវាយប្រហារថ្មីលើអ៉ីរ៉ង់ ដែលនាំឱ្យក្តីសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពបើកច្រកសមុទ្រ Hormuz ឡើងវិញ ត្រូវរលាយបាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។
កាលពីដើមសប្តាហ៍ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះអស់ ៧ភាគរយទៅហើយ គឺមកនៅកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី២០ ខែមេសា។ ប៉ុន្តែមកដល់ថ្ងៃអង្គារវាបានហក់ឡើងសារជាថ្មី ដោយមានតម្លៃ ៩៩.៥៨ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើងវិញ ៣.៦ភាគរយ។
អ៉ីរ៉ង់ បានចោទប្រកាន់ថា សហរដ្ឋអាមេរិកបំពានបទឈប់បាញ់ តាមរយៈការវាយប្រហារដែលវ៉ាសីនតោន ហៅថាជាការការពារខ្លួន លើភាគខាងត្បូងប្រទេសអ៉ីរ៉ង់។ ជាច្រើនលើកច្រើនសារក្រុមមន្ត្រីអាមេរិកនិយាយថា ពួកគេជិតដល់កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះទាំងស្រុងហើយ ប៉ុន្តែជាក់ស្តែងគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបាន លើសពីបទឈប់បាញ់បណ្តោះអាសន្ន ដែលអាចត្រឹមកាត់បន្ថយការវាយប្រហារនោះទេ៕






Comments