(ប៉ារីស)៖ នាថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នឹងព្យាយាមស្វែងរកចំណុចរួម ដើម្បីដោះស្រាយភាពតានតឹងផ្នែកសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសម្របសម្រួលលើការផ្គត់ផ្គង់រ៉ែកម្រ ទោះជាភាពខុសគ្នាខាងភូមិសាស្ត្រនយោបាយ កំពុងធ្វើតេស្តលើសាមគ្គីភាពរបស់ G7 ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចពិភាក្សារយៈពេលពីរថ្ងៃ ធ្វើឡើងក្រោយជំនួបកំពូលនៃប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៉ី ជីនពីង នៅទីក្រុងប៉េកាំង។ ស្នូលនៃរបៀបវារៈទីក្រុងប៉ារីស នឹងផ្តោតលើអ្វីដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Roland Lescure ពិពណ៌នាថាជាអតុល្យភាពសេដ្ឋកិច្ចពិភពលោកយ៉ាងជ្រាលជ្រៅ ដែលកំពុងរុញឱ្យពាណិជ្ជកម្មប៉ះទង្គិចគ្នា ក៏ដូចជាប្រឈមមុខនឹងហានិភ័យ នៃភាពច្របូកច្របល់ក្នុងទីផ្សារហិរញ្ញវត្ថុ។
លោក Lescure ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានេះ បាននិយាយថា G7 នាំមកនូវឱកាស សម្រាប់ការសន្ទនាដោយស្មោះត្រង់ ក្នុងចំណោមសម្ព័ន្ធមិត្ត នៅពេលកំពុងមានការខ្វែងគំនិតគ្នាខ្លាំង ជាមួយទីក្រុងវ៉ាស៉ីនតោន។
បណ្តារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G7 នឹងស្វែងរកព័ត៌មានថ្មីៗ អំពីទំនាក់ទំនងរវាងអាមេរិក និងចិន បន្ទាប់ពីជំនួបកំពូលនោះ រួមទាំងកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលការអនុញ្ញាតឱ្យទិញប្រេងរុស្ស៉ីជាប់ទណ្ឌកម្ម ពីសំណាក់រដ្ឋបាលលោក ត្រាំ ត្រូវផុតកំណត់ នាថ្ងៃសៅរ៍នេះ៕



Comments