(បែរឡាំង)៖ ការប្រកាសពីបទឈប់បាញ់រយៈពេល ២សប្ដាហ៍រវាងអ៉ីរ៉ង់ អ៉ីស្រាអែល និងសហរដ្ឋអាមេរិក បានផ្អាកសង្រ្គាមជាបណ្ដោះអាសន្ន បន្ទាប់ពីការវាយប្រហារ និងការសងសឹកដាក់គ្នាយ៉ាងសាហាវ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ មកទល់នឹងម៉ោងនេះ បើទោះជាមានបទឈប់បាញ់ជាមួយអ៉ីរ៉ង់ក៏ពិតមែន អ៉ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកលើក្រុមហេសបូឡាលីបង់ដែលជាសម្ព័ន្ធមិត្ត របស់អ៉ីរ៉ង់ ធ្វើឱ្យបទឈប់បាញ់កាន់តែមានភាពផុយស្រួយ។ ជាទឹស្ត្រី គេច្រើននិយាយថាគ្មាននរណាម្នាក់ឈ្នះក្នុងសង្រ្គាមនោះទេ រីឯអ្នកដែលរងគ្រោះពីភ្នក់ភ្លើងសង្រ្គាមតែងតែជាប្រជាជនស៊ីវិលជានិច្ច។ តាមក្រុមអ្នកជំនាញ សង្រ្គាមអ៉ីរ៉ង់បានផ្លាស់ប្ដូរនយោបាយពិភពលោក ព្រមទាំងបង្កផលប៉ះពាល់ដល់ទីផ្សារថាមពល និងឥទ្ធិពលរបស់ពួកមហាអំណាចនៅជុំវិញពិភពលោក ពោលគឺសង្រ្គាមអ៉ីរ៉ង់មិនមែន បង្កផលវិបាកតែនៅក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ។ ដូច្នេះនៅក្នុងសង្រ្គាមជាង ៤០ថ្ងៃមកនេះ មាននរណាចំណេញ នរណាខាត?
* របបដឹកនាំអ៉ីរ៉ង់៖ ទ្រោម តែមិនទាន់ដួល
ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើមអស្ចារ្យប្រឆាំងនឹងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងអ៉ីរ៉ង់។ បើតាម អង្គការសិទ្ធិមនុស្ស HRANA មានមូលដ្ឋាននៅសហរដ្ឋអាមេរិក មនុស្សច្រើនជាង ៣៦០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលនៅក្នុងប្រទេសអ៉ីរ៉ង់។ ក្នុងចំណោម អ្នកស្លាប់ទាំងនោះទៀតសោត រួមមានទាំងមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមនុស្ស ១៦៥នាក់ភាគច្រើនជាក្មេងស្រី ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយត្រូវចំ សាលារៀនសិស្សស្រីមួយកន្លែងរបស់អ៉ីរ៉ង់។ ទោះជាបាត់បង់មេដឹកនាំកំពូលរបស់ខ្លួនក៏ដោយ ប្រព័ន្ធនយោបាយស្នូលរបស់អ៉ីរ៉ង់នៅតែអាចដំណើរការបានដដែល។ «មិនមានសកម្មភាពណាមួយឆ្ពោះទៅរក ការផ្លាស់ប្ដូររបបដឹកនាំនោះទេ ហើយក៏មិនមានសកម្មភាពឆ្ពោះទៅរកការរំដោះប្រជាជនអ៉ីរ៉ង់ដូចដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាមថាជាគោលដៅមួយ របស់សហរដ្ឋអាមេរិកក៏ដោយ»។ នេះជាការលើកឡើងរបស់លោក Ian Bremmer ជាអ្នកវិភាគនយោបាយធាមេរិកម្នាក់ និងជាប្រធានស្ថាប័ន Eurasia Group។
ជាការឆ្លើយតប របបដឹកនាំអ៉ីរ៉ង់បានជ្រើសរើសយកជំហានមួយប្រថុយនឹងគ្រោះថ្នាក់ នោះគឺការបិទច្រកសមុទ្រ Hormuz មួយផ្នែកធំ ធ្វើឱ្យតម្លៃប្រេងសាកលឡើងថ្លៃ និងបង្កើនសម្ពាធលើអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ យុទ្ធសាស្ត្រនេះបានហុចផលឱ្យអ៉ីរ៉ង់មែន ដោយវាជួយឱ្យតេហេរ៉ង់សម្រេចបានបទឈប់បាញ់ដោយមិនចាំបាច់សារភាពចុះចាញ់ ហើយបានប្រើប្រាស់បទឈប់បាញ់នេះអះអាងពី ជ័យជម្នះ និងជាភស្តុតាងមួយបង្ហាញថាពួកគេមានសមត្ថភាពប្រឈមមុខជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ ក្នុងន័យនេះរបបដឹកនាំតេហេរ៉ង់នៅតែមានជីវិតរស់មាន ហើយអាចនឹងទិញពេលវេលាដើម្បី ព្យាយាមពង្រឹងជំហររបស់ខ្លួននៅឯតុចរចាជាមួយសហរដ្ឋអាមេរិក។
* សហរដ្ឋអាមេរិក៖ ឈ្នះលើសមរភូមិ តែខាតនយោបាយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកបទឈប់បាញ់ ២សប្ដាហ៍ជាមួយអ៉ីរ៉ង់ជាជ័យជម្នះទាំងស្រុង និងពេញលេញមួយសម្រាប់សហរដ្ឋអាមេរិក។ ប៉ុន្តែក្រុមវិភាគជាច្រើនយល់ផ្សេងពីនេះ។ លោក Ian Bremmer យល់ថាជាពិតណាស់ សហរដ្ឋអាមេរិកសម្រេចបានគោលដៅមួយចំនួន។ «ប្រសិនបើអ្នកពិនិត្យលើការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបង្កការខូចខាតដល់សមត្ថភាពយោធា សមត្ថភាពមីស៊ីលបាលិស្ទីគ និងកងទ័ពជើងទឹករបស់អ៉ីរ៉ង់ នោះគេឃើញថាសមត្ថភាពយោធាអ៉ីរ៉ង់ពិតជាចុះខ្សោយ បើធៀបទៅនឹងមុនពេលសង្រ្គាមផ្ទុះឡើង»។ នេះបើតាមលោក Bremmer។ ផ្នែកជាច្រើន នៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ក៏រងការខូចខាតយ៉ាងដំណំផងដែរ។ ទាំងអស់នេះពិតជាមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិក ព្រោះវាស៊ីគ្នាទៅនឹងអ្វីដែលលោក ត្រាំ បានអះអាងថាជាគោលដៅដ៏ចម្បងមួយ នោះគឺ រារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែក្នុងពេលដំណាលគ្នា សហរដ្ឋអាមេរិកក៏រងការខាតបង់ដែរ។ ការវាយប្រហាររបស់អ៉ីរ៉ង់បានបង្កការខូចខាត ឬបំផ្លាញប្រព័ន្ធរ៉ាដា និងយន្ដហោះចម្បាំងដែលគិតជា ទឹកប្រាក់សរុបរាប់ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិក ក្នុងនាមជាអ្នកការពារសន្តិសុខឱ្យបណ្ដាប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្របានរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពី អ៉ីរ៉ង់អាចវាយប្រហារដោយជោគជ័យមិនត្រឹមតែលើមូលដ្ឋានទ័ពអាមេរិកប៉ុណ្ណោះ តែថែមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់បណ្ដាប្រទេសទាំងនោះ។ លើសពីនេះទៅទៀត សង្រ្គាមជាមួយអ៉ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាមេរិកប្រេះឆាទំនាក់ទំនងជាមួយអឺរ៉ុប និង NATO រហូតដល់ថ្នាក់លោក ត្រាំ គំរាមដកសហរដ្ឋអាមេរិកចេញពីបក្សសម្ព័ន្ធយោធាមួយនេះ។ សហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងជួបចរចា ជាមួយអ៉ីរ៉ង់ តែសង្រ្គាមមិនបានផ្លាស់ប្ដូរអ៉ីរ៉ង់តាមអ្វីដែលលោក ត្រាំចង់បាននោះទេ ខណៈមុខមាត់របស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិក្នុងពេលបច្ចុប្បន្នមិនសូវជាល្អប៉ុន្មាននោះទេ ចាប់តាំពីងលោក ត្រាំ បញ្ជាឱ្យកុម្ម៉ង់ដូរអាមេរិកចូលទៅចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងយុទ្ធនាការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន រួមទាំងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ដែលក្រុមអ្នកច្បាប់អន្តរជាតិមួយចំនួនយល់ថាជាទង្វើបំពានលើច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់ UN។
* អ៉ីស្រាអែល៖ ឈ្នះយុទ្ធសាស្ត្រ តែប្រឈមហានិភ័យរយៈពេលវែង
អ៉ីស្រាអែលពិតជាបានធ្វើឱ្យសមត្ថភាពយោធាអ៉ីរ៉ង់ចុះខ្សោយ ហើយបង្ហាញឱ្យគេបានឃើញថាខ្លួនមានសមត្ថភាពវាយប្រហារហួសឆ្ងាយពីព្រំដែនរបស់ខ្លួន និងបន្តរីករាយជាមួយការគាំទ្រយ៉ាងរឹងមាំពី សហរដ្ឋអាមេរិក។ ប៉ុន្តែសង្រ្គាមជាមួយអ៉ីរ៉ង់បានបង្ហាញថាអ៉ីស្រាអែលក៏ងាយរងគ្រោះដូចគ្នាដែរ។ មីស៊ីលអ៉ីរ៉ង់អាចទម្លុះខែលប្រឆាំងមីស៊ីលរបស់អ៉ីស្រាអែលដែលជាទូទៅត្រូវបានគេចាត់ទុកជាមហាកំពែងដ៏រឹងមាំ ដោយសម្លាប់មនុស្សច្រើនជាង ៣០នាក់។ ការគំរាមកំហែងពីអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តប្រដាប់អាវុធរបស់អ៉ីរ៉ង់ចំពោះអ៉ីស្រាអែលក៏មិនទាន់រលាយទាំងស្រុងនោះដែរ។ លោក Fawaz Gerges ជាសាស្ត្រាចារ្យម្នាក់ មកពីសាកលវិទ្យាល័យ London School of Economics បានកត់សម្គាល់ថាអ៉ីស្រាអែលអាចនឹងងើបចេញពីសង្រ្គាមអ៉ីរ៉ង់ជាមួយការថមថយចុះឥទ្ធិពល។ ការធ្លាក់ចុះឥទ្ធិពលនៅទីនេះ បើតាមសាស្ត្រាចារ្យរូបនេះ គឺចង់សំដៅលើនយោបាយ និងការទូត ដោយបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រទំនងជាមិនសូវចាប់អារម្មណ៍ពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយអ៉ីស្រាអែលឡើយ។
* ចិន៖ ចំណេញរយៈពេលវែង
លោក Bremmer យល់ថាចិនទទួលបានផលចំណេញរយៈវែងពីសង្រ្គាមអ៉ីរ៉ង់ ក៏ព្រោះតែសហរដ្ឋអាមេរិកបានដកប្រព័ន្ធអាវុធ និងបរិក្ខារយោធាជាច្រើនចេញពីតំបន់អាស៊ី បញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បី គាំទ្រដល់សង្រ្គាមប្រឆាំងអ៉ីរ៉ង់ និងការពារកប៉ាល់ដឹកប្រេងនៅក្បែរច្រកសមុទ្រ Hormuz។ ការធ្វើបែបនេះបានធ្វើឱ្យធនធានយោធារបស់សហរដ្ឋអាមេរិកថយចុះក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាទីដែលវ៉ាស៊ីនតោន និងប៉េកាំងកំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នា។ លោក ត្រាំ បានបញ្ជាក់នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ថាយោធាអាមេរិកនឹងបន្តឈរជើងនៅក្បែរអ៉ីរ៉ង់ រហូតទាល់តែសម្រេចបានកិច្ចព្រមព្រៀងពិតប្រាកដ។ លោក Bremmer បានពន្យល់ទៀតថា «ចិនមិនមែនកំពុងទទួលផលចំណេញ ដោយសារគ្រាន់តែសហរដ្ឋអាមេរិកបានបង្វែរការផ្ដោតចេញពីអាស៊ីប៉ុណ្ណោះទេ តែក៏ដោយសារតែសហរដ្ឋអាមេរិកខ្លួនឯង បានធ្វើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនលែងសូវទុកចិត្តផងដែរ»។ នៅលើឆាកអន្តរជាតិវិញ ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង ប៉េកាំងបានអំពាវនាវឱ្យមានការអត់ធ្មត់ និងបានស្វាគមន៍បទឈប់បាញ់ជាមួយការព្យាយាម បង្ហាញឱ្យគេបានឃើញថាខ្លួនគឺជាមហាអំណាចមួយប្រកបដោយការទទួលខុសត្រូវ។
* រុស្ស៉ី៖ បានចំណេញពីស្ថានការណ៍ចលាចល
សង្រ្គាមអ៉ីរ៉ង់ផ្ដល់ផលចំណេញដល់រុស្ស៉ីនៅក្រោមរូបភាពជាច្រើន។ ក្នុងនោះតម្លៃថាមពលឡើងថ្លៃបានជំរុញប្រាក់ចំណូលរបស់រុស្ស៉ី ក្នុងពេលដែលកញ្ចប់ថវិកាជាតិរបស់ខ្លួនកំពុងស្ថិតនៅក្រោមសម្ពាធពី លោកខាងលិចដោយសារសង្រ្គាមនៅអ៊ុយក្រែន ក្នុងបរិបទដែលទណ្ឌកម្មប្រឆាំងរុស្ស៉ីត្រូវបានបន្ធូរបន្ថយជាបណ្ដោះអាសន្ន ខណៈបណ្ដាប្រទេសជាច្រើនកំពុងស្វះស្វែងទិញប្រេងពីរុស្ស៉ី។ ទោះជាតម្លៃប្រេង បានធ្លាក់ថ្លៃក្រោយមានបទឈប់បាញ់ក៏ពិតមែន ក៏រុស្ស៉ីនៅតែទទួលបានផលចំណេញនៅក្រោមរូបភាពផ្សេងទៀត នោះគឺពិភពលោកបានបង្វែរការចាប់អារម្មណ៍ចេញពីសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន ទៅផ្ដោតលើសង្រ្គាមអ៉ីរ៉ង់។ កាន់តែពិសេសទៅទៀត ដោយសារតែសហរដ្ឋអាមេរិកបានបញ្ជូនបរិក្ខារយោធា និងប្រព័ន្ធអាវុធយ៉ាងច្រើនទៅកាន់តំបន់ឈូងសមុទ្រ ដូច្នេះអ៊ុយក្រែនប្រហែលជាកាន់តែពិបាក ឬមិនអាចទទួលបានប្រព័ន្ធអាវុធដែលខ្លួនត្រូវការជាចាំបាច់នោះទេ។ នេះបើតាមលោក Bremmer។ អ្នកជំនាញរូបនេះបន្ថែមថាអ្វីដែលជាការខាតបង់ចំពោះរុស្ស៉ី គឺការចុះខ្សោយរបស់អ៉ីរ៉ង់ក៏អាចធ្វើឱ្យ ឥទ្ធិពលរបស់រុស្ស៉ីក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែចុះខ្សោយថែមទៀតផងដែរ។
* ប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ៖ លាភនៅក្នុងគ្រោះ
ជាការសងសឹកទៅនឹងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល អ៉ីរ៉ង់បានបើកការវាយប្រហារលើអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ឈូងសមុទ្រ។ ការវាយប្រហាររបស់អ៉ីរ៉ង់ប�����នធ្វើឱ្យ រោងចក្រថាមពលជាច្រើនមានតម្លៃរាប់ពាន់លានដុល្លាររងការខូចខាត និងបំផ្លាញអារម្មណ៍មានសុវត្ថិភាពនៅក្នុងបណ្ដាប្រទេសអារ៉ាប់។ ប៉ុន្តែមានប្រទេសមួយចំនួននៅតែទទួលបានផលចំណេញពីសង្រ្គាមអ៉ីរ៉ង់។ តួយ៉ាងដូចជាអារ៉ាប៊ីសាអូឌីតបានប្រើប្រាស់ផ្លូវផ្សេងក្រៅពីច្រកសមុទ្រ Hormuz ក្នុងការបន្តរក្សាលំហូរប្រេងមួយចំនួនធំ កាត់តាមបំពង់បង្ហូរប្រេង East‑West Pipeline របស់ខ្លួន ឆ្ពោះទៅកាន់សមុទ្រក្រហម ដើម្បីលក់បន្តទៅកាន់ទីផ្សារពិភពលោក។ «ចំណូលរបស់អារ៉ាប៊ីសាអូឌីតបានកើនឡើងគួរឱ្យកត់សម្គាល់ ពីព្រោះពួកគេនៅតែអាចលក់ប្រេងចេញ ហើយខណៈតម្លៃប្រេងឡើងថ្លៃ ចំណូលក៏កើនឡើងដែរ»។ នេះជាការគូសបញ្ជាក់របស់លោក Bremmer។ ចំណែកប្រទេសផ្សេងទៀត ដូចជាអេមីរ៉ាតរ៉ាប់រួមដែលរងការវាយប្រហារច្រើនជាងគេពីអ៉ីរ៉ង់ក្នុងចំណោមប្រទេសអារ៉ាប់ផ្សេងទៀត មើលទៅរៀងខាតធ្ងន់ជាងគេ។ អេមីរ៉ាតអារ៉ាប់រួមពឹងផ្អែកយ៉ាងខ្លាំងលើពលករបរទេស និងអ្នកវិនិយោគ។ លោក Bremmer បានបន្តទៀតថា ៩០ភាគរយនៃប្រជាជនអេមីរ៉ាតអារ៉ាប់រួមជាង ១០លាននាក់គឺជាជនបរទេស ហើយកន្លងមក ពួកគេតែងតែចាត់ទុកថាអេមីរ៉ាតអារ៉ាប់រួមជាឋានសួគ៌សុវត្ថិភាពសម្រាប់ពួកគេ។ ម្លោះហើយការភ័យខ្លាចអំពីសន្តិសុខ និងសុវត្ថិភាពបាន និងកំពុងបំផ្លាញមុខមាត់ជាឋានសួគ៌នៃសុវត្តិភាពដែលជាសសរស្ដុម្ភ ដ៏សំខាន់មួយនៃគំរូសេដ្ឋកិច្ចរបស់អេមីរ៉ាតអារ៉ាប់រួម។
* អឺរ៉ុប៖ ខាតទាំងសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក
ការឡើងថ្លៃថាមពលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជន និងឧស្សាហកម្មក្នុងតំបន់អឺរ៉ុប ដូចគ្នាទៅនឹងបណ្ដាប្រទេសជាច្រើនផ្សេងនៅជុំវិញពិភពលោកដែរ ក្នុងពេលដែលសេដ្ឋកិច្ចអឺរ៉ុបកំពុងមាន បញ្ហាស្រាប់ផងនោះ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺសង្រ្គាមអ៉ីរ៉ង់បានធ្វើឱ្យទំនាក់ទំនងរបស់អឺរ៉ុប និង NATO ជាមួយសហរដ្ឋអាមេរិកប្រេះឆាទៅវិញ ដោយសារតែរដ្ឋាភិបាលអឺរ៉ុបបានបដិសេធផ្ដល់ការគាំទ្រ ដល់សង្រ្គាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់។ ក្នុងនោះមានប្រទេសអឺរ៉ុបខ្លះជាសមាជិក NATO បានបិទដែនអាកាសមិនឱ្យយោធាអាមេរិកប្រើប្រាស់ក្នុងប្រតិបត្តិការវាយប្រហារលើអ៉ីរ៉ង់។ លោក ត្រាំ បានឆ្លើយតបទាំងកំហឹង និងគំរាមម្ដងហើយម្ដងទៀតថានឹងដកសហរដ្ឋអាមេរិកចេញពី NATO។ លោក ត្រាំ ថែមទាំងបានឌឺដងផ្លែផ្កាផងដែរថាបើគ្មានសហរដ្ឋអាមេរិកទេ NATO គ្រាន់តែខ្លាក្រដាសប៉ុណ្ណោះ។
* ប៉ាគីស្ថាន៖ លេចមុខជាអ្នកសម្របសម្រួល
ប៉ាគីស្ថានបានដើរតួនាទីយ៉ាងសំខាន់ក្នុងជួយសម្របសម្រួលឱ្យមានបទឈប់បាញ់២សប្ដាហ៍ និងកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ សម្រាប់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បទឈប់បាញ់នេះគឺជាជ័យជម្នះខាងការទូតដ៏ធំមួយ។ ប៉ាគីស្ថានមានទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនផង និងជាមួយអ៉ីរ៉ង់ផង ហើយបានដើរតួនាទីជាអន្តរការីនាំសាររបស់ ប្រទេសទាំង២ នៅពីក្រោយឆាកជាច្រើនសប្ដាហ៍មកហើយ។ ការណ៍នេះបានពង្រឹងតួនាទីរបស់ប៉ាគីស្ថានក្នុងនាមជាអ្នកសម្របសម្រួលមួយក្នុងតំបន់ ហើយនេះមិនមែនជារឿងល្អសម្រាប់ឥណ្ឌាដែលជាគូសត្រូវ របស់ប៉ាគីស្ថាននោះទេ៕










Comments