(យូអិន)៖ កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា រូបលោកសង្ឃឹមថា ភាគីក្នុងជម្លោះអ៉ីរ៉ង់នឹងនៅតែបន្តប្តេជ្ញាគាំទ្របទឈប់បាញ់ ហើយធ្វើសម្បទានទៅវិញទៅមក ដើម្បីនាំសន្តិភាពត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុង New York ក្រោយធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក Wang បានលើកឡើងដូច្នេះថា «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងអាចនៅតែប្តេជ្ញាគាំទ្របទឈប់បាញ់ ហើយបន្តធ្វើសម្បទានទៅវិញទៅមក ដើម្បីសន្តិភាពអាចត្រឡប់មកវិញ នៅតំបន់មជ្ឈិមបូព៌ា ឱ្យបានឆាប់តាមតែអាចទៅរួច»។
ជាចុងក្រោយ ប្រមុខការទូតចិន បានគូសបញ្ជាក់ថា«ដូចដែលយើងបាននិយាយម្តងហើយម្តងទៀត គឺវាត្រូវប្រើពេលច្រើនជាងថ្ងៃត្រជាក់ត្រឹមតែ១ថ្ងៃ ដើម្បីបង្កកទឹកកកកម្រាស់១ម៉ែត្រ ហើយបញ្ហាដែលកើតមានយូរអង្វែងមកហើយ គឺមិនអាចដោះស្រាយក្នុងពេលត្រឹម១យប់នោះទេ។ ទោះជាបែបនេះក៏ដោយ រាល់ជំហានឆ្ពោះទៅមុខក្នុងកិច្ចប្រឹងប្រែងចរចា នាំមកនូវក្តីសង្ឃឹមបន្ថែមសម្រាប់សន្តិភាព ហើយបើជម្លោះចប់កាន់តែលឿន គឺមានន័យថា ចំនួនជនស្លូតត្រង់ដែលអាចរងគ្រោះ ក៏ត្រូវបានកាត់បន្ថយផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អ៉ីរ៉ង់បានចោទសហរដ្ឋអាមេរិក អំពីការបំពានបទឈប់បាញ់ បន្ទាប់ពីយោធាអាមេរិក បានបើកការវាយប្រហារថ្មីមួយ នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ការចរចារកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាផ្លូវការ អាចនឹងចំណាយពេលប៉ុន្មានថ្ងៃទៀត៕






Comments