Serey is utilizing Blockchain technology

តើលោក Lai Ching-te លែងអាចចេញពីកោះតៃវ៉ាន់ហើយឬ?

(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានប្រកាសលុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេស្វាទីនី ដែលជាសម្ព័ន្ធមិត្តតែ ១គត់​របស់ តៃវ៉ាន់នៅទ្វីបអាហ្រ្វិក បន្ទាប់ពីប្រទេសអាហ្រ្វិក៣ផ្សេងទៀត រួមមាន Seychelles Mauritius និង Madagascar សុខៗស្រាប់តែលុបចោលការអនុញ្ញាតឱ្យយន្តហោះរបស់លោក ហោះធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ។

ទាំងសហរដ្ឋអាមេរិក និងតៃវ៉ាន់បានរិះគន់នូវអ្វីដែលខ្លួនហៅថាជា «យុទ្ធនាការសម្លុតគំរាម» របស់ចិនដើម្បីបំផ្លាញគម្រោងទស្សនកិច្ចរបស់លោក Lai Ching-te។ ចិនវិញកាលពីថ្ងៃទី២២ ខែមេសា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបណ្តាប្រទេសអាហ្វ្រិក ដែលបានលុបចោលការផ្តល់សិទ្ធិហោះហើរសម្រាប់ទស្សនកិច្ចរបស់លោក Lai ដែលគ្រោងធ្វើឡើងក្នុងសប្តាហ៍នេះ ថាជាការអនុវត្តតាមគោលការណ៍ចិនតែមួយ។ ក្ន​ងពេលមេដឹកនាំតៃវ៉ាន់លុបចោលដំណើរទស្សនកិច្ច នៅឯទីក្រុងប៉េកាំងឯណោះវិញ លោកប្រធានាធិបតីចិន ស៊ី ជីនពីងបានទទួលស្វាគមន៍ប្រធានាធិបតីម៉ូសំប៊ិក លោក Daniel Francisco Chapo នាឱកាសនៃការបំពេញដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន។ 

បើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក Chapo បាននិយាយអំឡុងកិច្ចពិភាក្សាជាមួយលោក ស៊ី ជីនពីងថាលោកពិតជាសប្បាយចិត្តណាស់ បានក្លាយជាមេដឹកនាំអាហ្វ្រិកដំបូងគេដែលបានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំនេះ ហើយថាម៉ូសំប៊ិកនឹងអនុវត្តតាមដោយគ្មានលក្ខខណ្ឌនូវគោលការណ៍ចិនតែមួយ ក៏ដូចជាគាំទ្រដល់ចិនក្នុងកិច្ចការបង្រួបបង្រួមជាតិ។ 

ខណៈមេដឹកនាំតៃវ៉ាន់ខកចិត្តដែលមិនអាចធ្វើដំណើរទស្សនកិច្ច លោក ស៊ី ជីនពីងបានទទួលស្វាគមន៍មេដឹកនាំបរទេសជាបន្តបន្ទាប់ដែលនាំគ្នាសម្រុកធ្វើទស្សនកិច្ចទៅចិនក្នុងឆ្នាំ២០២៦នេះ។ នេះបានបង្ហាញពីភាពខុសគ្នាដាច់នៃអំំណាចរវាងចិន និងតៃវ៉ាន់។ 

* បញ្ហាប្រឈម និងការបាត់បង់សម្ព័ន្ធមិត្តម្ដងមួយៗ 
កោះតៃវ៉ាន់ក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះបានបាត់សម្ព័ន្ធមិត្តម្ដងមួយៗដែលបានងាកទៅភ្ជាប់ទំនាក់ទំនងការទូតជាមួយប៉េកាំង។ អេស្វាទីនីជាកូនប្រទេសតូចមួយនៅភាគខាងត្បូងទ្វីបអាហ្រ្វិក និងស្ថិតក្នុងចំណោមប្រទេសត្រឹម ១២ប៉ុណ្ណោះនៅលើពិភពលោកដែលបន្តរក្សាទំនាក់ទំនងផ្លូវការ���ាមួយកោះតៃវ៉ាន់។ ព្រះមហាក្សត្រអេស្វាទីនី ព្រះអង្គ Mswati បានយាងបំពេញទស្សនកិច្ចទៅកាន់ តៃវ៉ាន់ ដើម្បីចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Lai កាលពីឆ្នាំ២០២៤។ លើកចុងក្រោយ ដែលមេដឹកនាំតៃវ៉ាន់បានទៅបំពេញទស្សនកិច្ចនៅអេស្វាទីនី គឺកាលពីឆ្នាំ២០២៣ នៅពេល អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរទៅកាន់ប្រទេសអាហ្រ្វិកមួយនេះ ដែលគ្មានព្រំដែនជាប់សមុទ្រ និងមានប្រជាជនប្រមាណ១.៣លាននាក់។ 

កាលពីអតីតកាល ដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ទៅកាន់តំបន់អាហ្វ្រិកមិនសូវមានប្រតិកម្មតបតធ្ងន់ៗពីចិនទេ។ ផ្ទុយទៅវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ទៅកាន់បណ្ដាប្រទេសជា សម្ព័ន្ធមិត្តរបស់តៃវ៉ាន់ក្នុងតំបន់អាមេរិឡាទីន ទើបជាបញ្ហាចោទដ៏ចម្រូងចម្រាស ក៏ព្រោះតែនៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិកឡាទីន មេដឹកនាំតៃវ៉ាន់ជារឿយៗតែងតែត្រូវធ្វើការឈប់សំចតនៅ សហរដ្ឋអាមេរិកសិន មុននឹងបន្តដំណើរទៅទៀត។ ប្រសិនបើអ្វីដែលតៃវ៉ាន់បានអះអាងគឺជាការពិត នោះការរារាំងរបស់ចិនមិនឱ្យលោក Lai ធ្វើទស្សនកិច្ចទៅកាន់អាហ្វ្រិកបាននិងកំពុងកាត់ផ្ដាច់តៃវ៉ាន់ និងមេដឹកនាំរបស់ដែនកោះមួយនេះពីឆាកអន្តរជាតិ។ នៅថ��ងៃទី២២ ខែមេសា ជាការឆ្លើយតបទៅនឹងសំណួរពីក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់បាននិយាយនៅលើគេហទំព័រ ផ្លូវការរបស់ខ្លួនថា «ច្បាស់ណាស់ វាមិនមានទៀតឡើយនូវអ្វីដែលគេហៅថាប្រធានាធិបតីនៃសាធារណរដ្ឋចិន (តៃវ៉ាន់) នៅក្នុងពិភពលោក»។ 

ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ដោយផ្អែកលើ ប្រភពពីក្រុមមន្ត្រីសន្តិសុខតៃវ៉ាន់ ទីក្រុងប៉េកាំងបានដាក់សម្ពាធលើប្រទេស Seychelles, Mauritius និង Madagascar ជាបណ្ដាប្រទេសដែលយន្ដហោះរបស់លោក Lai ត្រូវហោះឆ្លងកាត់ ឆ្ពោះទៅកាន់ប្រទេសអេស្វាទីនី តាមរយៈការសម្លុតគំរាមសេដ្ឋកិច្ច ក្នុងនោះរួមមានទាំងការគំរាមលុបចោលការបន្ធូរបន្ថយបំណុល បញ្ឈប់ការផ្ដល់ជំនួយហិរញ្ញវត្ថុ និងអាចឈានដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ 

ដូច្នេះប្រសិនបើអ្វីដែលតៃវ៉ាន់និយាយគឺជាការពិត នោះដរាបណាសហរដ្ឋអាមេរិកមិនធ្វើអន្តរាគមន៍ទេ វានឹងមិនមែនជារឿងភ្ញាក់ផ្អើលឡើយដែលលោក Lai អាចនឹងក្លាយជាមេដឹកនាំម្នាក់របស់តៃវ៉ាន់ ដែលមិនអាចធ្វើទស្សនកិច្ចទៅបរទេសអំឡុងអាណត្តិរបស់លោក។ ជាមួយការប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួនដើម្បីដាក់សម្ពាធ និងខ្ចីដៃប្រទេសទី៣ រាំងខ្ទប់ដំណើររបស់លោក Lai បានដោយជោគជ័យ ចិនអាចនឹងបន្តប្រើប្រាស់វិធីសាស្ត្រនេះជាថ្មីនៅពេលអនាគត។ ម្យ៉ាងវិញទៀត អ្វីៗនឹងត្រូវបានបង្ហាញកាន់តែច្បាស់ នៅពេលដែលការអនុគ្រោះពន្ធគយសូន្យភាគរយរបស់ចិនសម្រាប់ បណ្ដាប្រទេសចំនួន៥៣នៅទូទាំងតំបន់អាហ្វ្រិក លើកលែងតែប្រទេសអេស្វាទីនីមួយចេញ ចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

បច្ចុប្បន្នក្រៅពីអេស្វាទីនី តៃវ៉ាន់នៅសល់សម្ព័ន្ធមិត្តដែលមានទំនាក់ទំនងការទូតផ្លូវជាមួយខ្លួនដូចជា បុរី Vatican ប្រទេសដែនកោះ Marshall Islands, Palau, Tuvalu Belize, Guatemala, Haiti, Saint Kitts and Nevis, Saint Lucia, Saint Vincent and the Grenadines និង Paraguay។ សហរដ្ឋអាមេរិកនៅតែមានឥទ្ធិពលយ៉ាងធំក្នុងតំបន់អាមេរិកឡាទីន និងអូសេអានី ដូច្នេះប្រសិនបើការមានការគាំទ្រ និងជួយពីសហរដ្ឋអាមេរិក លោក Lai អាចនឹងនៅតែមានឱកាសធ្វើទស្សនកិច្ចរបស់លោក។ 

លោក Lai បានធ្វើដំណើរទស្សនកិច្ចទៅបរទេសលើកចុងក្រោយបំផុត នៅចន្លោះពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូ ឆ្នាំ២០២៤។ តែចាប់តាំងពីពេលនោះមក លោកមិនដែលធ្វើទស្សនកិច្ចចេញពីកោះតៃវ៉ាន់ នោះទេ។ ចាប់តាំងពីឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់កាលពីខែឧសភា ឆ្នាំ២០២៤មក លោក Lai បានចំណាយពេលជាង ៧០០ថ្ងៃក្នុងការកាន់អំណាចដោយមិនបានធ្វើដំណើរឈប់សំចត ឬឆ្លងកាត់ សហរដ្ឋអាមេរិកឡើយ ជាទម្លាប់មួយដែលមេដឹកនាំតៃវ៉ាន់តែងតែអនុវត្ត។ ការបិទខ្ទប់ដំណើរទស្សនកិច្ចរបស់លោក Lai ទៅកាន់អេស្វាទីនីបានដោយជោគជ័យក៏អាចនឹងធ្វើឱ្យចិនមើលឃើញដែរថា សហរដ្ឋអាមេរិក ឬជប៉ុន មានការប្រុងប្រយ័ត្នចំពោះការបង្ហាញជំហរគាំទ្រតៃវ៉ាន់ ក្នុងបរិបទដែលលោក ដូណាល់ ត្រាំ ត្រៀមធ្វើទស្សនកិច្ចទៅចិននៅខែឧសភាខាងមុខ រីឯជប៉ុនកំពុងជាប់រវល់ដោះស្រាយ វិបត្តិថាមពលបង្កឡើងដោយសង្រ្គាមអ៉ីរ៉ង់។ មានន័យថាក្នុងកាលៈទេសៈដ៏សំខាន់បែបនេះ ទាំងអាមេរិក និងជប៉ុនសុទ្ធតែមានបំណងបញ្ចៀសភាពតានតឹងជាមួយចិន៕

574.377 SRY$0.00
Khmer Dispatch

Comments