(រីយ៉ាដ)៖ ក្រុមឧទ្ទាមហ៊ូទីមានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារដោយបាញ់មីស៊ីលលើអារ៉ាប៊ីសាអូឌីត បន្ទាប់ពី ចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងរីយ៉ាដបានវាយប្រហារលើអាកាសយានដ្ឋានមួយកន្លែង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដែលនេះជាការបំបែកភាពស្ងប់ស្ងាត់នៅក្រោមបទឈប់បាញ់ ៤ឆ្នាំមកនេះ ក្នុងជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាមេកើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យម្នាក់នៃក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានឱ្យដឹងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាអារ៉ាប៊ីសាអូឌីតបានបាញ់ស្ទាក់មីស៊ីលដែលបាញ់ចេញដោយក្រុមភេរវករហ៊ូទី ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេស។ ព្រមពេលជាមួយគ្នា លោក Yahya Saree អ្នកនាំពាក្យរបស់ក្រុមហ៊ូទី ក៏បានទទួលស្គាល់ដែរថាពួកគេបានបើកការវាយប្រហារដោយកំណត់គោលដៅលើអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Abha របស់អារ៉ាប៊ីសាអូឌីត។ Abha ជារាជធានីមួយនៃតំបន់ភ្នំភាគខាងត្បូងជាប់ព្រំដែនជាមួយយេម៉ែន និងជាកន្លែងដ៏ពេញនិយមមួយដែលប្រជាជនអារ៉ាប៊ីសាអូឌីតចូលចិត្តទៅសម្រាកលំហែកាយគេចពីអាកាសធាតុក្ដៅ។
ការវាយប្រហាររបស់ក្រុមហ៊ូទីធ្វើឡើងជាលើកដំបូងបំផុត ចាប់តាំងពីមានបទឈប់បាញ់ក្រៅផ្លូវការមួយរវាងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមមួយនេះបានចូលជាធរមានកាលពីខែមីនា ឆ្នាំ២០២២។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្រុមហ៊ូទីដែលកំពុងគ្រប់គ្រងតំបន់ភាគខាងជើងនៃប្រទេសយេម៉ែន បានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថាបានវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងសាណា (Sanaa) និងសន្យាសងសឹកវិញ។ ក្រុមហ៊ូទីបានចាត់ទុកការវាយប្រហារកាលពីថ្ងៃចន្ទជាទង្វើឈ្លានពានយ៉ាងគឃ្លើនដែលបានបំផ្លាញភាពស្ងប់ស្ងាត់នៃការបន្ធូរបន្ថយជម្លោះ។ ហ៊ូទីក៏បានព្រមានដែរដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយចៀសវាងការធ្វើដំណើរក្នុងដែនអាកាសអារ៉ាប៊ីសាអូឌីត រហូតទាល់តែការរឹតត្បិតទាំងឡាយលើអាកាសយាដ្ឋាន សាណាត្រូវបានដកចេញ។
ការវាយប្រហារលើអាកាសយានដ្ឋានសាណាត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិ និងមានអារ៉ាប៊ីសាអូឌីតជាខ្នងបង្អែក។ ក្រសួងការពារជាតិយេម៉ែនបានអះអាងថាផ្លូវរត់នៅឯអាកាសយានដ្ឋានសាណាត្រូវបានកំណត់ជាគោលដៅនៃការវាយប្រហារ ក្នុងគោលបំណងដើម្បីរារាំងកុំឱ្យយន្ដហោះមួយគ្រឿងរបស់អ៉ីរ៉ង់ចុះចតទាំងបំពានលើអធិបតេយ្យយេម៉ែន៕





