(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ថាលោកបានស្នើចង់ជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំងនាសប្ដាហ៍នេះ ឬក៏នៅសហរដ្ឋអាមេរិក ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងចេញពីព្រះវិហារបុរាណមួយក្នុងទីក្រុងកៀវដែលបានរងការខូចខាតដោយសារការវាយប្រហារពីរុស្ស៉ី លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិក បានឯកភាពថានឹងអញ្ជើញលោក ពូទីន ឱ្យចូលរួមកិច្ចប្រជុំកំពូល G7 ក្នុងតំបន់ Evian-les-Bains ដែលចាប់ផ្ដើមប្រព្រឹត្តទៅកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
«យើងបានបញ្ជូនសារថាយើងបានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ក្នុងកិច្ចប្រជុំកំពូល G7 ក៏ព្រោះតែលោក ត្រាំ និងលោក ម៉ាក្រុង ក៏ស្ថិតនៅទីនោះដែរ... ខ្ញុំគិតថានេះជាឱកាសល្អមួយដើម្បីជួបជុំទាំងអស់គ្នាតែម្ដង»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។ ប៉ុន្មានម៉ោងក្រោយ ក្នុងសារមួយបង្ហោះលើ Telegram លោក ហ្សេលេនស្គីបាននិយាយថារូបលោកផ្ទាល់បានស្នើទៅកាន់លោក ដូណាល់ ត្រាំ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងថារូបលោក និងលោក ពូទីន គួរតែអាចជួបគ្នានៅក្នុងសហរដ្ឋអាមេរិក។
«កាលពីម្សិលមិញ (ថ្ងៃអាទិត្យ) ខ្ញុំបានពិភាក្សាជាមួយលោកប្រធានាធិបតី ត្រាំ ជំនួបជាមួយ លោក ពូទីន គួរតែអាចត្រូវបានរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក ដ្បិតកិច្ចប្រជុំមួយធ្វើឡើងនៅលើទឹកដីអាមេរិក នឹងធ្វើឱ្យលោក ពូទីនពិបាកប្រកែក ព្រោះថា បើប្រកែក វាដូចជាជំទាស់ទៅនឹងលោក ត្រាំដែរ»។ នេះជាការបន្ថែមរបស់លោកប្រធានាធិបតីអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីដើមខែមិថុនានេះ លោក ហ្សេលេនស្គី ក៏បានបបួលលោក ពូទីន ជួបគ្នាផងដែរ។ តែជាការឆ្លើយតប លោក ពូទីន បាននិយាយថាលោកមើលមិនឃើញមានហេតុផលដែលរូបលោកត្រូវជួបលោក ហ្សេលេនស្គីនោះទេក្នុងពេលបច្ចុប្បន្ន៕





Comments