(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាខ្មាន់កាំភ្លើងម្នាក់ដែលបានបើកការបាញ់ប្រហារលើមន្ត្រីកងអង្គរក្សប្រធានាធិបតី នៅខាងក្រៅសេតវិមាន កាលពីថ្ងៃល្ងាចថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ បានស្លាប់ហើយ បន្ទាប់ពីរងរបួសធ្ងន់ក្នុងការបាញ់តដៃជាមួយប៉ូលិស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម កងអង្គរក្សប្រធានាធិបតីអាមេរិក Secret Service បានបញ្ជាក់ទៀតថាជនសង្ស័យម្នាក់បានចូលទៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យ ស្ថិតនៅលើផ្លូវទី១៧ និងរុក្ខវិថី Pennsylvania ក្បែរសេតវិមាន ហើយក្រោយមក រូបគេស្រាប់តែដកកាំភ្លើងចេញពីកាបូប និងចាប់ផ្ដើមបាញ់ប្រហារលើក្រុមមន្ត្រីប៉ូលិស។
តាមសេចក្ដីថ្លែងការណ៍ដដែល បន្ទាប់ពីខ្មាន់កាំភ្លើងបើកការបាញ់ប្រហារលើមន្ត្រីប៉ូលិសនៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្បែរសេតវិមាន មន្ត្រីប៉ូលិសនៃកងអង្គរក្សប្រធានាធិបតីបានបាញ់ តបតដោយបាញ់ត្រូវជនសង្ស័យ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាទីដែលរូបគេត្រូវបានប្រកាសថាបានស្លាប់ ខណៈអ្នកដំណើរម្នាក់ក៏បានរងរបួសដោយសារតែ គ្រាប់កាំភ្លើងផងដែរ។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក ជនសង្ស័យខាងលើត្រូវបានកំណត់អត្តសញ្ញាណថាជាមនុស្សមានបញ្ហាផ្លូវចិត្ត ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីកំណត់ពីមូលហេតុ នៅពីក្រោយការបាញ់ប្រហារ។ អង្គរក្សប្រធានាធិបតីបានបញ្ជាក់ថាមិនមានមន្ត្រីរបស់ខ្លួនណាម្នាក់រងរបួសនោះទេ នៅក្នុងករណីបាញ់ប្រហារខាងលើដែលបានកើតឡើងចំពេល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្នុងសេតវិមានដើម្បីពិភាក្សាជាមួយក្រុមមន្ត្រីរបស់លោកជុំវិញកិច្ចចរចាជាមួយអ៉ីរ៉ង់៕








Comments