(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នាថ្ងៃព្រហស្បតិ៍នេះបានច្រានចោលរបាយការណ៍ស៊ើបអង្កេតមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចោទប្រកាន់ថា កងទ័ពចិនបានលួចលាក់ហ្វឹកហ្វឺនទាហានរុស្ស៊ីប្រមាណ ២០០នាក់ កាលពីចុងឆ្នាំមុន ដោយក្នុងនោះមានទាហានខ្លះបានចេញទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមឯកសារកិច្ចព្រមព្រៀងរុស្ស៊ី-ចិន កាលពីខែកក្កដា ឆ្នាំ២០២៥ ដែល Reuters ទទួលបាន បានបង្ហាញថា ទាហានរុស្ស៊ីប្រហែល ២០០នាក់ ត្រូវទទួលបានការហ្វឹកហ្វឺននៅតាមមូលដ្ឋានយោធាចិន រួមមាននៅក្នុងរដ្ឋធានីប៉េកាំង និងទីក្រុងណានជីង។
ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានឆ្លើយតបថា ព័ត៌មាននេះគឺមិនពិតឡើយ ដោយលោកបានចោទប្រកាន់ថា បណ្តាសារព័ត៌មាននៅអឺរ៉ុប និងសហរដ្ឋអាមេរិក តែងតែចុះផ្សាយព័ត៌មានមិនពិតជាច្រើន ហើយសាធារណជនមិនត្រូវជឿជាក់ភ្លាមៗឡើយ៕




Comments